ការធ្វើអត្តឃាតនៅប្រទេសជប៉ុនបានធ្លាក់ចុះនៅក្នុងពេលCOVID-19
យោងតាមអ្នកស្រាវជ្រាវបានអោយដឹងថា ចំនួនមនុស្សដែលបានសំលាប់ខ្លួន (ធ្វើអត្តឃាត) ពីខែកុម្ភៈដល់ខែមិថុនាគឺធ្លាក់ចុះ ១៣.៥ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលមធ្យម។ពួកគេនិយាយថា«ការកាត់បន្ថយម៉ោងធ្វើការ និងការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលដែលអាចបន្ធូរបន្ថយសម្ពាធ និងរួមចំណែកដល់ការថយចុះនេះ»។
ការសិក្សាថ្មីមួយបានបង្ហាញថា «អត្រានៃការធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុនបានថយចុះ ចំពេលដែលការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងការថយចុះនៃម៉ោងធ្វើការ រួមទាំងមានការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអាចជាកត្តាមួយដែលនាំឱ្យមានការធ្លាក់ចុះ»។
គេបានរកឃើញថា ចំនួនប្រជាជននៅក្នុងប្រទេសជប៉ុនដែលបានសំលាប់ខ្លួនពីខែកុម្ភៈ ដល់ ខែមិថុនាគឺធ្លាក់ចុះ ១៣.៥ ភាគរយពីចំនួនមធ្យមសម្រាប់រយៈពេលនោះ។
ក្រុមស្រាវជ្រាវដែលដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវទីក្រុងតូក្យូ បាននិយាយថា «ចំនួននៃការស្លាប់ដោយការធ្វើអត្តឃាតក្នុងកំឡុងពេលជំងឺកូវីដ-១៩ ដែលបានឆ្លងរាលដាលពាសពេញទ្វីបគឺមានចំនួន ១.០២៧នាក់ ចាប់ពីខែកុម្ភៈដល់ខែមិថុនាឆ្នាំ ២០២០»។ នេះបើតាមការពិនិត្យឡើងវិញនូវសេក្តីប្រកាសដែលបានបង្ហោះនៅលើគេហទំព័រ medRxiv.org កាលពីថ្ងៃពុធ។
ការរកឃើញរបស់ពួកគេត្រូវបានចេញផ្សាយមួយថ្ងៃ បន្ទាប់ពីការិយាល័យស្ថិតិជាតិបាននិយាយថា «ចំនួនអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសអង់គ្លេសនៅកម្រិតកំពូល ក្នុងអំឡុងពេលជំងឺរាតត្បាតបានធ្លាក់ចុះ ពី ១០,៣នាក់ ក្នុង ១០០.០០០នាក់ ដល់ ៦,៩នាក់ ក្នុង ១០០.០០០នាក់។
អ្នកជំនាញផ្នែកសុខភាពបានព្រួយបារម្ភអំពីវិបត្តិផ្លូវចិត្ត ដែលអាចកើតមានជាសកលទាក់ទងនឹងរោគរាតត្បាតកូវីដ-១៩ ជាមួយនឹងការកើនឡើងហានិភ័យនៃការធ្វើអត្តឃាត ចំពេលមានការភ័យខ្លាចចំពោះវីរុសកូវីដ-១៩។ការព្រួយបារម្ភ អំពីការបាត់បង់ប្រាក់ចំណូល និងវិបត្តិសេដ្ឋកិច្ច រួមទាំងភាពតានតឹងដែលបណ្តាលមកពីភាពឯកោសង្គម។
កន្លែងខ្លះការធ្វើអត្តឃាតកើនឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ឧទាហរណ៍ថាចំនួននេះបានកើនឡើងទ្វេដងក្នុងរយៈពេលបីខែចុងក្រោយ នៅលើកោះហ្គាម Guam នៅ ប៉ាស៊ីហ្វិក ក្នុងរយៈពេលដូចគ្នា កាលពីមួយឆ្នាំមុន នេះបើយោងតាមការិយាល័យពិនិត្យសុខភាព។
ទន្ទឹមនឹងនេះដែរ មានសេចក្តីរាយការណ៍មកថា មានការអំពាវនាវអោយមានខ្សែទូរស័ព្ទសំរាប់ទាក់ទងពេលមានការធ្វើអត្តឃាតនៅក្នុងប្រទេស ដែលមានការរងគ្រោះធ្ងន់ធ្ងរបំផុតក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ គឺសហរដ្ឋអាមេរិក ក៏ដូចជានៅ កាណាដា។
ប៉ុន្តែលោក Okamoto បានកត់សម្គាល់ថា មនុស្សដែលមានគំនិតធ្វើអត្តឃាតមិនមែនសុទ្ធតែយកជីវិតរបស់ខ្លួនទេ។ នេះបើយោងតាមការប្រៀបធៀបនៃអត្រាធ្វើអត្តឃាតមុនពេលមានជំងឺកូវីដ-១៩ និងអំឡុងពេលមានវិបត្តិដូចជាករណីកូវីដ-១៩ ព្រោះវាអាចមានកក្តាផ្សេងទៀត។
សម្រាប់ការសិក្សារបស់ជប៉ុន អ្នកស្រាវជ្រាវបានមើលទៅលើទិន្នន័យនៃការធ្វើអត្តឃាត ដែលបានវិលត្រឡប់មកដូចរយៈពេល ៤ឆ្នាំមុនទូទាំងប្រទេស ដែលមានប្រជាជនជាង ១២០លាននាក់។ ពួកគេបាននិយាយថា«ការសិក្សាបានផ្តល់នូវភស្តុតាងទ្រង់ទ្រាយធំដំបូងស្តីពីជំងឺកូវីដ-១៩ ដែលទាក់ទងនឹងអត្រានៃការធ្វើអត្តឃាត»។
ការធ្លាក់ចុះនៃការស្លាប់ធ្វើអត្តឃាត ដែលមានចំនួនច្រើនបំផុតគឺបុរសដែលមានអាយុចន្លោះពី ២០ ទៅ ៦៩ ឆ្នាំ ដែលប្រើប្រាស់កម្លាំងពលកម្មភាគច្រើន។ អត្រានេះបានធ្លាក់ចុះ ១២ ភាគរយ ចាប់ពីខែកុម្ភៈដល់ខែមិថុនា ពីអត្រាមធ្យមនៅពេលនោះ។
ការសិក្សាក៏បានរកឃើញថា អត្រាបានធ្លាក់ចុះជាទូទៅ នៅពេលដែលប្រទេសជប៉ុន ស្ថិតក្នុងស្ថានភាពអាសន្ន និងនៅពេលសាលារៀនត្រូវបានបិទជាបណ្តោះអាសន្ន។
ប៉ុន្តែ មិនមានការផ្លាស់ប្តូរអត្រានៃការធ្វើអត្តឃាតរបស់ស្ត្រីតិចជាងនេះទេ វាបានធ្លាក់ចុះប្រហែល ៧ភាគរយ ពីកម្រិតមធ្យម ដែលអ្នកស្រាវជ្រាវបាននិយាយថា«ចំពោះស្ត្រីទំនងជាបណ្តាលមកពីការបាត់បង់ការងារធ្វើ ការងារក្នុងគ្រួសារនិង ការកើនឡើងនូវអំពើហឹង្សាក្នុងគ្រួសារក្នុងពេលមានក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩»។
ប្រទេសជប៉ុនមានអត្រាធ្វើអត្តឃាតខ្ពស់បំផុតទី៥ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ ហើយប្រទេសនេះក៏មានអាយុកាលយូរបំផុតរបស់ពិភពលោកក្នុងរយៈពេលជាង ៨៤ ឆ្នាំ។ ការសិក្សាមុនៗ បានរកឃើញថាភាពតានតឹងដែលបណ្តាលមកពីការងារហួសប្រមាណ និងភាពឯកោស្ថិតក្នុងចំណោមកត្តាហានិភ័យ នៃការធ្វើអត្តឃាតនៅក្នុងប្រទេស។
ប៉ុន្តែយោងតាមការសិក្សាជំងឺរាតត្បាតកូវីដ-១៩ បានកាត់បន្ថយម៉ោងធ្វើការនៅប្រទេសជប៉ុនពី ១០ ទៅ ២០ ភាគរយ។ លើសពីនេះទៀត ពលរដ្ឋគ្រប់រូបបានទទួលប្រាក់សំណង ១០ ម៉ឺនយ៉េន (ប្រហែល ៩៤០ ដុល្លារអាមេរិក) ពីក្រុមហ៊ុននានា បានទទួលប្រាក់ឧបត្ថម្ភធន ហើយមានការធ្លាក់ចុះចំនួន ៥០ ភាគរយនៃចំនួនក្ស័យធន ដែលបានដាក់ពាក្យកាលពីខែឧសភា បើប្រៀបធៀបទៅនឹង“ រយៈពេលមុនជំងឺកូវីដ-១៩” ។ អ្នកស្រាវជ្រាវបាននិយាយថា«អ្វីៗទាំងអស់នេះ អាចរួមចំណែកដល់ការថយចុះអត្រាធ្វើអត្តឃាត ដោយកាត់បន្ថយភាពតានតឹងនិងសម្ពាធហិរញ្ញវត្ថុ»។
ទោះយ៉ាងណាលោក Okamoto បានប្រាប់កាសែត South China Morning Post ថា "យើងមិនអាចនិយាយបានថាជំងឺរាតត្បាតកូវីដ-១៩ បានជួយសង្គ្រោះអាយុជីវិតមនុស្សច្រើនជាងការសិក្សានោះទេហើយការសិក្សានេះមិនទូលំទូលាយគ្រប់គ្រាន់ ដើម្បីធ្វើការសន្និដ្ឋានបែបនោះទេ”។
កាសែតនេះក៏បានកត់សម្គាល់ផងដែរថា ស្ថានភាពរបស់ប្រទេសជប៉ុនមិនដូចប្រទេសដទៃទៀតទេ ដែលការlockdownមានភាពតឹងរឹង ភាពវឹកវរក្នុងសង្គម បញ្ហាសេដ្ឋកិច្ច និងភាពអត់ឃ្លានដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត។
ក្រុមអ្នកស្រាវជ្រាវក៏បានព្រមានផងដែរថា«បន្ទាប់ពីមានគ្រោះមហន្តរាយធម្មជាតិដូចជាព្យុះកាទ្រីណាដែលវាយប្រហារឆ្នេរសមុទ្រអាមេរិកក្នុងឆ្នាំ ២០០៥ អត្រាធ្វើអត្តឃាតបានធ្លាក់ចុះ ប៉ុន្តែក្រោយមកក៏បានកើនឡើងវីញ។ ពួកគេបាននិយាយថា បញ្ហានេះក៏អាចកើតឡើងក្នុងពេលមានជំងឺកូវីដ-១៩ដោយសារកត្តាវិជ្ជមានដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាល បានឈានដល់ទីបញ្ចប់»។
អត្ថបទ៖ស្រីណា
ប្រភព៖South China Morning Post