WHO៖ បុគ្គលិកសុខាភិបាលម្នាក់ក្នុងចំណោម ៧នាក់ឆ្លងជំងឺកូវីដ-១៩​



ទីភ្នាក់ងារកាសែត Reuters បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ កញ្ញា កន្លងទៅថា ម្នាក់ក្នុងចំណោម៧នាក់នៃបុគ្គលិកសុខាភិបាលមានឆ្លងកូវីដ១៩ ហើយនៅក្នុងប្រទេសខ្លះចំនួននេះបានកើនឡើងដល់ម្នាក់ក្នុងចំណោម ៣នាក់ឯណោះ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នេះជាការប្រឈមនឹងហានិភ័យ ពីព្រោះជារៀងរាល់ថ្ងៃ បុគ្គលិកសុខាភិបាលតែងតែប៉ះពាល់ផ្ទាល់ជាមួយមនុស្សជាច្រើនដូច អ្នកជំងឺ និងក្រុមគ្រួសាររបស់ខ្លួន។»

អង្គការសុខភាពពិភពលោកបានអំពាវនាវ ឱ្យបុគ្គលិកពេទ្យជួរមុខត្រូវទទួលបាននូវឧបករណ៍ការពារ ដើម្បីការពារពួកគេពីការឆ្លងជំងឺរាតត្បាលសកលនេះ និងដើម្បីការពារការរាលដាលដល់អ្នកជំងឺនិងសមាជិកក្រុមគ្រួសាររបស់ពួកគេផងដែរ។

អង្គការសុខភាពពិភពលោកបានដាក់ចេញ «ច្បាប់ស្តីពីសុវត្ថិភាពបុគ្គលិកសុខាភិបាល» ដោយជួយជំរុញឲ្យរដ្ឋាភិបាល មន្ទីរពេទ្យ និងភាគីពាក់ព័ន្ធដទៃទៀត បង្កើនវិធានការប្រុងប្រយ័ត្ន និងរក្សាសុវត្ថិភាពការងារសម្រាប់បុគ្គលិកពេទ្យរបស់ខ្លួន។»

លោក Tedros Adhanom Ghebreyesus បានបន្តទៀតថាអ្នកជំងឺ ១៤ភាគរយ នៃករណីឆ្លងកូវីដ-១៩ គឺជាបុគ្គលិកសុខាភិបាល ហើយចំនួននេះអាចឈានដល់ ៣៥ភាគរយ នៅក្នុងប្រទេសមួយចំនួន។ អ្នកជំនាញនៃអង្គការសុខភាពពិភពលោកបាននិយាយថា បុគ្គលិកទាំងអស់កំពុងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងតឹងរឹង និងសុវត្ថិភាពបំផុតចំពោះពួកគេ។

លោក TEDROS ADHANOM GHEBREYESUS មានប្រសាសន៍ថា៖ «នៅទូទាំងពិភពលោក ប្រហែល ១៤ភាគរយ នៃករណីកូវីដ-១៩ បានរាយការណ៍ទៅ WHO ថាស្ថិតក្នុងចំណោមបុគ្គលិកសុខាភិបាល ហើយនៅប្រទេសខ្លះវាមានដល់ទៅ ៣៥ភាគរយ ទោះបីជាទិន្នន័យមានកំណត់ ហើយវាពិបាកដឹងថា តើបុគ្គលិកសុខាភិបាលត្រូវបានឆ្លងជំងឺនៅកន្លែងធ្វើការ ឬសហគមន៍របស់ពួកគេដែរឬទេ។ វាមិនត្រឹមតែជាហានិភ័យនៃការឆ្លងមេរោគនោះទេ ជារៀងរាល់ថ្ងៃបុគ្គលិកសុខាភិបាលបានប៉ះពាល់ជាមួយអ្នកជម្ងឺជាច្រើន»។

អត្ថបទ៖ ស្រីណា
ប្រភព៖ Reuters

X
5s