វិធីល្អបំផុតចំនួន ៨ យ៉ាងក្នុងការវិនិយោគលើខ្លួនឯង និងកសាងជីវិតប្រសើរជាងមុន
កន្លងមកយើងធ្លាប់បានស្គាល់យ៉ាងច្រើនអំពីការវិនិយោគដូចជា វិនិយោគភាគហ៊ុន វិនិយោគលើអចលនទ្រព្យ វិនិយោគលើសិល្បៈ វិនិយោគលើផលិតផលនិងសេវាកម្មដែលមានគុណភាពជាដើម។ ទោះយ៉ាងណាក៏ដោយមានការវិនិយោគប្រភេទមួយទៀតដែលអាចទូទាត់ភាគលាភដ៏ធំនោះគឺការវិនិយោគលើខ្លួនឯង។
ការវិនិយោគលើខ្លួនឯងផ្តល់ផលចំណេញយ៉ាងច្រើនត្រឡប់មកវិញលើការវិនិយោគតាមរបៀបជាច្រើន។ វាអាចធ្វើឲ្យប្រសើរឡើងនូវការរំពឺងទុកក្នុងអាជីពរបស់អ្នក និងជួយអ្នករកចំណូលបានកាន់តែច្រើន។ វាអាចបង្កើតទំនុកចិត្តរបស់អ្នកដែលអាចជួយអ្នកឲ្យបន្តក្តីសុបិនរបស់អ្នក និងបើកទ្វារទទួលយកឱកាសថ្មី។ វាអាចបង្កើនជីវិតរបស់អ្នកដោយណែនាំអ្នកទៅកាន់មនុស្សដែលមានគំនិត ចំណង់ចំណូលចិត្ត និងបទពិសោធន៍ដែលអ្នកមិនធ្លាប់បានជួប ហើយវានឹងជួយអ្នកបង្កើតជីវិតដែលពេញចិត្ត និងមានតុល្យភាពជាងមុន។ មានហេតុផលល្អជាច្រើនទៀតដែលអ្នកគួរតែវិនិយោគលើខ្លួនឯង ប្រសិនបើអ្នកមិនធ្វើដូច្នេះទេអ្នកមិនអាចទទួលបានអ្វីដែលថ្មី ក៏ដូចជាពង្រីកការច្នៃប្រឌិតបាននោះទេ។
ដូច្នេះហើយអត្ថបទមួយនេះបានរៀបរាប់ពីវីធីដ៏ល្អបំផុតទាំង ១១ ចំណុចក្នុងវិនិយោគលើខ្លួនឯងដូចខាងក្រោម៖
១) ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
មិនថាអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណតាមបែបណានោះទេ ឲ្យតែបានធ្វើវាគ្រប់គ្រាន់ជារៀងរាល់ថ្ងៃគឺជាការវិនិយោគដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើបានដោយខ្លួនអ្នក។ យោងទៅតាមសាកលវិទ្យាល័យ (Michigan State University) និងប្រភពតាមបែបវិទ្យាសាស្ត្រដែលបានសិក្សាជាច្រើនរាប់មិនអស់ លំហាត់ប្រាណប្រចាំថ្ងៃត្រូវបានផ្សារភ្ជាប់ទៅនឹងថាមពលផលិតភាពកាន់តែច្រើន កាត់បន្ថយស្ត្រេស បង្កើនថាមពលខួរក្បាល ការចងចាំកាន់តែប្រសើរ ហើយថែមទាំងបង្កើនការច្នៃប្រឌិតទៀតផង។ វាក៏បានក្លាយជាវិធីល្អបំផុតដែលអ្នកថែរក្សាសុខភាពឲ្យល្អប្រសើរឡើងនូវអារម្មណ៍របស់អ្នកជៀសផុតពីជំងឺទប់ទល់នឹងស្ថានភាពសុខភាពផ្លូវចិត្តដូចជាការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងធ្វើឲ្យការផ្តោតអារម្មណ៍របស់អ្នកប្រសើរឡើង។
២) កំណត់គោលដៅ
អ្នកប្រហែលជាស្រឡាញ់ឬក៏ស្អប់ចំពោះការកំណត់គោលដៅ តែការពិតគឺថាការកំណត់គោលដៅនឹងជួយឲ្យអ្នកសម្រេចលទ្ធផលបានច្រើន។ សូម្បីតែការកំណត់ដែលអ្នកទំនងជានឹងផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកហើយចាត់វិធានការដើម្បីសម្រេចគោលដៅនោះ។
គោលដៅជួយបញ្ជាក់ពីអ្វីដែលអ្នកចង់បាន ជំនួសឲ្យការមានក្តីសុបិន្តមិនច្បាស់ឬការគិតមានម្តងម្កាល ការកំណត់គោលដៅជួយបង្ហាញនូវអ្វីដែលអ្នកចង់បាន ហើយសំខាន់ជាងនេះទៅទៀតវាជាជំហានដំបូងក្នុងការស្វែងយល់នូវអ្វីដែលអ្នកត្រូវធ្វើដើម្បីទទួលបានវា។
៣) ពង្រឹងជំនាញនាពេលបច្ចុប្បន្នរបស់អ្នក
មិនថាអ្នកធ្វើអ្វីក៏ដោយ នៅក្នុងអាជីព និងជីវិតអ្នកគប្បីត្រូវការជំនាញមួយ។ ប៉ុន្តែត្រូវច្បាស់ខ្លួនឯងថាវាជាអ្វីដែលអ្នកស្រឡាញ់ឬគ្រាន់តែចង់ធ្វើវាប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់ពង្រឹងជំនាញដែលអ្នកចេះ ឬក៏ចូលចិត្តស្រឡាញ់វាជាខ្លាំងវាជាវិធីល្អបំផុតមួយក្នុងការវិនិយោគលើខ្លួនឯង ជាមួយនឹងមូលដ្ឋានគ្រឹះនៃចំណេះដឹងដែលអ្នកមានរួចហើយនៅក្នុងវិស័យជាក់លាក់នោះ។
សូម្បីតែជំនាញក្នុងការប្រាស្រ័យទាក់ទងរឹងមាំ ភាពជាអ្នកដឹកនាំ ការកសាងក្រុមចរចារ ការសរសេរគម្រោងអាជីវកម្ម និងការនិយាយជាសាធារណៈពិតជាមានតម្លៃនៅក្នុងវិស័យផ្សេងៗគ្នា។ ដូច្នេះផ្តោតលើការពង្រឹងជំនាញដែលអ្នកនឹងប្រើក្នុងអាជីពឬការបណ្តាក់ទុនបន្ទាប់របស់អ្នក ដើម្បីកសាងទំនុកចិត្តនិងទីផ្សាររបស់អ្នក។
៤) រៀនជំនាញថ្មី
វិធីល្អមួយទៀតដើម្បីវិនិយោគលើខ្លួនឯងគឺត្រូវបន្តការរៀនសូត្រពេញមួយជីវិត។ ការរៀនជំនាញថ្មីវាបន្ថែមនូវឧបករណ៍មួយទៀតដែលអ្នកអាចប្រើដើម្បីធ្វើឲ្យកាន់តែប្រសើរនៅក្នុងអាជីពរបស់អ្នក មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការផ្សព្វផ្សាយឬសូម្បីតែចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក។
ដំបូងគិតអំពីអ្វីដែលជាជំនាញថ្មីអាចជួយអ្នកឲ្យទទួលជោគជ័យក្នុងអាជីពបច្ចុប្បន្នឬអាជីពដែលអ្នកចង់មាននាពេលអនាគត។
ឧទាហរណ៍៖
- ការរៀនបច្ចេកទេសគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពអាចជួយអ្នកបង្កើតក្រុមដែលមានភាពស្អិតរមួតជាងមុន។
- រៀបចំ ឬរៀនពីរបៀបគ្រប់គ្រងពេលវេលារបស់អ្នកឲ្យបានល្អជាងមុនអាចជួយអ្នកឲ្យបំពេញការងារបានកាន់តែច្រើនក្នុងមួយថ្ងៃ។
- ការរៀនជំនាញនិយាយជាសាធារណៈអាចធ្វើឲ្យអ្នកក្លាយជាអ្នកធ្វើបទបង្ហាញដែលមានប្រសិទ្ធភាពនៅពេលដែលអ្នកនិយាយជាមួយមេរបស់អ្នក។ល។
ជំនាញផ្សេងទៀតដូចជាការជួសជុលផ្ទះ, ការការពារខ្លួន, ការចំអិនម្ហូប, ការលេងឧបករណ៍ភ្លេងឬការរៀនសរសេរកូដអាចឬមិនប៉ះពាល់ដល់អាជីពរបស់អ្នក ប៉ុន្តែវាអាចបន្ថែមអត្ថន័យបន្ថែមទៀតសម្រាប់ជីវិតរបស់អ្នកនិងនាំឲ្យមានការពេញចិត្តចំពោះខ្លួនឯងកាន់តែខ្លាំង។
៥) ការសរសេរកំណត់ហេតុប្រចាំថ្ងៃ
ការសរសេរកំណត់ហេតុប្រចាំថ្ងៃស្តាប់មើលទៅដូចជាវិធីគួរឲ្យភ្ញាក់ផ្អើលក្នុងការវិនិយោគលើខ្លួនឯង។ យ៉ាងណាមិញ តើអ្វីដែលនឹងត្រូវសរសេរជារៀងរាល់ថ្ងៃដែលនឹងជួយឲ្យជីវិតរបស់អ្នកប្រសើរឡើង? ប៉ុន្តែការធ្វើកំណត់ហេតុប្រចាំថ្ងៃបានបង្ខំឲ្យអ្នកឆ្លុះបញ្ចាំងខ្លួនឯងកាន់តែច្បាស់ សូម្បីតែការសរសេរគំនិត និងអារម្មណ៍របស់អ្នកក៏ដោយ។
យោងទៅតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Rochester (University of Rochester Medical Center) បានចុះផ្សាយថាវាបានជួយឲ្យអ្នក៖
- គ្រប់គ្រងការថប់បារម្ភ
- កាត់បន្ថយភាពតានតឹង
- ស៊ូទ្រាំនឹងជំងឺធ្លាក់ទឹកចិត្ត
- ផ្តល់អាទិភាពដល់បញ្ហា និងដោះស្រាយភាពភ័យខ្លាច
- កំណត់អត្តសញ្ញាណគំនិត និងអាកប្បកិរិយាអវិជ្ជមាន
វាក៏អាចជួយអ្នកក្នុងការដោះស្រាយភាពតានតឹងនៅកន្លែងធ្វើការផងដែរ ព្រោះអ្នកអាចបញ្ចេញអារម្មណ៍ធុញថប់ និងការភ័យខ្លាចដែលអ្នកមានពេលកំពុងធ្វើការ តាមរយៈការសរសេរបញ្ហារបស់អ្នកទៅលើសន្លឹកក្រដាស។
៦) កំចាត់ទម្លាប់អាក្រក់របស់អ្នក
យើងទាំងអស់គ្នាសុទ្ធសឹងតែមានទម្លាប់អាក្រក់រៀងៗខ្លួន អ្នកខ្លះទិញឥវ៉ាន់ច្រើនពេករីឯអ្នកខ្លះទៀតផឹកឬជក់បារីច្រើនពេក, មិនបានហាត់ប្រាណគ្រប់គ្រាន់ខណៈអ្នកខ្លះទៀតញុំាអាហារលឿនពេកឬពន្យារពេល, អ្នកអាចនឹងចំណាយពេលច្រើននៅលើទូរស័ព្ទ មើលទូរស្សន៍ច្រើនពេក។ មានតែអ្នកទេដែលដឹងច្បាស់ពីទម្លាប់អាក្រក់របស់អ្នក។ ហើយការខិតខំប្រឹងប្រែងដើម្បីបំបែកទម្លាប់អាក្រក់របស់អ្នកអាចជាការរំដោះខ្លួនមិនគួរឲ្យជឿ នៅពេលអ្នកជំនួសទម្លាប់អាក្រក់ដោយទម្លាប់ល្អដូចជាការហាត់ប្រាណជាប់លាប់ឬគេងឲ្យបានគ្រប់គ្រាន់វាអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន។
៧) អាន
ការអានសៀវភៅគឺល្អសម្រាប់ខួរក្បាលរបស់អ្នកជាងការអានកាសែត ឬទស្សនាវដ្តីព្រោះវាបង្ខំឲ្យអ្នកប្រើជំនាញគិតពិចារណា និងធ្វើឲ្យមានការតភ្ជាប់ពីជំពូកមួយទៅជំពូកមួយទៀត។ ជាពិសេសការអានបែបស៊ីជម្រៅនេះអាចជួយលើកកម្ពស់ការគិតកាន់តែលឿន និងជួយការពារការធ្លាក់ចុះនៃការយល់ដឹង។ ការអានក៏អាចជួយអ្នកអភិវឌ្ឍការយល់ចិត្ត និងការអាណិតអាសូរកាន់តែច្រើនហើយយោងទៅតាមការស្រាវជ្រាវដែលលើកឡើងដោយគេហទំព័រ (The Atlantic) អាចជួយបង្កើនភាពអត់ធ្មត់របស់អ្នកចំពោះភាពមិនប្រាកដប្រជាដែលអាចជួយអ្នកឲ្យប្រថុយនឹងគ្រោះថ្នាក់កាន់តែច្រើននៅកន្លែងធ្វើការដែលអាចបណ្តាលមកពីអាជីពរបស់អ្នក។
ដូច្នេះតើអ្នកអាចអានសៀវភៅបានយ៉ាងដូចម្តេច? ដំបូងកំណត់គោលដៅ។ ឧទាហរណ៍ចាប់ផ្តើមដោយអានសៀវភៅមួយក្បាលក្នុងមួយខែហើយចំណាយពេលយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ អាចជាមុនពេលចូលគេង។ អ្នកក៏អាចប្រើការអានធ្វើជាទម្លាប់ល្អដើម្បីជំនួសទម្លាប់អាក្រក់ដូចជាការមើលទូរទស្សន៍ច្រើនពេកឬចំណាយពេលច្រើនលើទូរស័ព្ទរបស់អ្នក។ ជំនួសឲ្យការមើលទូរទស្សន៍ ឬទូរស័ព្ទរបស់អ្នកនៅពេលអ្នកមានពេលទំនេរ សូមបង្ខំខ្លួនឯងឲ្យអានយ៉ាងហោចណាស់ ៣០ នាទីមុន។
៨) ដកខ្លួនចេញពីបំណុល និងការបំពុលនានា
យោងតាមការសិក្សាផែនការ និងវឌ្ឍនភាពឆ្នាំ ២០១៨ របស់ Northwestern Mutual ជនជាតិអាមេរិកជាមធ្យមមានបំណុលជាប់ខ្លួនជាង ៣៨ ០០០ ដុល្លារដែលមិនរាប់បញ្ចូលប្រាក់កម្ជីទិញផ្ទះ។ ២៥%នៃបំណុលនេះគឺជាបំណុលកាតឥណទាន។
បំណុលវាអាចបណ្តាលឲ្យអ្នកស្ត្រេស និងរារាំងអ្នកមិនឲ្យបន្តក្តីសុបិនរបស់អ្នកពីការប្រថុយក្នុងអាជីពរបស់អ្នក ហើយអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរបស់អ្នកបានផងដែរ។ អ្នកនឹងចំណាយប្រាក់ច្រើន ហើយអាចបណ្តាលឲ្យអ្នកចំណាយច្រើនជាងអ្វីដែលអ្នកអាចមាន។ មានអត្ថប្រយោជន៍ជាច្រើននៃការគ្មានបំណុល។ អ្នកអាចដាក់ប្រាក់បន្ថែមទៀតសម្រាប់ការចូលនិវត្តន៍របស់អ្នក។ ដូច្នេះប្រសិនបើអ្នកកំពុងជំពាក់បំណុលនាពេលបច្ចុប្បន្ននេះ សូមបង្កើតគម្រាងផែនការដើម្បីឲ្យបំណុលរបស់អ្នកថយចុះយ៉ាងឆាប់រហ័ស។ ដូច្នេះអារម្មណ៍នៃសេរីភាពដែលអ្នកនឹងទទួលបានពីការលុបបំបាត់បំណុលរបស់អ្នកមិនអាចវាស់វែងជាដុល្លារនិងសេនបានទេ។
ជារួមការវិនិយោគលើខ្លួនឯងមានន័យថាការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ដែលអាចឲ្យអ្នកធ្វើអ្វីកាន់តែច្រើន រីកចម្រើនកាន់តែច្រើន និងការស្រឡាញ់កាន់តែច្រើន។
ការកែលម្អនូវរឿងតិចតួចទាំងនេះអាចនាំឲ្យមានឱកាសភ្លាមៗ និងការផ្លាស់ប្តូរវិជ្ជមានរយៈពេលវែង។ វាក៏អាចជួយឲ្យអ្នករកប្រាក់បានកាន់តែច្រើន, រកឃើញអាជីពដែលអ្នកតែងតែចង់ធ្វើ, ធ្វើតាមក្តីសុបិន្តរបស់អ្នក និងបង្ហាញពីចំណូលចិត្តដែលបំពេញដោយសេចក្តីរីករាយ។ វានឹងជម្រុញសុខភាព និងទំនាក់ទំនងកាន់តែប្រសើរឡើង ជាពិសេសធ្វើឲ្យអ្នកទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃ។
ដោយ៖ Anthony Arthur