តិកនិក ១០ចំណុចក្នុងការរៀបចំផ្ទះមុនពេលដាក់លក់​



នៅពេលចង់លក់ផ្ទះ អ្នកលក់មួយចំនួនមិនសូវបានគិតគូរឲ្យបានដិតដល់អំពីការរៀបចំ ការកែលំអរ និងការរចនាបន្ថែមដើម្បីទាក់អតិថិជននិងលក់បានក្នុងតម្លៃថ្លៃនោះឡើយ។ មុនពេលលក់ផ្ទះ ម្ចាស់ផ្ទះត្រូវគិតគូរលើការរៀបចំ និងការរចនាគេហដ្ឋានរបស់អ្នកដើម្បីទាក់ភ្នែកអតិថិជន លក់ឆាប់ដាច់ លក់បានតម្លៃថ្លៃ។ 

បើយោងតាមរបាយការណ៍ National Association of Realtors’ 2017 Staging Stats បានរកឃើញថា ៤៩ភាគរយនៃអ្នកទិញផ្ទះមានការជឿជាក់ថាការរៀបចំផ្ទះមានឥទ្ធិពលទៅលើការមើលឃើញ ការយល់ឃើញ និងអារម្មណ៍របស់អ្នកទិញ ហើយក្នុងនោះ ៧៧ភាគរយនិយាយថាការរៀបចំ រចនាគេហដ្ឋានឲ្យស្អាតបាតធ្វើឲ្យពួកគេស្រមៃឃើញពីផ្ទះដែលពួកគេរស់នៅក្នុងពេលអនាគត។ ហើយអ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះគឺ ខាងផ្នែកភ្ងាក់ងារលក់របស់អ្នកលក់ ២១ភាគរយបាននិយាយថាការរចនាផ្ទះបន្ថែមជួយបន្ថែមតម្លៃនៃការលក់ចន្លោះ ៦ ទៅ ១០ភាគរយ ហើយនិង ៣៩ភាគរយជឿថាវាក៏ជួយពន្លឿនការលក់ផ្ទះផងដែរ។

ប៉ុន្តែតើអ្នកដឹងអំពីគន្លឹះក្នុងការរចនានិងរៀបចំផ្ទះរបស់អ្នកឬនៅ? ការរៀបចំមួយចំនួនមិនចំណាយច្រើន និងពេលវេលាច្រើននោះឡើយ។ ខាងក្រោមនេះគឺជាគន្លឹះរៀបចំផ្ទះរបស់អ្នកមុនដាក់លក់ចំនួន ១០ចំណុចដែលអ្នកមានគម្រោងលក់ផ្ទះគួរដឹង៖

១) រៀបចំកន្លែងសំខាន់ៗ

មិនមែនបន្ទប់ទាំងអស់មានតម្លៃស្មើគ្នានោះទេ នៅពេលអ្នកគិតអំពីការរៀបចំ។ អ្នកគួរផ្ដោតលើការរៀបចំបន្ទប់ណាដែលសំខាន់ មានសក្ដានុពល ជំរុញការសម្រេចចិត្តរបស់អ្នកទិញ។ ដូចនេះ កុំចំណាយប្រាក់កាក់ និងពេលវេលាច្រើនទៅលើបន្ទប់ផ្សេងៗដែលមិនសូវសំខាន់។ បើយោងតាមរបាយការណ៍ខាងលើ បន្ទប់ដែលអ្នកគួរយកចិត្តទុកដាក់គឺបន្ទប់ទទួលភ្ញៀវ បន្ទប់មេគ្រួសារ និងផ្ទះបាយ។ ក្រៅពីនេះបន្ទប់ផ្សេងៗអ្នកមិនចាំបាច់ត្រូវចំណាយពេលនិងពេលវេលាច្រើននោះទេ។

២) រៀបចំឲ្យត្រូវចិត្តអ្នកទិញ

អ្នកគួររៀបចំដើម្បីទាក់ចិត្តអ្នកទិញ មិនមែនរៀបចំបំពេញចិត្តអ្នកខ្លួនឯងនោះឡើយ។ អ្នកគួររៀបចំដើម្បីតម្រូវចិត្តអតិថិជន តាមរយៈការដកចេញនូវរូបថតអ្នក គ្រួសារអ្នកជាដើម។ ដូចនេះអ្នកគួរដកចេញនូវរូបថត និងសម្ភារៈផ្ទាល់ខ្លួនផ្សេងៗនៅក្នុងបន្ទប់ ឬផ្ទះរបស់អ្នកចេញ។ វត្ថុផ្សេងៗដូចជាសម្លៀកបំពាក់ សម្ភារៈផ្ទាល់ខ្លួនក្នុងបន្ទប់ទឹក គ្រឿងសក្ការៈ និងឧបករណ៍ផ្សេងៗដែលធ្វើឲ្យផ្ទះរបស់អ្នកមើលទៅចម្លែក។ អ្នកគួររៀបចំឲ្យស្អាត និងរៀបចំទាក់ទាញចិត្តអ្នកទិញ ដើម្បីលក់ឆាប់ដាច់។ 

៣) ដក់សម្ភារៈចេញឲ្យមានទីកន្លែងទូលាយ

របស់របរមួយចំនួនធ្វើឲ្យបំពេញទីតាំងរបស់អ្នក ដែលធ្វើឲ្យមានភាពរញែរញៃ និងមើលទៅមានរូបរាងតូច។ វត្ថុទាំងនោះមានដូចជាសម្លៀកបំពាក់ ការរចនាមួយចំនួន ផ្ទាំងក្រដាសផ្សេងៗ និងរបស់របរទាំងឡាយណាដែលមិនជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកទិញអាចនឹងបើកមើលទូ ទីតាំងផ្សេងៗ ដូចនេះត្រូវដកចេញសម្ភារៈផ្សេងៗដែលបង្កភាពរញែរញៃ និងមើលទៅមិនទាក់ចិត្តអ្នកទិញចេញ។

៤) សម្អាត

អ្នកចង់ឲ្យទីកន្លែងរបស់អ្នកមានភាពភ្លឺស្អាត រាប់ចាប់តាំងពីជ្រីជញ្ជាំង ពិដាន និងកន្លៀតផ្សេងៗ។ ហើយអ្នកមិនត្រូវភ្លេចទីកន្លែងនិងសម្ភារៈផ្សេងៗដូចជាទូទឹកកក បង្អួច ទ្វារ ដែលមានជាប់ទូលីដី។ ដូចនេះការសម្អាតឲ្យបានស្អាត មានភាពទាក់ទាញអ្នកទិញ ពីព្រោះគ្មាននរណាម្នាក់ចងទិញផ្ទះដែលមានភាពកខ្វក់ មិនស្អាតនោះឡើយ។

៥) ជួលជុស

អ្នកមិនត្រូវមើលរំលងការជួសជុលបន្ដិចបន្ដួចដូចជា ប្រហោង ស្នាមកូត និងការបែកបាក់ជាដើម។ អ្នកត្រូវរៀបចំ ជួសជុល ឲ្យបានស្អាត និងជាពិសេសកន្លែងណាដែលគួរលាប់ថ្នាំពណ៌បន្ថែមបាន អ្នកគួរគិតគូរ កែច្នៃឲ្យស្អាត។ អ្នកត្រូវចាំថាការជួសជុល កែលំអ ពិតជាទាក់ចិត្តអតិថិជនមិនឲ្យតម្លៃបាន លក់ឆាប់ដាច់ ផ្ទះរបស់អ្នកមានតម្លៃបន្ថែម។

៦) លក្ខណៈធម្មជាតិ

ការគិតគូរអំពីពណ៌ផ្ទះរបស់អ្នក ក៏មានឥទ្ធិពលទៅលើតម្លៃការលក់ផ្ទះរបស់អ្នកផងដែរ។ អ្នកត្រូវគិតអំពីពណ៌របស់ផ្ទះផងដែរ។ អ្នកគួរគិតអំពីពណ៌បែបធម្មជាតិ ដូចជា ពណ៌ប្រផះ ពណ៌ស ជាដើម ដែលអ្នកគិតថាមិនលេចធ្លោរពេក ឬឆើតពេក។ ពណ៌ដែលដិតខ្លាំងអាចនឹងធ្វើឲ្យសម្ភារៈផ្សេងៗដូចជារូបថត តុ ទូ មិនសូវស៊ីគ្នា។ ដូចនេះម្ចាស់ផ្ទះគួរគិតគូរអំពីពណ៌ផ្ទះរបស់អ្នកផងដែរ។

៧) ការទាក់ទាញចំណាប់អារម្មណ៍ដំបូង

ពេលដំបូងដែលអ្នកទិញនិងឃើញនិងទាក់ចិត្តគឺនៅពេលពួកគេដើរចូលផ្ទះរបស់អ្នក ដូចនេះអ្នកមិនគួររំលងការរៀបចំឲ្យមានភាពទាក់ទាញចំណាប់អារម្មណ៍អ្នកទិញនាពេលដំបូងពេលដើរចូល។ អ្នកគួរសម្អាតទីតាំងផ្លូវចូល លាបថ្នាំពណ៌ សម្អាត និងរៀបចំដើមឈើជាដើមដើម្បីលម្អមានលក្ខណៈធម្មជាតិ ស្រស់ស្រាយ និងអាចទាក់ចំណាប់អារម្មណ៍អ្នកទិញ។ 

៨) បង្កើតភាពស្រស់ស្រាយ

ការដាំកូនឈើ ឬលំអកូនឈើ ឬផ្កាតាមរបងផ្ទះនិងក្នុងផ្ទះដើម្បីបង្កើតភាពស្រស់ស្រាយ។ អ្នកអាចដាក់ទូផ្កាស្រស់ក្នុងផ្ទះបាយ ដាក់កូនរុក្ខជាតិក្នុងថូផ្កា នៅក្នុងក្បែរកន្លែងទទួលភ្ញៀវ។ អ្នកក៏ត្រូវគិតអំពីក្លិនផងដែរ ដោយអ្នកមិនគួរប្រើប្រាស់ក្លិនដែលមានលក្ខណៈខ្លាំង នោះទេ អ្នកគួររក្សាក្លិនធម្មជាតិ។ ប៉ុន្តែអ្នកអាចដាក់ក្លិននៅទីតាំងមួយចំនួនបានដូចជាបន្ទប់ទឹកជាដើម ឬអ្នកចង់ប្រើប្រាស់ក្លិនផ្សេងៗប៉ុន្តែកុំប្រើវាច្រើនពេក។

៩) ពន្លឺ

បន្ទប់ងងឹតគឺប្រៀបដូចជាបន្ទប់នៃភាពទុក្ខសោក។ ក្នុងផ្ទះរបស់អ្នកគួរមានពន្លឺចូលគ្រប់គ្រាន់ចូលក្នុងផ្ទះរបស់អ្នក។ អ្នកគួរបើកបង្អួចដើម្បីឲ្យពន្លឺចូលបានគ្រប់គ្រាន់។ អ្នកគួរបើកភ្លើងក្នុងបន្ទប់ និងក្នុងផ្ទះរបស់អ្នកដើម្បីស្វាគមន៍អ្នកទិញទុកជាមុន ជាជាងឲ្យអ្នកទិញស្វែងរកទីតាំងបើកភ្លើងជាដើម។ ដូចនេះអ្នកគួរគិតគូរអំពីពន្លឺក្នុងបន្ទប់ ផ្ទះរបស់អ្នក។

១០) រៀបចំគ្រឿងសង្ហារឹម

ការរៀបចំសម្ភារៈ គ្រឿងសង្ហារឹម ធ្វើឲ្យមានភាពងាយស្រួលក្នុងការដើរ និងអាចឲ្យស្រមៃអំពីការរៀបចំបន្ទប់របស់ពួកគេ។ អ្នកគួរដករៀបចំគ្រឿងសម្ភារៈដែលធំពេក សម្ភារៈខូចខាត និងគួរដកគ្រឿងផ្សេងៗដែលមិនទាក់ទងនឹងបន្ទប់របស់អ្នក។ ដូចនេះ អ្នកគួរគិតគូរ ដោយមិនត្រូវមើលរំលងការរៀបចំគ្រៀងសម្ហារឹមក្នុងផ្ទះរបស់អ្នកនោះឡើយ។៕

X
5s