ការចុះកិច្ចព្រមព្រៀងសហប្រតិបិត្តការ អនុវត្តគម្រោង «ការកសាងបណ្តាញអាជីវកម្មក្នុងចំណោមសហគ្រិនវ័យក្មេង អ្នកចាប់ផ្តើមអាជីវកម្ម និងសហគ្រាស​ធុន​មីក្រូ តូច និងមធ្យម»​



ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារជំនួយអាមេរិក (USAID) តាមរយៈអង្គការផេកប្រចាំនៅកម្ពុជា និងគម្រោងសហគ្រិននារីសកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងគោលបំណងអនុវត្តគម្រោងស្តីពី «ការកសាងបណ្តាញអាជីវកម្មក្នុងចំណោមសហគ្រិនវ័យក្មេង អ្នកចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនមីក្រូ តូច និង មធ្យម»។ 

សមាគមសហគ្រិនវ័យក្មេងកម្ពុជា  នឹងអនុវត្តគម្រោងរយៈពេល១ឆ្នាំ (២០២១-២០២២) ក្នុងគោលបំណងផ្តល់ជាជំនួយ និងគាំទ្រដល់សហគ្រិននារីវ័យក្មេង សម្រាប់កសាងសមត្ថភាព ចំណេះដឹង និងកសាងដៃគូអាជីវកម្ម ជាពិសេសផ្តល់ជាធនធានបច្ចេកទេស ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេមានការរីកចម្រើន និងអាចធ្វើការប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ។

ដើម្បីសម្រេចបាននូវគោលបំណងនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានកំណត់នូវសកម្មភាពចម្បងៗរួមមាន៖  

- បើកទទួលយក សមាជិកគាំទ្រ (Associate Members) ជាសហគ្រិននារីវ័យក្មេង 

- ផ្តល់វគ្គបណ្តុះបណ្តាលក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍន៍អាជីវកម្ម

- បង្កើតវេទិកាផ្គូផ្គងអាជីវកម្ម និងដៃគូអាជីវកម្ម

- ផលិតនិងផ្សព្វផ្សាយវីដេអូរបស់ស្ត្រីជោគជ័យ ដើម្បីផ្តល់ការលើកទឹកចិត្តដល់សហគ្រិននារីវ័យក្មេង

- រៀបចំកម្មវិធីផ្តល់ការប្រឹក្សាអាជីវកម្មដល់សហគ្រិននារីវ័យក្មេង

- បង្កើតវេទិកាជជែកពិភាក្សាក្នុងការកសាងទំនុកចិត្តសម្រាប់សហគ្រិននារីវ័យក្មេង

- រៀបចំជំនួបរវាងសហគ្រិនស្រី្តនិងស្ថាបន័ហិរញ្ញវត្ថុ ដើម្បីលទ្ធភាពទទួលបានហិរញ្ញសម្រាប់អាជីវកម្ម

- លើកកម្ពស់ភាពជាអ្នកដឹកនាំសម្រាប់សហគ្រិននារីវ័យក្មេង 

- រៀបចំកម្មវិធីហិរញ្ញវត្ថុមូលធនដើម្បីលទ្ធភាពទទួលបានទុនវិនិយោគសម្រាប់អាជីវកម្មរបស់ស្ត្រី

- រៀបចំកិច្ចប្រជុំក្រុមតូចក្នុងចំណោមសហគ្រិនស្ត្រី (Peer to Peer Meeting)

- សិក្សានិងចងក្រងពីនិតិវិធីក្នុងការចុះបញ្ជីអាជីវកម្ម

- រៀបចំវេទិកាសហគ្រិនស្ត្រី

ថ្លែងក្នុងឱកាសនោះ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា «ជាទូទៅ ស្ត្រីមានការគិតគូហ្មត់ចត់ មានការអត់ធនខ្លាំង និងការតាំងចិត្តខ្ពស់។ ដូច្នេះ ការលើកកម្ពស់សហគ្រិនស្រី្តតាមរយៈការផ្តល់ជំនាញ ភាពអង់អាច និងការចូលរួមបបង្កើតនូវសមភាពយេនឌ័រក្នុងការប្រកបអាជីវកម្ម ដែលចាំបាច់សម្រាប់ជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមទាំងមូល»។ 

 

សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលផ្តោតលើការពង្រឹងបណ្តាញធុរកិច្ច ការអភិវឌ្ឍន៍សមត្ថភាព ការប្រឹក្សាអាជីវកម្ម និងសកម្មភាពជាច្រើនទៀត ដែលបាននឹងកំពុងដើរតួនាទីក្នុងការចូលរួមចំណែកបង្កើនសេដ្ឋកិច្ចដល់សហគ្រិននារីវ័យក្មេង ដែលជាចំណែកមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ ដូច្នេះហើយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតឲ្យមានសកម្មភាពជាច្រើន សម្រាប់សហគ្រិននារីវ័យក្មេងដែលកំពុងស្វែងរកគម្រោងការក្នុងមុខរបរ និងជីវិត។ គម្រោងនេះនឹងបង្កើតឲ្យមានការចែករំលែកដំណើររឿង បំផុសពីបទពិសោធន៍ពិតរបស់សហគ្រិនស្រ្តីនៅកម្ពុជា ទៅដល់និស្សិតវ័យក្មេង ម្ចាស់អាជីវកម្មថ្មីៗ ដែលកំពុងស្វែងរកការផ្តល់យោបល់ និងការតម្រង់ទិស។ 

លោកស្រី Sabine Joukes នាយកាប្រចាំប្រទេស PACT Cambodia បានធ្វើការវាយតម្លៃខ្ពស់ពីគុណភាពការងារនិងការទទួលខុសត្រូវរបស់បុគ្គលិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានអនុវត្តគម្រោងសហគ្រិននារីសកម្ម WE-Act Project របស់អង្គការ PACT កន្លងមក។ នេះមូលហេតុមួយដែលអង្គការ PACT នៅតែបន្តធ្វើដៃគូជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា។ លោកស្រី មានជំនឿយ៉ាងមុតមាំថា សមាគម(YEAC) នឹងធ្វើអោយវិស័យធុរកិច្ចកាន់តែរីកចម្រើនដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEACវ៉ាយអ៊ីអេស៊ី)

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រងនិងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មី របស់ សហគ្រាសធុនតូចនិងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេងមានសមាជិកចំនួន ៤០០ ដែលជាម្ចាស់អាជីវកម្មតូវនិងមធ្យម ដែលមានសាខាតាមខេត្តចំនួន ៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រនិងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់និងមានធិរកិច្ចច្រើន។ 

ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 771 051/096 334 8935

 

ឧបត្ថម្ភដោយ៖

 

X
5s