ធ្វើយ៉ាងណាទើបក្លាយជាបុគ្គលិកឆ្នើម?​



ដើម្បីសម្រេចជោគជ័យក្នុងអាជីពការងារ អ្នកត្រូវព្យាយាមធ្វើខ្លួនឱ្យក្លាយជាបុគ្គលិកដ៏ពូកែក្នុងកន្លែងការងារ ព្រោះបុគ្គលិកពូកែអាចទទួលបានការតម្លើងតំណែង ឡើងប្រាក់ខែ មតិល្អៗ និងការលើកទឹកចិត្តទៅលើផ្នែកផ្សេងៗជាដើម។ មានតែព្យាយាមធ្វើខ្លួនឲ្យក្លាយជាបែបនេះទេ ទើបអាចធ្វើឱ្យអ្នកមានភាពលេចធ្លោនៅក្នុងចំណោមមិត្តរួមការងារ និងអាចទទួលបានឱកាសច្រើនក្នុងការអភិវឌ្ឍខ្លួន។ 

ខាងក្រោមនេះ យើងនឹងប្រាប់អ្នកពីលក្ខណៈសម្បត្តិនិង គន្លឹះធ្វើយ៉ាងទើបក្លាយជាបុគ្គលិកឆ្នើម។

១. ធ្វើតាមការណែនាំរបស់ក្រុមហ៊ុន

មុនពេលដែលចាប់ផ្ដើមការងារ អ្នកត្រូវអាន ឬស្ដាប់ការណែនាំរបស់ក្រុមហ៊ុនឱ្យបានច្បាស់លាស់ជាមុនសិន។ ត្រូវចាំថាការណែនាំ ឬបែបបទការងារក្នុងក្រុមហ៊ុន រៀបចំឡើងដើម្បីផ្តល់នូវសុវត្ថិភាព និងបង្កភាពងាយស្រួលដល់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ការអនុវត្តតាមគោលការណ៍ក្រុមហ៊ុន វាជាគំរូល្អទៅដល់បុគ្គលិកផ្សេងទៀត។  

២. ធ្វើការឆ្ពោះទៅរកការសម្រេចគោលដៅក្រុមហ៊ុន

ដឹងពីគោលដៅក្រុមហ៊ុន និងព្យាយាមស្វែងរកវិធីដើម្បីសម្រេចគោលដៅនោះ។ បុគ្គលិកឆ្នើមមានន័យថាក្នុងពេលប្រជុំ អ្នកត្រូវកត់ត្រាទុករាល់ព័ត៌មានផ្សេងៗដែលចាំបាច់ និងសិក្សាបន្ថែមពីគោលដៅការងាររបស់បុគ្គលិកនៅតាមផ្នែកនីមួយៗទៀត។ ការយកចិត្តទុកដាក់ អាចធ្វើឱ្យយើងរិះគិតពីវិធីធ្វើយ៉ាងណាឱ្យកន្លែងការងារកាន់តែមានភាពរីចម្រើន។

៣. គោរពឱ្យតម្លៃមនុស្សរាល់គ្នា

អ្នកត្រូវចាំពាក្យមួយឃ្លាថា បើចង់ឲ្យគេគោរពអ្នក អ្នកត្រូវគោរពគេ អ្នកត្រូវធ្វើឲ្យដូចទៅហ្នឹងអ្វីដែលអ្នកចង់ទទួលបានពីអ្នកដទៃដូច្នោះដែរ។ ត្រូវប្រើពាក្យសម្ដីដែលល្អ មានសីលធម៌ ដឹងខុសត្រូវ ខ្ពស់ទាបជាមួយមិត្តរួមការងារ។ ដូចគ្នានេះដែរ រាល់ពេលជួបប្រជុំត្រូវប្រាកដថា មនុស្សគ្រប់គ្នាដែលបានចូលរួមប្រជុំគឺមានឱកាសក្នុងការនិយាយ ឬលើកឡើងពីមតិយោបល់របស់គេដែរ។ លើសពីនេះ រៀនស្ដាប់មតិយោបល់អ្នកដទៃឱ្យបានច្រើន វាក៏បង្ហាញពីការគោរពរបស់អ្នកទៅកាន់អ្នកដទៃដែរ។

៤. ខំប្រឹងឱ្យអស់ពីសមត្ថភាព

អ្នកត្រូវប្រឹងប្រែង ស្វិតស្វាញជាមួយនឹងការងាររបស់អ្នកនៅក្នុងម៉ោងធ្វើការ។ មានន័យថាអ្នកត្រូវផ្ដល់អាទិភាព ដល់ការងាររបស់អ្នក មិនមែនយកការងារផ្សេងដែលមិនទាក់ទងនឹងការងារក្នុងម៉ោងធ្វើការមកជំនួសនោះទេ។ ចំណាយពេលបំពេញការងារ និង គំរោងដែលអ្នកត្រូវធ្វើឱ្យបានរួចរាល់ និងមានប្រសិទ្ធិភាព ដើម្បីសម្រេច KPI(Key Performance Indicator) និងជួយឱ្យក្រុមហ៊ុនទទួលបានជោគជ័យ។ តែទោះជាយ៉ាងណាក៏ដោយ កុំភ្លេចសំរាកខ្លះ ព្រោះវាជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និង ត្រៀមខ្លួនរួចរាល់ដើម្បីបន្ដការងាររបស់អ្នក។

៥. ធ្វើខ្លួនឱ្យទៅជាអ្នកជំនាញ

ត្រូវសិក្សានូវរាល់អ្វីៗទាំងអស់ដែលទាក់ទងនឹងមុខជំនាញរបស់អ្នក។ មិនថាជាជំនាញរឹង ជំនាញទន់ ឬកម្មវិធីផ្សេងៗដែលមានជាប់ពាក់ព័ន្ធណាទេ។ តាមដានពត៌មាន ឬរឿងរ៉ាវផ្សេងៗដែលទាក់ទងនឹងជំនាញអ្នក ចូលរួមក្នុងសិក្ខាសាលា ឬកម្មវិធីណាមួយដែលស្ថិតក្នុងជំនាញអ្នក ដើម្បីពង្រឹងសមត្ថភាព ជំនាញ និងចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

៦. ផ្ដល់តម្លៃដល់កន្លែងការងារ

អ្នកត្រូវធ្វើខ្លួនឱ្យទៅជាមនុស្សម្នាក់ដែលក្រុមហ៊ុនឱ្យតម្លៃយើងខ្ពស់ និងគិតថាមិនអាចខ្វះយើងបាន តែកុំគិតរហូតមានអំនួតជ្រុល។ អ្នកអាចរៀនជំនាញជាក់លាក់ណាមួយ ដែលមិនមានបុគ្គលិករួមការងារផ្សេងទៀតចេះ។ រាល់ពេលមានកិច្ចប្រជុំ អ្នកអាចចែករំលែកគំនិតល្អៗដែលអ្នកមាន។

៧. ផ្ដោតលើដំណោះស្រាយ

ជាជាងការផ្ដោតលើតែបញ្ហា អ្នកគួរតែជំនួសវិះដោយធ្វើខ្លួនជាបុគ្គលិកដែលនាំយកនូវដំណោះស្រាយ។ អ្នកត្រូវធ្វើខ្លួនឲ្យសកម្ម និង ជួយដោះស្រាយបញ្ហាឲ្យក្រុមហ៊ុននៅពេលមានបញ្ហាស្មុគស្មាញណាមួយកើតឡើង ត្រូវបង្ហាញថាអ្នកជាបុគ្គលិកដែលប្រឹងប្រែងក្នុងការងារខ្លួន។ ផ្ដោតលើការដោះស្រាយបញ្ហា ការគិតស៊ីជម្រៅ និងភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា។

៨. បើកចិត្តទទួលយកការផ្លាស់ប្ដូរ

ចំណុចខ្លាំងមួយរបស់បុគ្គលិកខ្លាំង នោះគឺពួកគេពូកែបត់បែន។ នៅពេលក្នុងក្រុមហ៊ុន ប្រឈមនឹងការប្រែប្រួលណាមួយ អ្នកត្រូវធ្វើខ្លួនជាមនុស្សម្នាក់ដែលអាចយកឈ្នះលើស្ថានការណ៍បែបនេះបាន។ កែប្រែបញ្ហា អោយទៅជាឱកាស។ បើក្រុមហ៊ុនអ្នកមានអតិថិជនថ្មី អ្នកត្រូវធ្វើខ្លួនឱ្យសកម្ម និងស្រាវជ្រាវពីអតិថិជនថ្មីនោះឲ្យបានច្បាស់លាស់ ធ្វើបែបនេះ ទើបអ្នកអាចដើរមុនបុគ្គលិកផ្សេងទៀត និងចាប់ផ្ដើមការងារបាន។

៩. ទទួលស្គាល់កំហុសរបស់ខ្លួន

វាជារឿងមួយដ៏សំខាន់ក្នុងការទទួលស្គាល់នូវកំហុសរបស់ខ្លួន។ ទទួលខុសត្រូវចំពោះ កំហុសដែលខ្លួនបានបង្កឡើង វាក៏ងាចបង្ហាញថាយើងជាបុគ្គលិកស្មោះត្រង់ម្នាក់។ រាល់លើកដែលធ្វើឱ្យមានកំហុស រិះរកវិធីសាស្ដ្រក្នុងការដោះស្រាយ។ អ្នកណាក៏ធ្លាប់ធ្វើខុសដែរ។ តែវាជាករណីលើកលែងសម្រាប់តែអ្នកណាដែលដឹងខុស ហើយព្រមកែតែប៉ុណ្ណោះ។

១០. បង្កើតទំនាក់ទំនង

បង្កើតទំនាក់ទំនងល្អជាមួយថ្នាក់លើ និងមិត្តរួមការងារ។ ចេះជួយយកអាសារគ្នា និងស្វែងរកដំណោះស្រាយ នៅពេលនរណាម្នាក់ជួបបញ្ហា។ ការបង្កើតទំនាក់ទំនងជាមួយមិត្តរួមការងារ វានឹងជួយឱ្យបរិយាកាសការងារកាន់តែមានភាពសប្បាយរីករាយ។ ស្វែងរកឱកាសបង្កើតទំនាក់ទំនងដូចជា ក្នុងកម្មវិធីណាមួយរបស់ក្រុមហ៊ុន ពេលញ៉ាំអាហារថ្ងៃត្រង់ជុំគ្នា និងពេលមានការងារសង្គមស្ម័គ្រចិត្ត ជាដើម។

ដោយ លឹម មុនីមូនីតា

ប្រភព www.indeed.com

 

X
5s