“កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម៖ ការត្រៀមខ្លួនសម្រាប់ទីផ្សារភាគហ៊ុន ហិរញ្ញប្បទានមូលធន និងហិរញ្ញប្បទានធនាគារ/បំណុល”​



មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ភ្នំពេញ - កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងដៃគូយុទ្ធសាស្ត្រសមាគមរួមមាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និយ័តករមូលបត្រកម្ពុជា អង្គការ ស៊្វីសខនថាក់ (SWISS CONTACT) និងអង្គការជេនខេមបូឌា (GEN CAMBODIA) បានសហការរៀបចំ “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម៖ ការត្រៀមខ្លួនសម្រាប់ទីផ្សារភាគហ៊ុន ហិរញ្ញប្បទានមូលធន និងហិរញ្ញប្បទានធនាគារ/បំណុល”។

កម្មវិធីផ្សព្វផ្សាយពីកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» នេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អមដោយនាយកប្រតិបត្តិសហគ្រិនខ្មែរ  ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រធានសមាគធនាគារនៅកម្ពុជា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងមានការចូលរួមពីអង្គការដៃគូ ស្ថាប័នរដ្ឋ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សហគ្រិនស្រ្តី និងម្ចាស់អាជីវកម្មប្រមាណជាជាង ៣០០ រូបបន្ថែមទៀត។ 

 

កម្មវិធីនេះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានចុះអនុសារណៈក្នុងភាពជាដៃគូជាមួយស្ថាប័នធំៗចំនួន៤ រួមមានដូចជា ១) និយ័តករមូលបត្រកម្ពុជា ២) ខេមបូឌា ស៊ីឃ្យួរឹធី (Cambodia Security PLc) ៣) អង្គការ ស៊្វីសខនថាក់ (SWISS CONTACT) និង ៤) អង្គការជេនខេមបូឌា (GEN CAMBODIA) ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បានដាក់ឲ្យដំណើរកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» ជាលើកទី៣ ឆ្នាំ២០២៣ ក្រោយពីកម្មវិធីនេះទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់កាលពីឆ្នាំ២០២១ និង ២០២២កន្លងមក ហើយកម្មវិធីនេះទទួលបាននូវការគាំទ្រ និងការចូលរួមជាច្រើនពីសហគ្រិនរហូតដល់ទៅចំនួន ៧១០ រូប។

 

«ក្រៅពីលទ្ធភាពទទួលបានហិរញ្ញប្បទានបំណុលតាមរយៈគ្រិះស្ថានធនាគារ និងគ្រិះស្ថានហិរញ្ញវត្ថុ សហគ្រិនទាំងអស់គួរតែក្រឡេកមើលនូវប្រភពធនធានហិរញ្ញប្បទានដទៃទៀតនៃទីផ្សារមូលធន និងក្រុមហ៊ុនបណ្តាក់ទុននានា» នេះជាប្រសាសន៍របស់ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលបានលើកឡើងនៅក្នុងកម្មវិធី “លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម” ដែលបានរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងកម្មវិធី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា «សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមើលឃើញពីតម្រូវការចាំបាច់របស់សហគ្រាសធុន តូច និងមធ្យម (SMEs) ហើយបានដាក់បញ្ចូលលទ្ធភាពទទួលបានហិរញ្ញប្បទាន  ទៅក្នុងទិសដៅយុទ្ធសាស្ត្រ និងជាអាទិភាពសំខាន់របស់សមាគម។ កន្លងមកសមាគមសហគ្រិនវ័យក្មេងកម្ពុបានរៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ វេទិកាចែករំលែក និងការផ្គូផ្គងរវាងសមាជិក និងវិនិយោគិន ក៏ដូចជាការសហការជាមួយដៃគូយុទ្ធសាស្រ្តដូចជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា Aquarii BD Cambodia និង JETRO Phnom Penh រួមទាំងនិយ័តករបរធនបាលកិច្ច និងសភាពាណិជ្ជកម្មអន្តរជាតិជាច្រើន។ ហើយថ្ងៃនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានចុះអនុស្សរណៈក្នុងភាពជាដៃគូ ជាមួយស្ថាប័នធំសំខាន់ៗចំនួន ៤ បន្ថែមទៀតដើម្បីគាំទ្រដល់សមាជិករបស់សមាគម»។

 

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា «និយ័តករមូលបត្រកម្ពុជា គាំទ្រ និងរីករាយធ្វើជាដៃគូយ៉ាងជិតស្និទ្ធរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធការរៀបចំខ្លួនដើម្បីអាចទទួលបាននូវដើមទុនតាមរយៈ ទីផ្សារមូលបត្រ ដែលរួមមានការបោះផ្សាយលក់ភាគហ៊ុន និងការបោះផ្សាយលក់មូលបត្របំណុល (Stock and Equity Financing) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈសមាគមផងដែរ»។

ឯកឧត្តម ស៊ូ សុជាតិ ក៏បានពាំនាំនូវការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាតួអង្គដ៏សំខាន់នៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលឯកឧត្តមបានគាំទ្រ និងសាទរចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នានៅក្នុងថ្ងៃនេះ ហើយក៏ជាចំណុចចាប់ផ្តើមមួយទៀតក្នុងការជំរុញ និងលើកកម្ពស់ស្តង់ដារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ឯកឧត្តមប្រតិភូ ក៏បានបន្ថែមទៀតថា និយ័តករមូលបត្រកម្ពុជាបានធ្វើការសហការ និងគាំទ្រសមាគមសហគ្រិនវ័យក្មេងកម្ពុជា តាំងពីមុនការចុះអនុស្សរណៈជាដៃគូមកម្ល៉េះ។ ទើបតែថ្ងៃនេះ ភាគីទាំងពីរបានក្លាយជាដៃគូជាផ្លូវការ ហើយនិយ័តករមូលបត្រកម្ពុជាមានការជឿជាក់ថា តាមរយៈភាពជាដៃគូជាមួយសមាគមចាប់ពីថ្ងៃនេះទៅ នឹងផ្តល់នូវផលវិជ្ជមានដល់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅកម្ពុជា ជាពិសេសសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលពួកគេមានអាជីវកម្មនៅគ្រប់ខេត្តនៃប្រទេសកម្ពុជា។

 

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ការផ្ទេរចំណេះដឹងពីអ្នកជំនាញហិរញ្ញវត្ថុ ជាឱកាសមួយដែលនឹងជួយពង្រឹងសមត្ថភាពឱ្យសហគ្រិន អាចរៀបចំផែនការអាជីវកម្មមួយដែលជាក់លាក់ គ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគាត់ឲ្យមានប្រសិទ្ធភាព និងរក្សាកំណត់ត្រាហិរញ្ញវត្ថុឲ្យសមស្របទៅតាមស្តង់ដារជាសកល។ សហគ្រិនខ្មែររំពឹងថាកម្មវិធីនេះនឹងក្លាយជាវេទិកាមួយដែលនឹងផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមទៅនឹងស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារមូលធន»។

 

គួរដឹងដែរថា កិច្ចជំនួបម្ចាស់អាជីវកម្ម គឺជាកម្មវិធីដ៏ធំ និងជាជំនួបពិសេសមួយរវាងម្ចាស់អាជីវកម្មទាំអស់នៃសមាជិក សមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជានៅទូទាំងប្រទេស ដើម្បីផ្តល់ឲ្យសមាជិកបានទទួលនូវវឌ្ឍនៈភាពផ្សេងៗរបស់សមាគម ព័ត៌មានសំខាន់ៗ ច្បាប់ គោលនយោបាយ និងបង្កើតបណ្តាញអាជីវកម្មក្នុងចំណោមសមាជិក ជាពិសេសការស្តាប់អំពីបញ្ហាប្រឈម និងដំណោះស្រាយនានាសម្រាប់ជួយទៅដល់អាជីវកម្មរបស់ពួកគេ។

អំពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) វ៉ាយអ៊ីអេស៊ី ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបសង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

 

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានចក្ខុវិស័យជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាប័ន្ន និងភាពច្នៃប្រឌិត។ ដូច្នេះហើយ បញ្ហាប្រឈមទាំង ៦ ដែលជាអាទិភាពនៅក្នុងទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ – ២០២៥ នឹងជាផែនទីយុទ្ធសាស្ត្រសម្រាប់ផែនការប្រតិបត្តិការរបស់សមាគមផងដែរ។ វាក៏បានផ្តល់ឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជានូវតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពច្នៃប្រឌិតក្នុងការបម្រើផលប្រយោជន៍ដល់សហគ្រិនវ័យក្មេងកម្ពុជាទាំងមូល។ ទាំងអស់នេះគឺជាឱកាសចូលរួមចំណែកក្នុងបរិយាកាសអាជីវកម្មដែលមានភាពប្រសើរជាងមុន ដោយការអនុវត្តជំនាញជាក់ស្ដែង បទពិសោធ ឥទ្ធិពល និងធនធានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។

អំពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(សមក) គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាអោយបានថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសំបូរបែបទាន់ពេលវេលាតាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ យើងអាចសម្រេចគោលដៅនេះបានតាមរយៈការសម្របសម្រួលជាមួយប្រតិបត្តករ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន និងវិនិយោគគិន។

 

អំពីសមាគមធនាគារនៅកម្ពុជា

សមាគមធនាគារនៅកម្ពុជា (ABC) គឺជាសមាគមមិនស្វែងរកប្រាក់ចំណេញដែលមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា និងដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិករបស់ខ្លួន។ សមាគមធ្វើសកម្មភាពរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុក និងអន្តរជាតិ សមាគម អង្គការ និងស្ថាប័ន និងបម្រើជាបណ្តាញទំនាក់ទំនងរវាងស្ថាប័នទាំងនោះ និងសហគមន៍ធនាគារដើម្បីសម្រេចបានជោគជ័យនូវបេសកកម្មរបស់ខ្លួន។ សមាគមធនាគារនៅកម្ពុជាគឺជាស្ថាប័នផ្លូវការដែលតំណាងឱ្យវិស័យធនាគារឯកជនរបស់ប្រទេសកម្ពុជា។

 

 

 

X
5s