​ត្រូវ​ចាំ​ចំណុច​ទាំង ​៤​នេះ​​ ​​នៅ​ពេល​​មាន​​​មនុស្ស​ជាច្រើន​រិះគន់​អ្នក​ ​ដើម្បី​កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​​



ក្នុង​លោក​នេះ ​គ្មាន​នរណា​ម្នាក់​ដែល​មិន​ត្រូវ​បាន​គេ​រិះគន់​នោះ​ទេ ​គ្រាន់​តែ​តិច​ ​ឬ ​ច្រើន​ ​ប៉ុណ្ណោះ​។ ​​ពេល​ខ្លះ​​​​ការ​រិះគន់​កើត​ឡើង​ ​ព្រោះ​តែ​ឃើញ​មាន​កំហុស​ពិត​មែន​ ​ប៉ុន្តែ​ពេល​ខ្លះ​ទៀត​ ​ការ​រិះគន់​ក៏​កើត​ឡើង​ដែរ​ទោះបីជា​ មិន​មាន​កំហុស​អ្វី​​ក៏​ដោយ ​​ហើយ​​ការ​រិះគន់​បែបនេះ​​​វា​មាន​​លក្ខណៈ​ក្ដិចត្រួយ​តម្រឹម​ទ្រើង​។​ ដូច្នេះ​ហើយ ​សូម​កុំ​ខ្លាច​ពាក្យ​រិះគន់​ ​ហើយ​ត្រូវ​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​យល់​ថា​​ត្រឹម​ត្រូវ​។ ខាង​ក្រោម​នេះ ​​ជា​ចំណុច​សំខាន់ៗ​ដែល​អ្នក​គួរ​ចងចាំ ​នៅ​ពេល​មាន​គេ​រិះគន់​៖

​១) ​ត្រឹមត្រូវ​ឬ ខុស​៖ ​ទោះបីជា​យ៉ាង​ណា​ក៏ដោយ ​អ្នក​ត្រូវ​តែ​ដក​ឃ្លា​ដើម្បី​គិត​បន្តិច​សិន​ថា ​​តើ​អ្វី​ដែល​អ្នក​បាន​​ធ្វើ​នោះ​ខុស​ ឬ ត្រូវ​? ​ហេតុអ្វី​បាន​ជា​គេ​រិះគន់​បែបនេះ​? ​ការ​គិត​បែបនេះ ​ដើម្បី​​ជួយ​ឲ្យ​អ្នក​ អាច​មើល​ឃើញ​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ ព្រោះ​ពេល​ខ្លះ​អ្នក​ក៏​អាច​សាង​កំហុស​ឆ្គង​ត្រង់​ចំណុច​ណា​មួយ​ដោយ​មិន​ដឹង​ខ្លួន​ដែរ​។

២) ​បើ​ឃើញ​ថា ខុស​​ត្រូវ​កែ ​តែ​​បើ​មិន​ខុស​ទេ​គឺ​កុំ​ខ្លាច​៖​ ប្រសិន​បើ​ឃើញ​ថា​ខ្លួន​ខុស​មែន គឺ​ត្រូវ​តែ​កែ ​ប៉ុន្តែ​បើ​មិន​ខុស​ទេ ​គឺ​ត្រូវតែ​បន្ត​ដំណើរ​ទៅ​មុខ​​ទៀត​ ទោះបីជា ​​មាន​ការ​រិះគន់​យ៉ាង​ណា​ក៏ដោយ​។ ​អ្នក​ត្រូវ​តែ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ ​ហើយ​កុំ​ខ្លាច​​​ឲ្យ​សោះ​ ​ព្រោះ​​វា​ជា​ផ្លូវ​តែ​​មួយ​គត់​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​។​ ​​ត្រូវ​ឬ ខុស​វា​​មិន​អាស្រ័យ​លើ​ចំនួន​មនុស្ស​នោះ​ទេ ​​ដូច្នេះ​ហើយ​បើ​អ្នក​មាន​គំនិត​ខុស​​ពី​មនុស្ស​ភាគច្រើន ​នោះ​មិន​មែន​មាន​ន័យ​ថា ​អ្នក​ខុស​ឡើយ ​ដូច​ពាក្យ​មួយ​លើក​ឡើង​ថា​ «​បើ​មនុស្ស​ម្នាក់​ឆ្កួត​ ​គេ​មើល​ឆាប់​ដឹង​ ​តែ​បើ​មនុស្ស​មួយ​សង្គម​ឆ្កួត​ ​គេ​មើល​មិន​ដឹង​ទេ​»។

៣)​​ ​​ត្រូវ​ព្យាយាម​ធ្វើ​​វា​ឲ្យ​សម្រេច​៖ ​​​ពេល​ខ្លះ​ ​អ្នក​មិន​ចាំ​បាច់​ព្យាយាម​បកស្រាយ​អ្វី​ច្រើន​ពេក​នោះ​ទេ ​​ជា​ពិសេស​នៅ​ពេល​​មាន​មនុស្ស​ភាគច្រើន​យល់​ថា ​អ្នក​ធ្វើ​ខុស ​​ព្រោះ​បកស្រាយ​ច្រើន​ប៉ុណ្ណោះ​ក៏​ពួកគេ​មិន​ព្រម​ស្ដាប់​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​តែ​បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន ​ពោល​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​យល់​ឃើញ​របស់​អ្នក​​នោះ​ចេញ​ជា​រូបរាង​ ​​​ឬ ជោគជ័យ​ ​​ដល់​ពេល​នោះ​ ​ពួកគេ​​ប្រាកដ​ជា​ស្ងាត់​ដូច​គេ​ញ៉ុកមាត់​មិន​ខាន​។

៤) ​មនុស្ស​គឺ​ ​មាន​គំនិត​មិន​ដូច​គ្នា​ទេ​៖ ​ត្រូវ​ចាំ​ថា ​សូម្បី​តែ​បងប្អូន​បង្កើត​ក៏​ដោយ ​ក៏​ការ​គិត​​មាន​លក្ខណៈ​​ខុស​គ្នា​ដែរ ដូច្នេះ​សូម​កុំ​​គិត​ថា វា​ជា​រឿង​ធំ​ហួសហេតុ​ពេក​នៅ​ពេល​មាន​នរណា​ម្នាក់​ ជំទាស់​គំនិត​របស់​អ្នក​៕

​ដោយ​៖ ​អ៊ុន ​ភក្តី​

X
5s