តិចនិករៀនសូត្រទាំង ៥ដែលអ្នកគួរតែអនុវត្តជាប្រចាំថ្ងៃ ដើម្បីក្លាយជាសិស្សពូកែ
ជាទូទៅសិស្សនិស្សិតមានភាពមមាញឹកជាមួយនឹងកិច្ចការសាលារបស់ពួកគេ ហើយពេលខ្លះទៀតពួកគេមានការប្រលងជាច្រើនមុខវិជ្ជាទៀតផង។ សំខាន់ជាងនេះទៅទៀត បើសិនជាអ្នករៀន២សាកលវិទ្យាល័យ វានឹងក្លាយទៅជារឿងដែលធ្វើឲ្យអ្នកស្មុគស្មាញជាខ្លាំង។ តែពេលនេះអ្នកប្រហែលជាលែងជួបការលំបាកទៀតហើយបន្ទាប់ពីបានធ្វើតាមចំណុចទាំង៥នេះ៖
១) រៀនប្រើប្រាស់ Flashcard៖ Flashcard ត្រូវបានគេពេញនិយមប្រើប្រាស់វាដោយសារតែវាមានប្រសិទ្ធភាពសម្រាប់ការចងចាំ។ ជាទូទៅគឺគេសរសេរសំនួរនៅម្ខាង និងចម្លើយនៅម្ខាង ហើយគេបើកមើលតែខាងសំនួរសិនដោយព្យាយាមឆ្លើយសំនួរនោះតាមការយល់ដឹងនិងការចងចាំរបស់ខ្លួន។
២) មិនពន្យារពេលរៀនជាដាច់ខាត៖ ពេលខ្លះ សិស្សភាគច្រើនចូលចិត្តរអ៊ូរទាំថាខ្លួនឯងគ្មានពេលទំនេរ តែយើងភ្លេចហើយថាមនុស្សម្នាក់ៗមានពេល២៤ម៉ោងក្នុងថ្ងៃដូចៗគ្នា។ អ្នកអាចមានពេលចុចទូរស័ព្ទ មើលរឿង ឬអង្គុយលេង ចុះហេតុអ្វីបានជាអ្នកមិនឆ្លៀតពេលមើលមេរៀនដែលផងទៅ? នេះជាសំនួរដែលអ្នកគួរតែសួរខ្លួនឯង។
៣) ស្រាវជ្រាវបន្ថែមទៅលើមុខវិជ្ជាដែលអ្នកចង់អភិវឌ្ឍបន្ថែម៖ សិស្សានុសិស្សជាច្រើនហាក់បីដូចជាមិនមានការចាប់អារម្មណ៍ទៅលើការរៀនបន្ថែមដោយខ្លួនឯងនោះទេ។ យ៉ាងណាមិញ វាជារឿងដែលគួរឲ្យចាប់អារម្មណ៍មួយ ហើយធ្វើឲ្យយើងមានការយល់ដឹងរឹតតែទូលំទូលាយហើយមានភាពងាយស្រួលក្នុងការចាប់យកអ្វីដែលទាក់ទងនឹងមុខវិជ្ជានោះផងដែរ។
៤) បង្កើតវិញ្ញាសាដោយខ្លួនឯង៖ វាមិនមែនជារឿងអ្វីដែលលំបាកណាស់ណានោះទេ ព្រោះអ្នកអាចទៅរកមើលក្រដាសប្រលងមុនៗដែលបានកែហើយ រួចអ្នកអាចមើលបានថាអ្នកខ្សោយចំណុចណាខ្លាំងជាងគេ ហើយចំណុចណាខ្លះដែលអ្នកបានពិន្ទុខ្ពស់ជាងគេ។ ការធ្វើបែបនេះអាចធ្វើឲ្យមានភាពងាយស្រួលជាងមុនក្នុងការស្វែងរកចំណុចខ្សោយនិងចំណុចខ្លាំងរបស់ខ្លួន។
៥) រៀបចំការកត់ត្រារបស់អ្នកឡើងវិញម្ដងទៀត៖ នៅពេលដែលនៅថ្នាក់ មានសិស្សឧស្សាហ៍មួយចំនួនចូលចិត្តកត់ត្រាទុកនូវអ្វីដែលសាស្ត្រាចារ្យរបស់ពួកគេនិយាយនៅពេលដែលគាត់បង្រៀន តែភាគច្រើនពួកគេមិនសូវជាបានរៀបចំការកត់ត្រាទាំងនោះម្ដងទៀតឡើយ។ ដូចដែលយើងដឹងហើយថា នៅពេលដែលយើងស្ដាប់បណ្ដើរ កត់បណ្ដើរ វាធ្វើឲ្យយើងមានការលំបាកហើយអក្សរមិនសូវជាស្អាតនោះទេ ហើយព្រមទាំងគ្មានការរៀបចំបានស្អាតបាតនោះទេ។
ហេតុនេះហើយយើងគួរតែយកការកត់ត្រាទាំងនោះយកមកអានហើយរៀបចំវាឲ្យមានភាពងាយស្រួលសម្រាប់ការមើលម្ដងទៀត។
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org