ដោយសារលក់ស្មាតហ្វូនមិនជោគជ័យ អនាគត BlackBerry ចង់ងាកទៅរកការផ្ដោតអភិវឌ្ឍ Software វិញ!
ប៉ុន្មានឆ្នាំចុចក្រោយនេះ ការលក់ស្មាតហ្វូនរបស់ BlackBerry មានការថយចុះជាលំដាប់ ជាហេតុនាំឱ្យក្រុមហ៊ុនកាណាដានេះ ព្យាយាមពុះពារបញ្ចេញស្មាតហ្វូនដើរដោយសូហ្វ៊ែរ Android ដំបូង ជំនួសឱ្យ BlackBerry OS ដោយសង្ឃឹមថា នឹងស្រូបទាញចំណែកទីផ្សារបានខ្លះ កាលពីឆ្នាំ២០១៥។ ប៉ុន្តែការខិតខំទាំងនេះ ហាក់មិនបានជួយដល់ស្ថានភាពទីផ្សារស្មាតហ្វូនរបស់ BlackBerry នោះឡើយ។
ស្មាតហ្វូន Android ដំបូងម៉ូដែល BlackBerry Priv ត្រូវបានដាក់លក់ក្នុងការវិច្ឆិកា ឆ្នាំ២០១៥ ហើយបើយោងតាមរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសពេញលេញដំបូង ឱ្យដឹងថា ក្រុមហ៊ុន BlackBerry អាចលក់ស្មាតហ្វូនបានតែ ៦០ម៉ឺនគ្រឿងប៉ុណ្ណោះនៅក្នុងត្រីមាសទី៤ ដែលតួលេខនេះមានការថយចុះពី ៧០ម៉ឺនគ្រឿងប្រៀបធៀបនឹងត្រីមាសដដែលឆ្នាំ២០១៤។ បើគិតលើប្រាក់ចំណូលសរុបគឺមានការធ្លាក់ចុះ ៣០% ប៉ុន្តែវាហាក់មានសញ្ញាវិជ្ជមានខ្លះទៅលើអាជីវកម្មផ្នែកសូហ្វ៊ែរ និងសេវាកម្មទៅវិញ។
ស្មាតហ្វូន Priv ប្រើ Android OS
ក្រុមហ៊ុន BlackBerry បានចាប់ផ្ដើមធ្វើឱ្យខ្លួនក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សូហ្វ៊ែរលំដាប់សហគ្រាស និងសម្រាប់បុគ្គលប្រើប្រាស់ ដែលរួមមានសេវាកម្ម BlackBerry Messenger និង BlackBerry Enterprise អាចដំណើរការបាននៅលើសូហ្វ៊ែរ Android, iOS និង Windows ហើយវាគឺអាចធ្វើបានក្នុងការស្ដារស្ថានការណ៍គ្រោះថ្នាក់របស់ក្រុមហ៊ុន ប្រសិនបើជំនួសផ្នែក Hardware មិនបានរកប្រាក់ចំណេញចូលក្ដី តែ BlackBerry អាចរស់បានដោយឈរជើងជាក្រុមហ៊ុនសូហ្វ៊ែរ។ ចំណូលបានពីសូហ្វ៊ែរ និងសេវាកម្មរបស់ BlackBerry ប្រចាំត្រីមាសរកបាន ១៥៣លានដុល្លារ ដែលតួលេខនេះមានការកើនឡើងទ្វេដងធៀបនឹងឆ្នាំចាស់។ ក្រុមហ៊ុនថែមទាំងបានកំណត់គោលដៅដោយនឹងធ្វើឲ្យប្រាក់ចំណូលកើនឡើង ៣០% ពីសូហ្វ៊ែរ និងសេវាកម្ម បន្តទៀតនៅឆ្នាំខាងមុខ។ នាយកប្រតិបត្តិរបស់ BlackBerry លោក John Chen បានមាននិយាយពាក់ព័ន្ធអាជីវកម្មផ្នែក hardware នេះថា ដើម្បីស្ដារស្ថានការណ៍ឱ្យល្អវិញលើផ្នែកនេះ ក្រុមហ៊ុនត្រូវការចែកចាយលក់ស្មាតហ្វូនយ៉ាងហោចចំនួន ៣លានគ្រឿងរាល់ឆ្នាំជាប់គ្នា។ យ៉ាងណា លោក Chen នៅតែមានសុទិដ្ឋិនិយម នឹងអាចធ្វើបាន ដោយប្រើយុទ្ធសាស្ត្របន្តផលិតស្មាតហ្វូន Android ថ្មីទៀត ប៉ុន្តែជាស្មាតហ្វូនធុនមធ្យមមានតម្លៃធូរថ្លៃវិញ ជាជាងផលិតស្មាតហ្វូនស៊េរីខ្ពស់ តម្លៃថ្លៃ៕