ក្រុមហ៊ុន Intel ចង់ផ្លាស់ប្ដូររន្ធកាស ដោយដកចោលប្រភេទ 3.5mm ជំនួសដោយ USB Type-C វិញ
រន្ធកាសទំហំ ៥,៣មិល្លីម៉ែត្រដែលយើងបាន និងកំពុងប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយនេះ ហាក់ជិតដល់ពេលចូលនិវត្តន៍ហើយ។ នេះមិនមែនដោយសារតែក្រុមហ៊ុន Apple មានគម្រោងផ្លាស់ប្ដូរទៅប្រើរន្ធកាសប្រភេទ USB Type-C ឡើយ ប៉ុន្តែក្រុមហ៊ុន Intel ក៏ត្រូវបានគេរាយការណ៍ថា នឹងប្រើប្រភេទ Type-C នេះដូចគ្នា។
រន្ធកាស 3.5mm
នៅក្នុងសន្និសីទអ្នកអភិវឌ្ឍកម្មវិធីក្នុងក្រុង Shenzhen នៃខេត្ត Guangdong ប្រទេសចិន កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Intel បានលើកឡើងពីបំណងរបស់ខ្លួន នឹងចង់ផ្លាស់ប្ដូររន្ធកាសទំហំ ៣,៥មិល្លីម៉ែត្រ មកប្រើរន្ធ USB Type-C វិញ។ តាមការបញ្ជាក់ពីគេហទំព័រ AnandTech ថា ការផ្លាស់ប្ដូរនេះ នឹងជួយកែលំអគុណភាពសំឡេង និងផ្ដល់បទពិសោធន៍ថ្មីរឹតតែល្អជាងមុន។ នេះពុំមែនជាលើកដំបូងឡើយ ដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ បានលើកឡើងពីគោលបំណងរបស់ខ្លួនបែបនេះ ប៉ុន្តែកន្លងទៅក៏មានរបាយការណ៍ថា Apple បានត្រៀមលក្ខណៈប្រើប្រាស់រន្ធកាសប្រភេទ USB Type-C ដែរ។ សូមបញ្ជាក់ថា កន្លងមកក្រុមហ៊ុនមួយចំនួនដូចជា LeEco ជាដើម បានធ្វើការផ្លាស់ប្ដូររន្ធកាសទៅប្រើ USB Type-C នេះ នៅលើស្មាតហ្វូនស៊េរីថ្មីដែលបានប្រកាសចេញនៅដើមខែមេសានេះរួចមកហើយ។ ក្រុមហ៊ុនទូរស័ព្ទចិននេះ បានណែនាំស្មាតហ្វូនថ្មីរបស់ខ្លួនម្ដង ៣ម៉ូដែលដោយសុទ្ធតែប្រើប្រាស់រន្ធកាសថ្មី USB Type-C ដូចគ្នា។ នៅមានក្រុមហ៊ុន Apple ទៀត ដែលបានផ្លាស់ប្ដូររន្ធ USB ស្តង់ដារចាស់ចោល ជំនួសដោយរន្ធ USB Type-C នេះវិញផងដែរ។ ប៉ុន្តែក្រុមហ៊ុន Intel នឹងប្រើ USB Type-C ធ្វើជារន្ធសំឡេងជំនួសវិញ៕