ខណៈ Apple រាសី​ស្រុត​ចុះ តែ Facebook កាក់កប​ ចំណេញ​​​ប្រាក់​​​គុណ​ជា​ពីរ​ នៅ​​ត្រីមាស​ទី១ ២០១៦ បាន​១,៥១ពាន់លានដុល្លារ​



ខណៈ ដែលរាសីក្រុមហ៊ុន Apple ស្រុតចុះ ដោយរបាយការណ៍សារពើពន្ធប្រចាំត្រីមាសទី២ ២០១៦ មិនសមប្រកប ប៉ុន្តែក្រុមហ៊ុន Facebook បែរជាឃើញសញ្ញាណជោគជ័យជាបន្ត។ នៅថ្ងៃពុធម្សិលមិញ បណ្ដាញសង្គមយក្សនេះ បានបញ្ចេញរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសដំបូងក្នុងឆ្នាំថ្មីនេះ លទ្ធផលគឺបានសញ្ញាបូក។ នៅត្រីមាសទី១ ២០១៦ នេះ Facebook អាចរកប្រាក់ចំណូលបាន ៥,៣៨ពាន់លានដុល្លារ កើនឡើង ៥២% ប្រៀបធៀបនឹងចំណូល ៣,៥៤ពាន់លានដុល្លារនៅត្រីមាសដូចគ្នា កាលពីឆ្នាំ២០១៥។ ក្រុមអ្នកវិភាគបានរំពឹងថា ចំណូលរបស់ Facebook អាចរកបាននៅត្រីមាសដើមឆ្នាំនេះ ប្រហែលត្រឹម ៥,២៥ពាន់លានដុល្លារ ប៉ុន្តែជាលទ្ធផលគឺក្រុមហ៊ុនអាចបំបែកកំណត់ត្រារបស់អ្នកវិភាគបានទៅទៀត។ ចំណែកទីផ្សារនៃប្រាក់ចំណូលរបស់ Facebook មួយភាគធំគឺបានមកពីការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដែលគិតជាមធ្យមភាគមានរហូតដល់ ៥៧% ទៅហើយ និងអាចបង្កើតប្រាក់បានច្រើនជាងឆ្នាំមុនទៅទៀត។ Facebook ក៏បានប្រកាសឱ្យដឹងជាសាធារណៈថែមទៀតនូវប្រាក់ចំណេញកើនឡើង ១គុណជា២ ជាងប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៥។ នៅត្រីមាសទី១ ១០១៦ នេះ ក្រុមហ៊ុន Facebook ចំណេញបានប្រាក់រហូតដល់ ១,៥១ពាន់លានដុល្លារ ឬ ស្មើនឹងតម្លៃហ៊ុន ០,៥២ដុល្លារ/ហ៊ុន។ តួលេខនេះមានការកើនឡើងជាងត្រីមាសដដែលឆ្នាំទៅ ដែលចំណេញបានតែ ៥១២លានដុល្លារ ឬស្មើនឹង ០,១៨ដុល្លារ/ហ៊ុនប៉ុណ្ណោះ។ កាលពីថ្ងៃទី៣១ ខែមីនា ក្រុមហ៊ុន Facebook បាននិយាយថា ពេលនេះចំនួនអ្នកប្រើបណ្ដាញសង្គមជាប្រចាំខែមានដល់ ១,៦៥ពាន់លានគណនីហើយ ដែលតួលេខនេះមានកំណើន ១៥% ប្រចាំឆ្នាំ។ ចំពោះអ្នកប្រើជាប្រចាំខែតាមទូរស័ព្ទមាន ១,៥១ពាន់លានគណនី កើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៥៕
X
5s