Google កែ​ប្រែ​ចំណុច​តូច​មួយ​លើ Play Store ដោយ​នឹង​​​​ប្រាប់​​អ្នកឱ្យ​​ដឹង​មុន​ថា App ដែល​ចង់​ Install មាន​ផ្ទុក​ពាណិជ្ជកម្ម (Ads) ឬ​អត់​



ថ្មីៗនេះ ក្រុមហ៊ុន Google បានកែប្រែចំណុចតូចមួយនៅលើ Play Store របស់ខ្លួន ដើម្បីបញ្ជាក់ប្រាប់ដល់អ្នកប្រើឱ្យបានដឹងថា កម្មវិធី (App) ដែលគេបម្រុងដំឡើង តើមានផ្ទុកការផ្សាយពាណិជ្ជកម្មឬទេ មុនពេលដែលគេសម្រេច Install ចូលក្នុងទូរស័ព្ទ។ Ads បានក្លាយជាវិធីសាស្ត្រតែមួយគត់ដែលជួយឱ្យអ្នកបង្កើតកម្មវិធី (Developer) អាចរកប្រាក់ចំណូលពីកម្មវិធីស្មាតហ្វូនបាន ដោយការប្រើមុខងារ monetize កម្មវិធីផ្សេងៗដូចជា ហ្គេម និងប្រភេទ ad-supported app ជាដើម។ ទោះជាយ៉ាងណា ការចេះតែលោតផ្ទាំង ads មកលើកម្មវិធីដែលអ្នកកំពុងបើកប្រើនោះ វាអាចជាការរំខាន ហើយលោកអ្នកក៏មិនចង់ឃើញដែរ។ ដូច្នេះហើយ ទើបក្រុមហ៊ុន Google បានបន្ថែមលក្ខណៈពិសេសនេះ អាចឱ្យលោកអ្នកដឹងតាមរយៈការសម្គាល់នៅលើ App ថា តើមានផ្ទុកការផ្សាយពាណិជ្ជកម្មជាមួយ App នោះដែរឬយ៉ាងណា មុនពេលអ្នក Install។ ការបញ្ជាក់នេះ គឺត្រូវបានកំណត់បង្ហាញស្ថិតនៅក្រោមប៊ូតុង Install ដើម្បីប្រាប់អ្នកឱ្យបានដឹងថា App មានផ្ទុក Ads ដូចជាឃ្លា “Contain ads In-app purchases”។ យ៉ាងណា មុខងារថ្មីនេះ កំពុងត្រូវបានក្រុមហ៊ុនបញ្ចេញឱ្យគ្រប់អ្នកប្រើ Android OS អាចឃើញជាបណ្ដើរៗ ប៉ុន្តែមិនទាន់បានគ្រប់គ្នានៅឡើយ៕
X
5s