LG ចង់​បង្កប់​បច្ចេកវិទ្យា Fingerprint ថ្មី​នៅ​ក្រោម​កញ្ចក់​អេក្រង់​ស្មាតហ្វូន​​ស៊េរី​ក្រោយៗ ដោយ​មិន​បាច់​ប្រើ​ជាមួយ​ប៊ូតុង Home ដូច iPhone ឬ Galaxy ទេ​



បច្ចេកវិទ្យាស្កេនក្រយៅដៃ Fingerprint បច្ចុប្បន្នកំពុងត្រូវបណ្ដាក្រុមហ៊ុនទូរស័ព្ទល្បីៗយកចិត្តទុកដាក់អភិវឌ្ឍ សម្រាប់បំពាក់នៅលើស្មាតហ្វូនទំនើបស៊េរីក្រោយៗ។ ហើយរឿងដែលគេត្រូវគិតធ្វើបន្ទាប់នោះគឺថា តើត្រូវបំពាក់ Fingerprint reader នៅទីតាំងត្រង់ណានៃស្មាតហ្វូន ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដែលក្រុមហ៊ុនខ្លះបានបំពាក់នៅផ្នែកខាងមុខ ខ្លះស្ថិតនៅផ្នែកខាងក្រោយនៃស្មាតហ្វូន។ ចំណែកក្រុមហ៊ុន LG ត្រូវគេរាយការណ៍ថា កំពុងប្រើគំនិតថ្មីរបស់ខ្លួន ដោយបំពាក់ fingerprint reader នៅក្រោមកញ្ចក់អេក្រង់ទូរស័ព្ទវិញ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LG ថ្ងៃនេះបានប្រកាសថា ខ្លួនបានអភិវឌ្ឍ fingerprint sensor ថ្មីមួយដែលអាចញាត់បញ្ចូលទៅទីតាំងតូចមួយទំហំតែ ០,០៣មីល្លីម៉ែត្រប៉ុណ្ណោះ ស្ថិតនៅក្រោមកញ្ចក់ដែលក្រាលពីលើស្មាតហ្វូន ងាយស្រួលដល់អ្នកឌីហ្សាញក្នុងការបញ្ចូល fingerprint reader ដោយមិនចាំបាច់មានប៊ូតុងលានមកក្រៅ ដូចជាបន្ទះ ឬធាតុដែលប៉ះពាល់ដូចស្មាតហ្វូនបច្ចុប្បន្នឡើយ។ ក្រុមហ៊ុន LG និយាយថា ការទទួលស្គាល់ស្នាមម្រាមដៃថ្មី នឹងត្រូវបំពាក់នៅក្រោមកញ្ចក់អេក្រង់ ជាមួយភាពធន់ជាងមុខងារ fingerprint ដែលបំពាក់លើប៊ូតុងលានចេញមកក្រៅ។ ម្យ៉ាងទៀត គំនិតថ្មីនេះ នឹងជួយគាំទ្រដល់ការអភិវឌ្ឍស្មាតហ្វូនមិនជ្រាបទឹក ព្រោះកាត់បន្ថយចន្លោះប្រហោងត្រង់ប៊ូតុងបានមួយកន្លែងទៀត។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន LG បានប្រាប់សារព័ត៌មាន Korea Times ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាជាមួយបណ្ដាក្រុមហ៊ុនស្មាតហ្វូនមួយចំនួនក្នុងការបង្កើត sensor ថ្មីនេះ ដែលវាអាចត្រូវការរយៈពេលខ្ទង់ឆ្នាំដើម្បីសម្រេចបាន៕
X
5s