Facebook កំពុងធ្វើតេស្តបន្ថែម Symbol ប្រតិបត្តិកម្មថ្មីបណ្ដោះអាសន្ន ជារូបផ្កា សម្រាប់ប្រើក្នុងទិវាម្ដាយ
បណ្ដាញសង្គម Facebook ត្រូវបានគេរាយការណ៍ថា ត្រៀមដាក់ចេញនិមិត្តសញ្ញាបញ្ចេញប្រតិកម្ម (reactions) ថ្មីមួយទៀត ដែលជារូបផ្កាសម្រាប់អបអរទិវាបុណ្យម្ដាយនៅប៉ុន្មានថ្ងៃខាងមុខ។ ការបន្ថែមរូបសញ្ញាថ្មីនេះ ដើម្បីអាចឱ្យកូនៗងាយស្រួលបង្ហាញក្ដីស្រឡាញ់ ដឹងគុណម្ដាយរបស់ខ្លួន ទោះបីមមាញឹកកម្រិតណា មិនអាចទិញផ្កាស្រស់បាន តែក៏នៅតែអាចបង្ហាញអារម្មណ៍តាមរយៈផ្កាអេឡិចត្រូនិកបាន។
ក្រុមហ៊ុន Facebook បានថ្លែងថា ដើម្បីអបអរទិវាម្ដាយពេលខាងមុខនេះ យើងកំពុងធ្វើតេស្តដើម្បីបន្ថែមនិមិត្តសញ្ញារូបផ្កា សម្រាប់ឱ្យអ្នកប្រើ អាចផ្ញើទៅកាន់ម្ដាយៗនៅលើលោកបាន។ យ៉ាងណា រូបផ្កានេះ គ្រាន់តែជានិមិត្តសញ្ញាប្រើបណ្ដោះអាសន្នប៉ុណ្ណោះ ដែលវាជាលើកដំបូងហើយដែល Facebook បានយល់ចិត្តទុកដាក់ដល់អ្នកប្រើ ដើម្បីអាចប្រើវាផ្ញើដល់អ្នកមានគុណរបស់ខ្លួន។
និមិត្តសញ្ញាផ្កាដែលអាចប្រើបណ្ដោះអាសន្ននេះ មិនចេញឱ្យប្រើបានទូទាំងពិភពលោកឡើយ ពោលក្រុមហ៊ុននឹងជ្រើសរើសតែប៉ុន្មានប្រទេសប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ជាក់នៅលើទីផ្សារប្រទេសណាខ្លះឡើយ ហើយអាមេរិកក៏មិនមែនជាគោលដៅដែរ៕