HP ចេញកុំព្យូទ័រលើតុស៊េរីថ្មីប្រភេទ all-in-one មានគែមស្ដើង សមត្ថភាពខ្លាំង តែធូរថ្លៃចាប់ពី ៧០០ដុល្លារប៉ុណ្ណោះ!
ក្រុមហ៊ុន HP ទើបតែបញ្ចេញកុំព្យូទ័រស៊េរីថ្មី ជម្រើសល្អសម្រាប់និស្សិតប្រើប្រាស់ ជាមួយសមត្ថភាព hardware ខ្ពស់ និងរូបរាងឌីហ្សាញស្អាតទាន់សម័យ។ កុំព្យូទ័រស៊េរីថ្មីនេះជាប្រភេទ all-in-one PC ឈ្មោះ Pavilion AIOs។
កុំព្យូទ័រលើតុដែលមានគ្រប់សមាសធាតុ hardware បញ្ចូលទៅលើអេក្រង់ម៉ូនីទ័រទាំងស្រុងនេះ បានភ្ជាប់មកជាមួយអេក្រង់ទំហំ ២៣,៨អ៊ីញ និងជម្រើសមួយទៀតគឺ ២៧អ៊ីញ។ HP Pavilion AIOs នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 មកស្រាប់។
សម្រាប់ម៉ូដែលកុំព្យូទ័រអេក្រង់តូច ២៣,៨អ៊ីញគឺត្រូវបានឌីហ្សាញគែមអេក្រង់ស្ដើងទាន់សម័យ micro-edge ដែលកម្រាស់របស់វាត្រឹមតែ ០,២៥អ៊ីញ។ ពិសេសទៀតនោះ កុំព្យូទ័រ Pavilion AIO នេះមានកាមេរ៉ា webcam បំពាក់ដោយអង្គប្រតិបត្តិជំនាន់ទី៦ Intel Core i7 មានក្រាហ្វិកដាច់ Nvidia GT 930A និងមានអង្គផ្ទុកទិន្នន័យប្រភេទ Hybrid SSD ទំហំដល់ 1TB អមដោយ RAM 16GB។
កុំព្យូទ័រ AIO ថ្មីនេះ ក៏បានភ្ជាប់មកជាមួយរន្ធតំណភ្ជាប់ USB Type-C, USB 3.0, USB 2.0, HDMI out, LAN និងរន្ធកាស/mic cmobo jack និង 3-in-1 card reader ផងដែរ។ កុំព្យូទ័រ HP Pavilion AIOs នឹងមានលក់លើទីផ្សារមិថុនាក្រោយនេះ ជាមួយតម្លៃចាប់ពី ៧០០ដុល្លារអាមេរិក៕