Samsung មានមេម៉ូរី microSD ទំហំរហូតដល់ 256GB នឹងដាក់លក់តម្លៃប្រហែល Laptop មួយគ្រឿង!
ក្រុមហ៊ុន Samsung ថ្ងៃនេះបានប្រកាសឱ្យដឹងជាសាធារណៈថា ខ្លួនបានត្រៀមរួចរាល់ក្នុងការដាក់លក់កាតមេម៉ូរី microSD ទំហំ 256GB ដែលជាទំហំខ្ពស់បំផុតរបស់ខ្លួន ក្នុងតម្លៃ ២៤៩ដុល្លារអាមេរិក។
កាតមេម៉ូរីប្រភេទ microSD ដែលមានទំហំជាងគេកន្លងមកគឺ ត្រឹមតែ 200GB ប៉ុណ្ណោះ ប៉ុន្តែពេលនេះ Samsung បានចេញលក់ microSD ទំហំដល់ 256GB ឯណោះ។ សូមបញ្ជាក់ថា កាតប្រភេទ Microdia ត្រូវបានប្រកាសចេញតាំងពីឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះ គេពុំទាន់ឃើញមានលក់នៅលើទីផ្សារណាមួយនៅឡើយ។
កាត microSD ទំហំ 256GB របស់ Samsung នេះ ត្រូវគេហៅឈ្មោះថា EVO Plus 256GB ដែលត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់នៅក្នុងស្មាតហ្វូន និងថេប្លេតស៊េរីខ្ពស់ៗ ក៏ដូចជាកាមេរ៉ាភ្ជាប់ដ្រូន (drone) កាមេរ៉ាថតសកម្មភាព (action camera) និងការថតវីដេអូកម្រិតមុំ ៣៦០ដឺក្រេ ជាក់ស្ដែងសម្រាប់ប្រើជាមួយឧបករណ៍ 360 Gear របស់ Samsung ផ្ទាល់តែម្ដង។
កាតមេម៉ូរីថ្មីនេះ ត្រូវបានផលិតក្នុងក្រុម Class 10 ផ្ដល់ល្បឿន read គឺ 95MB/s និង write ល្បឿន 90MB/s។ កាតមេម៉ូរីនេះ អាចឱ្យអ្នកផ្ទុកវីដេអូកម្រិត 4K បានរយៈពេល ១២ម៉ោង ឬវីដេអូ Full HD footage រយៈពេល ៣៣ម៉ោង។ ប្រសិនបើជាចម្រៀងវិញ អាចរក្សាទុកបានរហូតដល់ ២៣៥០០ ឯកសារ MP3 ឯណោះ។
កាត Samsung EVO Plus 256GB មានគុណភាពខ្ពស់មិនងាយជ្រាបទឹក (Ipx7-certified), ធន់នឹងកម្ដៅ, មិនមានប្រតិបត្តិការនឹងម៉ាញេទិច និង X-ray។ វានឹងមានលក់លើទីផ្សារពិភពលោកចាប់ពីខែមិថុនាខាងមុខ ក្នុងតម្លៃចាប់ពី ២៤៩,៩៩ដុល្លារអាមេរិក៕