រូបរាង iPhone 8 ចេញនៅឆ្នាំ២០១៧ នឹងមានការឌីហ្សាញថ្មី គ្មានប៊ូុង Home បច្ចេកវិទ្យា fingerprint នឹងបង្កប់ក្រោមកញ្ចក់មុខ!
ភ្ជាប់ទៅនឹងពាក្យសំដីរបស់អ្នកវិភាគ Ming-Chi Kuo បានលើកឡើងថា ទូរស័ព្ទ iPhone របស់ Apple ចេញឆ្នាំនេះ នឹងមិនទាន់អាចវាយលុកលើការចែកចាយលក់ខ្លាំងគួរកត់សម្គាល់នៅឡើយ។ នេះគឺមានន័យថា ក្រុមហ៊ុន Apple អាចមានគម្រោងចេញរំលោងម៉ូដែល iPhone 7s ដោយនឹងចេញ iPhone 8 ជំនួសវិញនៅឆ្នាំ២០១៧ ក្រោយនេះ។ ផ្អែកតាមរបាយការណ៍ទើបចេញផ្សាយថ្មីៗនេះ ឱ្យដឹងថា iPhone 8 ទើបជាជំនាន់ដែល Apple នឹងធ្វើការរចនារូបរាងថ្មីគួរកត់សម្គាល់។
iPhone ស៊េរីឆ្នាំ២០១៧ មានពាក្យចចាមអារ៉ាមថា នឹងមានអេក្រង់មុខបង្កប់ដោយ Touch ID នៅខាងក្នុងអេក្រង់ ហើយអេក្រង់ថែមទាំងមានបង្កប់ដោយកាមេរ៉ាមុខ និង speaker ក្នុងនោះផងដែរ។ លក្ខណៈនេះ គេនឹងពុំចាំបាច់ប្រើប៊ូតុង Home ដើម្បីបញ្ចូល Fingerprint sensor ដូចជំនាន់មុនឡើយ។
កន្លងទៅមានលេចរូបគ្រោងឆ្អឹង iPhone 7 ដែលវាមានការឌីហ្សាញស្រដៀងខ្លាំងទៅនឹង iPhone 6s នៅឡើយ។ iPhone 8 ទើបជាទូរស័ព្ទជំនាន់ថ្មីដែលនឹងមានរចនាបថខុសមុនច្រើន ហើយនឹងត្រូវប្រកាសចេញនៅឆ្នាំ២០១៧ ខាងមុខ។ ខណៈ iPhone 7 នឹងមិនមានរូបរាងថ្មីខុសប្លែកមុននោះ ក៏មានការជជែកអំពីរចនាបថខុសប្លែកបន្តិចបន្តួច នៅត្រង់ខ្សែអង់តែនពណ៌ស នៅសម្បកក្រោយ នឹងត្រូវដកចេញ។
ក្រៅពីមានការឌីហ្សាញរូបរាងថ្មីខុសប្លែកមុន ទូរស័ព្ទ iPhone 8 ដែលចេញនៅឆ្នាំ២០១៧ ក៏នឹងត្រូវក្រុមហ៊ុន Apple ផលិតឱ្យមានអេក្រង់ធំជាងមុនរហូតដល់ ៥,៨អ៊ីញសម្រាប់ម៉ូដែល iPhone 8 Plus ហើយបំពាក់លកញ្ចក់កោង ប្រភេទ AMOLED៕