Twitter កំពុងធ្វើតេស្តដាក់ប៊ូតុង Live នៅលើកម្មវិធី Twitter អាចថតវីដេអូផ្សាយផ្ទាល់ដូច Live Video របស់ Facebook ដែរ
ខណៈដែល Facebook កំពុងផ្ដោតអភិវឌ្ឍមុខងារផ្សាយវីដេអូផ្ទាល់ Live Video នោះ ចំណែកពេលនេះ បណ្ដាញសង្គម Twitter ត្រូវបានគេរាយការណ៍មកថា ក៏កំពុងធ្វើតេស្តប៊ូតុងថ្មី ផ្ដល់ការបង្ហោះវីដេអូផ្ទាល់ៗ Live Video នៅលើកម្មវិធី Twitter សម្រាប់ស្មាតហ្វូនផងដែរ។ ក្រុមហ៊ុន Twitter នឹងប្រើប្រាស់កម្មវិធី live video streaming ដែលមានឈ្មោះ Periscope ដើម្បីច្របាច់បញ្ចូលទៅលើកម្មវិធី Twitter app។
ក្រុមហ៊ុន Twitter បានបញ្ជាក់ប្រាប់គេហទំព័រ The Verge ថា ពេលនេះខ្លួនកំពុងធ្វើតេស្តកម្មវិធី Twitter នៅលើប្រព័ន្ធ Android OS ដែលមានមុខងារផ្សាយវីដេអូផ្ទាល់ Live Video នេះ ដោយបំពាក់មកជាមួយប៊ូតុង GO LIVE នៅទន្ទឹមគ្នានឹងប៊ូតុងថតវីដេអូ និងប៊ូតុងបញ្ចូលរូបថតបង្ហោះ នៅពេលអ្នកបង្កើត tweet។ កម្មវិធី Twitter ជំនាន់ថ្មីដែលបានដំឡើងចូលទៅស្មាតហ្វូនរបស់អ្នកប្រើ នឹងមានទំនាក់ទំនងជាមួយកម្មវិធី Periscope នៅពេលអ្នកចុចលើបូតុង LIVE។
ក្រុមហ៊ុនបានថ្លែងថា៖ «អ្នកប្រើទាំងអស់ នឹងមានលទ្ធភាពចាប់ផ្ដើមប្រើមុខងារ Periscope broadcast ពីកម្មវិធី Twitter ដោយផ្ទាល់»។ សូមបញ្ជាក់ថា ក្រុមហ៊ុន Twitter បានទិញយកសូហ្វ៊ែរផ្សាយវីដេអូផ្ទាល់ៗ Periscope នេះ កាលពីឆ្នាំ២០១៥ ហើយក៏មានក្រុមហ៊ុនផ្សេងទៀតដូចជា Vine និងកម្មវិធី standalone ផ្សេងៗទៀត ដើម្បីយកមកអភិវឌ្ឍបន្ថែម។ សព្វថ្ងៃ Facebook មានចំនួនអ្នកប្រើសរុបប្រមាណ ១,៦៥ពាន់លានគណនី ខណៈ ដែល Twitter មានត្រឹមតែ ៣១០លានគណនីប៉ុណ្ណោះ៕