វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​ (Strata Title) នៃ​បន្ទប់​ការិយាល័យ​សម្រាប់​ជួល​កំពុង​ងើប​ឡើង​​​​​



ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា សហគមន៍អន្តរជាតិបានសម្លឹងមើលវិស័យអចលនទ្រព្យប្រទេសកម្ពុជាយ៉ាងយកចិត្តទុកដាក់។ ក្រៅពីហេតុផលមួយនេះ ច្បាប់នៃព្រះរាជាណាកម្ពុជាក្នុងរយៈកាលចុងក្រោយ ស្តីពីសិទ្ធិលើ ការកាន់កាប់អចលនទ្រព្យរបស់ជនបរទេស ដែលត្រូវគេបានស្គាល់ថាវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ(Strata Title) ក៏ជាចំណុចទាក់ទាញមួយផងដែរ។ តើអ្វីជាវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title)? វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) សំដៅលើការកាន់កាប់កម្មសិទ្ធិប្រភេទលំនៅដា្ឋនខុនដូមួយ ដែលត្រូវបែកចែកគ្នាដាច់ដោយឡែកៗ ប៉ុន្តែនៅតែស្ថិតនៅក្នុងអគារខុនដូតែមួយ ដូច្នេះវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ត្រូវបានធ្វើឡើងដើម្បីធ្វើការសម្គាល់ម្ចាស់កម្មសិទ្ធិនៅក្នុង ប្រភេទលំនៅដ្ឋានខុនដូ អគារ ដែលមានច្រើនជាន់ ជាមួយម្ចាស់សហកម្មសិទ្ធិនៃអគារនោះ។ គោលការណ៍នេះត្រូវបានប្រើប្រាស់ដំបូងឡើងនៅក្នុងរដ្ឋញ៉ូសោធវ៉ែល ប្រទេសអូស្ត្រាលីហើយចាប់ផ្តើមមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីសិទ្ធិលើ “ការកាន់កាប់អចលនទ្រព្យរបស់ជនបរទេស” ចេញជាផ្លូវការក្នុងខែឧសភាឆ្នាំ២០១០។ ច្បាប់មួយនេះត្រូវបានត្រួសត្រាយផ្លូវសម្រាប់កំណើនវិស័យសេដ្ឋកិច្ច ក៏ដូចជាអនុញ្ញាតិឲ្យ ចំណែកទីផ្សារក្នុងតំបន់កាន់តែមានការប្រកួតប្រជែងយ៉ាងច្រើននៃវិនិយោគិន។ត្រលប់ទៅកាលពីប៉ុន្មានឆ្នាំមុនជនបរទេសគឺមានការលំបាកយ៉ាងច្រើនក្នុងការវិនិយោគ ប៉ុន្តែបន្ទាប់ពី ចេញច្បាប់ថ្មីនេះមក សំណង់អគារខ្ពស់ៗជាច្រើនចាប់ផ្តើមរីកដុះដាលឡើងគួរឲ្យកត់សម្គាល់ អ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យចាត់ទុកថានេះជាឱកាសសម្រាប់ទាក់ទាញអ្នក វិនិយោគបរទេសចូលមកក្នុងប្រទេសកម្ពុជាតាមរយៈវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ។ មុនពេលមានការចេញច្បាប់ថ្មីនៃការគ្រប់គ្រងកម្មសិទ្ធិអចលនទ្រព្យសម្រាប់ជនបរទេសវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ម្ចាស់កម្មសិទ្ធិអចលនទ្រព្យមិនត្រូវអនុញ្ញាតិ ឲ្យធ្វើការបែងចែកលក់ទៅឲ្យបុគ្គលឯកជនផ្សេងទៀតទេជាមួយនឹងបណ្ណ័កម្មសិទ្ធិប្លង់រឹង (Hard Title)។ រហូតដល់ឆ្នាំ២០១០វិនិយោគិនបរទេសមានសិទ្ធិគ្រប់គ្រងអចលនទ្រព្យរហូតដល់៧០%ជាមួយសហកម្មសិទ្ធិ ហើយជនបរទេសអាចមានសិទ្ធិជាម្ចាស់អចលនទ្រព្យបានតែអចលនទ្រព្យណាមួយដែលមានទីតាំងស្ថិតនៅចាប់ពីជាន់ទី១ឡើងទៅ។ ពីមួយជំហានទៅមួយជំហានលើសពីអគារលំនៅដ្ឋាន តម្រូវការកាន់តែខ្ពស់ឡើងពីអន្តរជាតិ នៃបន្ទប់ការិយាល័យសម្រាប់ជួលក្នុងក្រុងភ្នំពេញ ដែលនឹងក្លាយជាបណ្តុំទីផ្សារពាណិជ្ជកម្មរបស់សមាគមអាស៊ាន។ សម្រាប់វិនិយោគិនមួយចំនួនគិតថាខុនដូហាក់បីដូចជាត្រូវបានធ្វើការផ្គត់ផ្គង់នៅលើទីផ្សារមានចំនួនច្រើនពេក ធ្វើការទិញបន្ទប់ការិយាល័យវាហាក់បីដូចជាប្រឈមមុខនឹងហានិភ័យតិច ស្របពេលនឹងកំណើនសេដ្ឋកិច្ចដ៏លឿនរបស់ប្រទេសកម្ពុជាផងដែរ។ លោក ជេមស៍ ផាដីន (James Padden)ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជកម្មនៃក្រុហ៊ុន CBRE បានបញ្ចេញមតិមួយចំនួននៅក្នុងសន្និសីទលើកទី១ប្រចាំឆ្នាំស្តីពីទិដ្ឋភាពនៃទីផ្សារអចលនទ្រព្យឆ្នាំ២០១៦មានខ្លឹមសារដូចតទៅ៖ “ប្រសិនបើយើងក្រលេកមើលទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា ខ្ញុំគិតថាវាមានសារៈសំខាន់សម្រាប់ធ្វើការគិតពិចារណានៃតម្រូវការទីផ្សារ នៃអគារការិយាល័យសម្រាប់ជួល។ តម្រូវការទាំងអស់នេះកើតឡើងដោយសារតែកំណើនពាណិជ្ជកម្ម ជំនួញជួញដូរ និងកំណើនសេដ្ឋកិច្ច ប្រសិនបើគ្មានជំនួញជួញដូរ គ្មានកំណើនពាណិជ្ជកម្ម វាមិនចាំបាច់ត្រូវការបន្ទប់ការិយាល័យនោះឡើយ” ។ លោក ផាដីន បានគូសបញ្ជាក់បន្ថែមទៀតថា ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៥ កំណើនការនាំចូលពី ៦ពាន់៧រយលានដុល្លារអាមេរិក រហូតដល់ ១១ពាន់៥រយលានដុល្លារអាមេរិក ការកើនឡើងនាំចូល រហូតដល់ ៧០%។ ចំណែកឯការនាំចេញមានកំណើនចាប់ពី ៦ពាន់លានដុល្លារអាមេរិក រហូតដល់ ៨ពាន់លានដុល្លារអាមេរិក ការកើនឡើងនាំចេញមានចំនួន៣០%។ លោក ផាដីន បានរំលឹកផងដែរអំពី កំណើនផលិតផលជាតិសរុបកើនឡើងរហូតដល់៧% ក្នុងមួយឆ្នាំៗ កំណើនផលិតផលជាតិសរុបមានការកើនឡើងចាប់ពី៨៧៨ដុល្លារអាមេរិកក្នុងឆ្នាំ២០១១ ដល់ ១៣២៥ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ ការកើនឡើងគួរឲ្យភ្ញាក់ផ្អើលគឺរហូតដល់៥០%ក្នុងរយៈកាលត្រឹមតែ៥ឆ្នាំចុងក្រោយ។ ភស្តុតាងជាក់ស្តែងកំណើនសេដ្ឋកិច្ច និងភាពជោគជ័យក្នុងវិស័យអចលនទ្រព្យ មានចំនួនខុនដូប្រហែល៦៨៩យ៉ូនីតដែលត្រូវបានប្រកាសក្នុងត្រីមាសទី៤ក្នុងឆ្នាំ២០១៥ ចំណែកឯតួលេខគម្រោងខុនដូដែលទើបចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៥នេះផងដែរមានចំនួនរហូតដល់៧០១៤យ៉ូនីត។ ក្នុងឆ្នាំ២០១៥មានចំនួនបន្ទប់ការិយាល័យចំនួន៥ដែលមានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ត្រូវបានដាក់លក់សម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ។ ស្របពេលដែលចលនានៃកំណើននៃការអភិវឌ្ឍន៍កាន់តែទៅមុខ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) នៃបន្ទប់ការិយាល័យនឹងក្លាយជា២៥%នៃចំណែកភាគហ៊ុនរបស់វិស័យការិយាល័យក្នុងឆ្នាំ២០២០ លទ្ធផលនេះយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនCBRE។ អត្ថប្រយោជន៍ចំបងនៃកាកើនឡើងនៃបន្ទប់ការិយាល័យសម្រាប់ជួល និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាដោយសារមូលហេតុនៃការចេញច្បាប់ថ្មីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីសិទ្ធិលើការគ្រប់គ្រងអចលនទ្រព្យរបស់ជនបរទេសនិងរយៈពេលនៃការវិនិយោគ វាពិតជាមានការចំណេញច្រើនសម្រាប់អ្នកលក់ និងអ្នកទិញក្នុងការផ្ទេរប្លង់នៃអចលនទ្រព្យ ទៅកាន់ម្ចាស់កម្មសិទ្ធិថ្មីស្របពេលកំណើននៃការអភិវឌ្ឍន៍គម្រោង។ ដំណើរការផ្សេងៗមានភាពសាមញ្ញ្ញ និយាយជារួមអ្នកលក់ និងអ្នកទិញមានសិទ្ធិពេញលេញក្នុងការកាន់កាប់ អចលនទ្រព្យរបស់ពួកគាត់។ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ(Strata Title)វាជាប័ណ្ណកម្មសិទ្ធិមួយដែលមានភាពងាយស្រួលស្នើសុំ ហើយវាជួយសម្រួលដល់ម្ចាស់កម្មសិទ្ធិក្នុងការកាន់កាប់អចលនទ្រព្យ ក៏ដូចជាការពង្រីកពាណិជ្ជកម្មរបស់ពួកគាត់ ច្បាប់នេះពិតជាត្រូវបានបង្កើតឡើងសម្រាប់ជួយសម្រួល និងការពារទ្រព្យធននៃជំនួញរបស់ពួកគាត់ផងដែរ។ ច្បាប់មួយនេះបង្កើតឡើង ហាក់បីដូចជាការផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគអន្តរជាតិដែលឈានជើងចូលក្នុងទីផ្សារកម្ពុជាលើកដំបូង។ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ(Strata Title)សម្រាប់បន្ទប់ការិយាល័យ និងលំនៅដ្ឋានក្នុងប្រទេសកម្ពុជាអាចឲ្យអ្នកវិនិយោគអន្តរជាតិសម្លឹងមកកាន់ទីផ្សារកម្ពុជាកាន់តែមានភាពរលូនសម្រាប់ធ្វើការវិនិយោគ។ សុវត្ថិភាព តម្លៃដែលប្រកបដោយគុណប្រយោជន៍ពិតជាអាចឲ្យអ្នកវិនិយោគធ្វើដំណើរមកកាន់ទឹកដីប្រទេសកម្ពុជាដើម្បីពង្រីកពាណិជ្ជកម្មយ៉ាងពិតប្រាកដ៕ ផ្ដល់សិទ្ធិ៖ realestate.com.kh
X
5s