Microsoft ​លក់​ជំនួញ​ទូរស័ព្ទ​ម៉ាក Nokia ឱ្យ Foxconn តម្លៃ ៣៥០លាន​ដុល្លារ​ រំពឹង​នឹង​មាន​ស្មាតហ្វូន Nokia ដើរ​ដោយ Android បង្ហាញ​ខ្លួន​​ឆ្នាំ​នេះ​



ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានសម្រេចលក់អាជីវកម្មទូរស័ព្ទស៊េរីទាប feature phone ក្រោមម៉ាកយីហោ Nokia ឱ្យទៅក្រុមហ៊ុន Foxconn ក្នុងតម្លៃ ៣៥០លានដុល្លារសហរដ្ឋអាមេរិក។ តាមរយៈកិច្ចព្រមព្រៀងទិញលក់នេះ Foxconn នឹងអាចផលិតទូរស័ព្ទប្រើម៉ាក Nokia ឡើងវិញបាន។ គេរំពឹងថា នឹងមានស្មាតហ្វូន Nokia បង្ហាញខ្លួនសារជាថ្មីដំណើរការដោយ Android OS នៅអំឡុងឆ្នាំនេះ។

2016-05-18-image-5

Foxconn នឹងទទួលបានសិទ្ធិក្នុងការប្រើប្រាស់ឈ្មោះម៉ាក Nokia នៅលើទូរស័ព្ទស៊េរីទាប feature phone ហើយក្រុមហ៊ុនថែមទាំងនឹងគ្រប់គ្រងលើផ្នែកសូហ្វ៊ែរទូរស័ព្ទ និងសេវាកម្ម Nokia។ Foxconn ថែមទាំងកាន់កាប់ទ្រព្យសម្បត្តិរបស់រោងចក្រ Microsoft នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើផ្អែកតាមសេចក្ដីប្រកាសរបស់ Microsoft ហើយបុគ្គលិក Microsoft ប្រមាណ ៤៥០០នាក់ នឹងមានឳកាសចួលបម្រើការនៅក្នុងរោងចក្រ Foxconn ឬនៅក្នុងបុត្រសម្ព័ន្ធក្រុមហ៊ុនជាដើម។

Bikes Parked Outside Nokia Corporation Buildings

ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបញ្ចប់សព្វគ្រប់នៅអំឡុងត្រីមាសទី២ ឆ្នាំនេះ បន្ទាប់ពីមានការអនុម័តបទប្បញ្ញត្តិ និងលក្ខខណ្ឌផ្សេងៗ ដូចជាការទិញភាគហ៊ុន និងការច្របាច់បញ្ចូលគ្នាជាដើម។ ខណៈ Microsoft លក់ជំនួញ feature phone ម៉ាក Nokia ទៅឱ្យ Foxconn នោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានស្នាក់ការនៅក្រុង Redmond នេះ នឹងបន្តអភិវឌ្ឍសូហ្វ៊ែរ Windows 10 Mobile។ ក្រុមហ៊ុន លើកឡើងថា ខ្លួននឹងបន្តអភិវឌ្ឍស្មាតហ្វូន Windows 10 ដូចជា Lumia 650, 950 និង 950XL ក៏ដូចជាផ្គត់ផ្គង់ប្រព័ន្ធដំណើរការនៅលើផលិតផលរបស់ Acer, HP, Alcatel, Vaio ឬ Trinity ជាដើម។ ចចាមអារ៉ាមបានលើកឡើងថា ការច្របាច់បញ្ចូលនេះ នឹងបន្សល់នូវបុគ្គលិក Microsoft ដែលធ្វើការលើគម្រោងស្មាតហ្វូន Lumia ផ្ដោតលើការអភិវឌ្ឍស្មាតហ្វូនទំនើបឈ្មោះ Microsoft Surface Phone វិញ៕
X
5s