យុវជន និងជំនួញផ្នែករចនាផ្ទៃខាងក្នុង (Interior design) នៅកម្ពុជា
ពីមួយឆ្នំាទៅមួយឆ្នំាស្តង់ដាររស់នៅរបស់ប្រជាជននៅក្នុងក្រុងភ្នំពេញកាន់តែមានភាព ប្រសើរឡើង យើងឃើញមានគម្រោងសាងសង់ច្រើនសន្ធឹកសន្ធាប់បន្តគ្នាឥតដាច់ដូចជា៖ អគារពាណិជ្ជកម្ម ផ្សារទំនើប កន្លែងកំសាន្ត លំនៅដ្ឋានប្រណិតៗ ដែលជារូបភាពបង្ហាញពី ភាពលូយឆាយរបស់អ្នករស់នៅក្នុងតំបន់។
ភាពទាន់សម័យរបស់អ្នករស់នៅក្នុងតំបន់ត្រូវបានសង្កេតឃើញ មានការទាមទារកាន់តែខ្ពស់ឡើង ដូចនេះការធ្វើជំនួញអាជីវកម្មនៅក្នុងប្រទេសកម្ពុជាគឺកំពុងតែប្រកួតប្រជែងយ៉ាងស្វិតស្វាញគួរជាទីចាប់អារម្មណ៍យ៉ាងខ្លំាង។ យើងសង្កេតឃើញថាបច្ចុប្បន្ននេះការប្រកួតប្រជែងនៅក្នុងរបរជំនួញមានការចូលរួមពីយុវជនជាច្រើន ពួកគេមានមហ្ចិតា ការតំាងចិត្តខ្ពស់ ឆ្លាតវៃ ពោរពេញដោយការច្នៃប្រឌិត។
បច្ចុប្បន្នយើងសង្កេតឃើញថាយុវជនកម្ពុជាជាច្រើនដែលទើបបញ្ចប់ការសិក្សា បានឈាន ជើងចូលរួមក្នុងជំនួញយ៉ាងសកម្ម។ ពួកគេបានពំានំានូវមហិច្ចតា ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបានជោគជ័យនៃជំនួញរបស់ពួកគេ។
ចាប់ផ្តើមពីជំនួញខ្នាតតូចជាមួយនឹងការប្រលូកក្នុងអាជីវកម្មថ្មីថ្មោង ការភ័យខ្លាចទំាងប៉ុន្មានហាក់បីដូចជាគ្មានសោះនៅក្នុងខ្លួន ទន្ទឹមនឹងការកើនឡើងនូវគម្រោងសាងសង់ ភោជនីយដ្ឋាន កន្លែងកំសាន្ត លំនៅដ្ឋានប្រណិតៗ បានធ្វើឲ្យអាជីវកម្មខាងការតុបតែងផ្នែកខាងក្នុង (Interior Design) មានការកើនឡើងនិងមានប្រជាប្រិយភាពយ៉ាងខ្លំាងក្នុងរយៈពេលប៉ុន្មានឆ្នំាងចុងក្រោយនេះ។
ការបើកអាជីវកម្មមួយនៅក្នុងប្រទេសកម្ពុជាវាហាក់បីដូចជាមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ការទទួលគម្រោងតុបតែងផ្ទៃខាងក្នុងដែលជាអាជីវកម្មមួយដែលទាក់ទងនឹងការច្នៃប្រឌិតបង្កើតឲ្យកាន់តែមានភាពស្រស់ស្អាតនឹងទាក់ទាញ វាត្រូវបានស្តែងចេញជាចំណុចសំខាន់មួយផងដែរក្នុងការទាក់ទាញអតិថិជន និងបង្ហាញភាពជាអត្តសញ្ញាណនៃ កន្លែងមួយនោះ។ “សម្រាប់ការងារដែលទទូលបានដូចជាគម្រោងតុបតែងលំអផ្ទៃខាងក្នុង ភាគច្រើនជាហាងលក់សំលៀកបំពាក់ ស្ប៉ា និងមានជាច្រើនទៀត តម្រូវការរបស់អតិថិជន ភាគច្រើនពួកគាត់ចូលចិត្តប្រភេទម៉ូតច្របាច់ចូលគ្នារវាងម៉ូតនិយមទាន់សម័យ និងបែបក្លាសិកបែបបុរាណ” នេះជាសម្តីរបស់កញ្ញា ម៉ាវ៉ាលី ឈឿម ជាបុគ្គលិកនៅក្នុងក្រុមហ៊ុន
តុបតែង Studio INT. កញ្ញាបានបន្ថែមទៀតថា “តម្រូវការទីផ្សារក្នុងវិស័យអចលនទ្រព្យ ពិតជាខ្ពស់ក្នុងទីផ្សារពេលបច្ចុប្បន្ន ហើយការប្រកួតប្រជែងក៏មានលក្ខណៈស្វិតស្វាញយ៉ាងខ្លំាងផងដែរ។ កញ្ញាបានបន្ថែមដូចនេះថា៖ “ធ្វើដំណើរកំសាន្តឲ្យបានច្រើន រៀនអ្វីដែលថ្មីព្យាយាមរកគំនិតច្នៃប្រឌិត មិនមែនការចំលងពីគេទំាងស្រុង នេះជាអ្វីដែលចំាបាច់ត្រូវតែមានក្នុងការតុបតែងតែផ្ទៃខាងក្នុង”។
“ទីផ្សារនៃការរចនាផ្ទៃខាងក្នុង និងការសាងសង់នៅក្នុងប្រទេសកម្ពុជាពិតជាមានការប្រកួតប្រជែងយ៉ាងខ្លំាង” តាមការស្រង់សម្តីរបស់ លោកហ៊ាង វេនវិទូ សហកម្មសិទ្ធិនៃក្រុមហ៊ុនតុបតែង និងសាងសង់ស្ថាបនា។ “ស្រលាញ់ក្នុងការតុបតែងជាមួយនឹងគំនិតសិល្បៈតំាងពីក្មេង ទោះដំបូងឡើយមុននឹងការបង្កើតក្រុមហ៊ុននេះឡើង គ្មានទំាងទីតំាង ច្បាស់លាស់ គ្មានអតិថិជនមួយសោះក្នុងដៃ សូម្បីតែថវិការមានស្តួចស្តើងមែនទែន មានសមាជិកចំនួន៣នាក់ក៏បានសម្រេចចិត្តបង្កើតក្រុមហ៊ុនតុបតែង និងសាងសង់ដែលមានឈ្មោះថា ស្ថាបនានេះឡើងតែម្តង” នេះជាសម្តីរបស់លោកវិទូបានបន្ថែម។
ព័ត៌មានលម្អិត សូមអាន realestate.com.kh
ផ្ដល់សិទ្ធិ៖ realestate.com.kh