កំហុស ៧យ៉ាងដែលអ្នកប្រើ iPhone តែងធ្វើរាល់ថ្ងៃមិនចាប់អារម្មណ៍ទាល់តែសោះ
សង្កេតឃើញ អ្នកប្រើឧបករណ៍អេឡិចត្រូនិកមួយភាគធំពុំបានមើលធ្ងន់ក្នុងការថែទាំរបស់របរដែលខ្លួនកំពុងមាននោះឡើយ។ ជាក់ស្ដែងការប្រើទូរសព្ទដៃទំនើបៗជាដើម។ ដោយសារយើងមិនមែនជាអ្នកជំនាញអី ខាងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូច្នេះហើយទើបអ្នកប្រើមួយចំនួនពុំបានដឹងពីចំណុចគួរជៀសវាង ខ្លះៗនៅលើទូរសព្ទនោះទេ។ ខាងក្រោមនេះ ជាកំហុស ៧យ៉ាងដែលអ្នកប្រើ iPhone សព្វថ្ងៃពុំសូវបានគិតគូរសោះ៖
១. មិនសូវ ឬមិនដែលបិទ (turn off) iPhone សោះ៖ គួរ ណាស់បិទ (turn off) iPhone យ៉ាងហោចម្ដងក្នុងមួយសប្ដាហ៍។ ធ្វើដូចនេះ ដើម្បីបិទផ្ដាច់ service ដែលមិនចាំបាច់មួយចំនួន ព្រោះទោះបីអ្នកបិទ app នៅលើ task manager ក៏នៅតែមិនអាចបញ្ឈប់ service បានទាំងស្រុងឡើយ។ ធ្វើដូចនេះ គឺអាចជួយសន្សំសំចៃថ្មបានមួយកម្រិត។
២. បើក Wi-Fi និង Bluetooth ចោលគ្រប់ពេល៖ ដូចនេះនឹងធ្វើឱ្យទូរស័ព្ទឆាប់អស់ថ្ម មិនតែប៉ុណ្ណោះប្រសិនអ្នកធ្វើការតភ្ជាប់រវាងឧបករណ៍ណាមួយនោះ នឹងធ្វើឱ្យ iPhone ឡើងកម្ដៅខ្ពស់។ ដូច្នេះ សូមគិតគូរចំណុចនេះ ប្រសិនឈប់ប្រើ គួរណាស់តែបិទឱ្យបានត្រឹមត្រូវ។
៣. ប្រើដោយគ្មានខ្វាយខ្វល់ពីកម្ដៅ៖ មិនថាតែ iPhone ទេ ទូរសព្ទដទៃក៏ដូចគ្នា គឺមិនអាចទ្រាំទ្រនឹងសីតុណ្ហភាពក្ដៅពេក ឬត្រជាក់ពេកបានឡើយ។ ធ្វើដូចនេះមិនត្រឹមតែបណ្ដាលឱ្យថ្ម និងទូរសព្ទឆាប់ខូចប៉ុណ្ណោះទេ អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើក៏ថាបានព្រោះអាចផ្ទុះដូចករណី ផ្ទុះ iPhone និង Galaxy កន្លងមក។ ដូច្នេះប្រសិនឡើងកម្ដៅខ្លាំងដោយកត្តាណាមួយ គួរណាស់តែ restart ឬបិទទូរស័ព្ទមួយស្របក ដើម្បីទុកឱ្យចុះត្រជាក់សិន ចាំប្រើ។
៤. មិនប្រើឆ្នាំងហ្សិន (original) ទេ ប្រើតែរបស់ក្លែងក្លាយ៖ អ្នកខ្លះយល់ថា របស់ហ្សីនមានតម្លៃថ្លៃពេក ដូច្នេះហើយទិញប្រើតែរបស់ក្លែងក្លាយ ដោយមិនបានគិតគូរលើចំណុចសំខាន់ក្នុងការបង្ការគ្រោះថ្នាក់ផ្ទុះ ទូរសព្ទនោះទេ។ ឆ្នាំងសាកក្លែងក្លាយអន់គុណភាព នៅពេលសាកថ្មធ្វើឱ្យទូរសព្ទឡើងកម្ដៅខ្លាំងបំផុត រហូតអាចបង្កគ្រោះថ្នាក់ផ្ទុះទូរសព្ទបាន។
៥. មិនសូវចេះសម្អាត៖ ទិញប្រើឱ្យតែបានម៉ាតេ (call) មិនសូវយកពេលសម្អាតទាល់តែសោះ នេះជារឿងធម្មតាសម្រាប់អ្នកប្រើប្រាស់ទូទៅ ជាពិសេសអ្នកដែលមមាញឹកនឹងមុខរបររកស៊ី។ ទោះជាយ៉ាងណា ក៏កុំឱ្យមើលរំលងព្រោះថា ទូរសព្ទអ្នកកាន់ប្រើក្នុងស្ថានភាព គ្រប់មជ្ឈដ្ឋានជារៀងរាល់ថ្ងៃប្រាកដជាសម្បូរដោយមេរោគមិនខាន ដែលនេះបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព។ អ្នកខ្លះចាប់កាន់របស់ស្មោកគ្រោកហើយ មិនបានលាងដៃត្រឹមត្រូវក៏ចាប់កាន់ទូរសព្ទមុនទៅហើយ។
៦. មើលវីដេអូមិនដាក់ឱ្យផ្ដេកអេក្រង់៖ ធម្មតាវីដេអូតែងមានកម្រិត resolution បណ្ដោយ និងទទឹង ឬផ្ដេក និងបញ្ឈរ។ វីដេអូភាគច្រើន ស្ថិតក្នុងទម្រង់ផ្ដេក។ ត្រង់ចំណុចនេះ ពុំចាំបាច់និយាយច្រើនទេ ប្រហែលប្រិយមិត្តជាច្រើនសុទ្ធតែយល់ដឹងច្បាស់ហើយ គួរមើលបញ្ឈរ ឬផ្ដេកនោះ វាអាស្រ័យលើវីដេអូតែប៉ុណ្ណោះ។
៧. មិនដាក់ Password ការពារ iPhone ទេ៖ កុំមើលស្រាលចំណុចនេះ សង្កេតឃើញអ្នកប្រើទូរសព្ទសព្វថ្ងៃហាក់មិនសូវខ្វាយខ្វល់សោះ ដោយអាងថា ខ្លួនជាអ្នកកាន់ទៅហើយ។ ចុះប្រសិន ត្រូវបានចោរលួចនោះ តើទិន្នន័យដែលសំខាន់នឹងទៅជាយ៉ាងណា? រឿងសម្ងាត់ជាច្រើនប្រាកដជាមាន។ ដូច្នេះត្រូវពិចារណាឡើងវិញ៕
ក្នុងចំណោម ៧ចំណុចខាងលើ តើត្រូវនឹងអ្នកប៉ុន្មានចំណុច?
ដោយ៖ រឹទ្ធិរាជ