PayPal នឹងដកកម្មវិធី PayPal app ចេញពីប្រព័ន្ធ BlackBerry, Windows Phone និង Fire OS ចាប់ពីខែក្រោយ!
កាលពីប៉ុន្មានខែមុន មានសេចក្ដីរាយការណ៍ថា បណ្ដាក្រុមហ៊ុនធំៗខ្លះ ប្រកាសនឹងឈប់ផ្ដល់ការអភិវឌ្ឍកម្មវិធី (app) សម្រាប់ស្មាតហ្វូនប្រើ BlackBerry OS តទៅទៀត។ ចំណែកពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយទៀតគឺ PayPal ក៏បានបញ្ជាក់គម្រោងដូចគ្នានេះដែរ។ ប៉ុន្តែមិនត្រឹមតែ PayPal ឈប់អភិវឌ្ឍកម្មវិធីខ្លួននៅលើ BlackBerry ប៉ុណ្ណោះទេ តែថែមទាំងដកចេញពី Windows Phone និង Fire OS របស់ Amazon ទៀតផង។
ចាប់ពីថ្ងៃទី៣០ ខែមិថុនា ក្រោយនេះ កម្មវិធីទូរស័ព្ទ PayPal នឹងមានឱ្យប្រើប្រាស់តែនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ប៉ុណ្ណោះ។ ក្រុមហ៊ុនមិនបានបកស្រាយលំអិតអំពីមូលហេតុដែលអ្នកឱ្យក្រុមហ៊ុនដកចោលការគាំទ្រកម្មវិធីខ្លួនទៅលើប្រព័ន្ធប្រតិបត្តិការទាំងបីនេះឡើយ។ អនុប្រធានផ្នែកផលិតផលរបស់ PayPal អ្នកស្រី Joanna Lambert បានលើកឡើងថា៖ «វាពិបាកនឹងសម្រេចចិត្ត ក្នុងការដកការគាំទ្រកម្មវិធី PayPal app ចេញពី Platform ទាំងបី ប៉ុន្តែយើងជឿថា វាជារឿងដ៏ត្រឹមត្រូវ ដើម្បីប្រាកដថា យើងកំពុងវិនិយោគទៅលើធនធានរបស់យើងក្នុងការបង្កើត បទពិសោធន៍ល្អបំផុតសម្រាប់អតិថិជនរបស់យើង»។
ការដកចេញ PayPal app នេះ មិនមែនមានន័យថា ក្រៅពីប្រព័ន្ធ Android និង iOS នឹងមិនអាចប្រើប្រាស់សេវាកម្ម PayPal បាននោះទេ។ ក្រុមហ៊ុនបានគូសបញ្ជាក់ថា សេវាកម្មរបស់ខ្លួននឹងនៅតែអាចត្រូវបានប្រើប្រាស់ ដោយបើកចូលតាមវែបសាយក្នុងកម្មវិធី browser បាន។
លើសពីនេះ អ្នកប្រើ BlackBerry ក៏អាចនៅតែប្រើកម្មវិធី BBM app ដើម្បីផ្ញើការបង់ប្រាក់លក្ខណៈ peer-to-peer តាម PayPal បានដដែល។ ហើយនៅលើ Windows Phone អ្នកមានគណនី Outlook.comនឹងអាចបើកមុខងារ PayPal add-in ដើម្បីផ្ញើប្រាក់ដោយផ្ទាល់តាម inbox បានផងដែរ។
សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំមុន WhatsApp បានប្រកាសថា ខ្លួននឹងដកកម្មវិធីរបស់ខ្លួនចេញពី Flatform មួយចំនួន រួមមាន BlackBerry OS, BlackBerry 10។ ហើយរយៈពេល ១ខែក្រោមក ក្រុមហ៊ុន Facebook ដែលជាម្ចាស់ថ្មីរបស់ WhatsApp ក៏បានសម្រេចដកចេញពិតមែន៕