ទូរស័ព្ទ iPhone រង់ចាំទាល់តែ ៣ឆ្នាំងម្ដងទើបមានការឌីហ្សាញថ្មីដូច្នេះ iPhone 7 នឹងដូច iPhone 6/6s
យោងតាមប្រភពព័ត៌មានអាស៊ី (asia.nikkei.com) ឱ្យដឹងថា ក្រុមហ៊ុន Apple ហាក់ដូចជាបានកំណត់រយៈពេល ក្នុងការឌីហ្សាញរូបរាងទូរស័ព្ទ iPhone ថ្មីរបស់ខ្លួន នៅរាល់រយៈពេល ៣ឆ្នាំម្ដង។ នេះមានន័យថា iPhone 7 ដែលនឹងត្រៀមបង្ហាញមុខនៅចុងឆ្នាំ២០១៦ នេះ ក៏នឹងមានរូបរាងដូចជា iPhone 6 និង iPhone 6s ដដែល។
គំរូ iPhone 7 ដែលគេសន្និដ្ឋានថាអាចជាការពិត
រយៈពេលជាង ២ឆ្នាំចុងក្រោយ ក្រុមហ៊ុន Apple បានចេញលក់ iPhone 6/6 Plus និង iPhone 6s/ 6s Plus ដែលមានរូបរាងរចនាដូចគ្នា គ្រាន់តែមានការកែលំអលើសមត្ថភាព hardware និងសូហ្វ៊ែរប៉ុណ្ណោះ។ ដូច្នេះគេជឿថា iPhone 7 ក៏មានរចនាបថមិនខុសគ្នាខ្លាំង ប្រៀបធៀបនឹង iPhone 6/ 6S នោះឡើយ គ្រាន់តែនឹងត្រូវបំពាក់សមត្ថភាព hardware រឹតតែខ្ពស់ ដំណើរការលឿនជាងមុន។ iPhone 6/ 6s និង iPhone 7 នឹងជាទូរស័ព្ទដែលមានរូបរាងស្រដៀងគ្នានៅរយៈពេល ៣ឆ្នាំជាប់គ្នានេះ។ របាយការណ៍នេះ លើកឡើងស្របពេលដែលកន្លងទៅក៏ធ្លាប់មានលេចចេញរូបគ្រោងឆ្អឹងទូរស័ព្ទដែលគេអះអាងថា ជា iPhone 7/ 7 Plus។ មើលតាមរូបរាង schematic នោះ គឺវាមានរូបរាងស្រដៀងខ្លាំងទៅនឹង iPhone 6s ដោយខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះជាក់ស្ដែងស្នាមខ្សែបន្ទាប់អង់តែនដែលស្ថិតនៅផ្នែកខាងក្រោយប៉ុណ្ណោះ។ លើសពីនេះ របាយការណ៍កន្លងទៅបញ្ជាក់ថា iPhone 7 Plus នឹងមានកាមេរ៉ាក្រោយចំនួនពីរ ចំណែក iPhone 7 នៅរក្សាកាមេរ៉ា ១គ្រាប់ដដែល ហើយរន្ធកាសទំហំ ៣,៥មិល្លីម៉ែត្រ នឹងត្រូវដកចេញ ប្រើរួមគ្នានឹងរន្ធសាកថ្មគឺ smart connector។ គេរំពឹងថា iPhone 7 ទាំងពីរម៉ូដែល នឹងត្រូវក្រុមហ៊ុន Apple សម្ពោធចេញនៅអំឡុងខែកញ្ញា ខាងមុខ អមដោយលក្ខណៈ សម្បត្តិកាន់តែល្អជាងជំនាន់មុនៗ៕