លេចតម្រុយថ្មីពី Galaxy Note 7ដែលអាចចេញនៅឆ្នាំនេះ តែមិនមែនជា Note 6 ទេ!
រាយការណ៍ថ្មីមួយឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងចេញរំលង Galaxy Note 6 ដោយប្រើឈ្មោះ Galaxy Note 7 តែម្ដង សម្រាប់ការប្រកាសផេប្លេតជំនាន់ថ្មីក្នុងឆ្នាំនេះ។ ពេលនេះគេទើបទទួលបានដំណឹងបន្ថែមទៅលើកាលបរិច្ឆេទសម្ពោធផ្លូវការ។
ចចាមអារ៉ាមកន្លងទៅលើកឡើងថា Galaxy Note 7 អាចនឹងបង្ហាញខ្លួនផ្លូវការនៅអំឡុងខែសីហាខាងមុខ ប៉ុន្តែបើតាមប្រភពព័ត៌មានថ្មីពីគណនី Twitter ឈ្មោះ Evan Blass នេះវិញថា ឧបករណ៍ក្លាយរវាងស្មាតហ្វូន និងថេប្លេត នេះនឹងត្រូវក្រុមហ៊ុន Samsung វែកមុខនៅសប្ដាហ៍ទី១ ក្នុងខែសីហាខាងមុខ។
លក្ខណៈសម្បត្តិដែលគេរំពឹងនឹងបំពាក់នៅលើ Galaxy Note 7 រួមមាន៖ អេក្រង់ទំហំ ៥,៨អ៊ីញប្រភេទ QHD អមដោយ resolution 2560x1440px មានអង្គប្រតិបត្តិ Qualcomm Snapdragon 820 ហើយផេប្លេតនេះ អាចនឹងមាន RAM ទំហំដល់ 6GB។
រូបបែកធ្លាយដែលគេសន្និដ្ឋានថាជា Galaxy Note 6 ឬ Note 7
មេម៉ូរីម៉ាស៊ីននៅលើ Galaxy Note 7 ត្រូវគេរំពឹងថា នឹងមានទំហំចាប់ពី 32GB ហើយទំហំធំបំផុតមានដល់ 256GB។ ចំពោះកាមេរ៉ានៅលើ Note 7 គឺមានគុណភាព និងទំហំដូចនៅលើ Galaxy S7 / S7 Edge ដែលខាងមុខទំហំ 5MP និងខាងក្រោយទំហំ 12MP។ ចំណែកបើយោងតាមសេចក្ដីរាយការណ៍ពីគេហទំព័រ Techspot វិញឱ្យដឹងដែរថា Note 7 អាចនឹងមានរន្ធ USB-C បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក និងមុខងារទំនើបជាច្រើនទៀត។ Galaxy Note 7 នឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android Marshmallow ហើយអាចបែងចែកជាពីរម៉ូដែលគឺ Note 7 អេក្រង់រាបស្មើ និង Note 7 Edge អេក្រង់កោង៕