ចិនទើបចេញលក់នាឡិកា Smartwatch ទំនើបបំពាក់ Projector អាចបញ្ចាំងស្លាយដ៍ទំហំ ៦០អ៊ីញ (Video)
Smartwatch កំពុងដុតកម្ដៅលើទីផ្សារអេឡិចត្រូនិក ជាមួយបច្ចេកវិទ្យាទំនើប មុខងារឆ្លាតវៃ និងត្រូវបានឌីហ្សាញឡើងមានរូបរាងស្អាតប្រណិត។ ទន្ទឹមអេក្រង់នាឡិកាឆ្លាតវៃត្រូវបានអភិវឌ្ឍពង្រីកធំឡើង តាំងពី ១,៥អ៊ីញ ហើយបច្ចុប្បន្នមានដល់ ៣អ៊ីញនោះ ក្រុមហ៊ុនចិន Asu ក៏បានបង្កើតភាពភ្ញាក់ផ្អើលជាមួយមុខងារពិសេសនៅលើ Smartwatch របស់ខ្លួនម៉ូដែល Asu Cast 1 ដោយបានបំពាក់នូវមុខងារបញ្ចាំងស្លាយដ៍ ផ្ដល់រូបភាពធំទូលាយងាយស្រួលអានព័ត៌មានរបស់នាឡិកា និងទស្សនាផ្សេងៗ។
https://youtu.be/Wdb5O-D7Y0Y
ក្រុមហ៊ុនចិន Asu បានសម្រេចផលិតចេញនាឡិកាភ្ជាប់ projector យ៉ាងតូចនៅលើនោះស្រាប់។ នាឡិកាឆ្លាតវៃ Asu Cast 1 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android អមដោយមុខងារបញ្ចាំងស្លាយដ៍បច្ចេកវិទ្យាឡាស៊ែ ដែលអាចឱ្យអ្នកងាយស្រួលបញ្ចាំងរូបភាពទៅលើផ្ទៃជញ្ជាំង ឬផ្ទាំងសំពត់ស បានច្បាស់ល្អ។ វាថែមទាំងអាចឱ្យបាញ់ពន្លឺឡាស៊ែពីនាឡិកាទៅលើខ្នងដៃ សម្រាប់បង្ហាញការប្រើប្រាស់ផ្សេងៗលើនាឡិកាបានងាយស្រួល ដែលមើលទៅហាក់ដូចជាអស្ចារ្យ ជាមួយបច្ចេកវិទ្យាកម្រមាន។
Projector ដែលបំពាក់នៅលើនាឡិកា គឺអាចបញ្ចាំងរូបក្នុងទំហំ ៦០អ៊ីញ ហើយផ្ដល់កម្រិតរូប 1280x 720px។ Asu Cast 1 បំពាក់ដោយអង្គប្រតិបត្តិ Qualcomm Snapdragon 400 ប្រភេទ quad-core អមដោយ RAM 768MB, មេម៉ូរីទំហំ 4GB, មានបច្ចេកវិទ្យាសាកថ្មឆាប់ពេញ (fast charging) មានភ្លើង notifications LEDs និងមានថាមពលថ្ម 740mAh។ នាឡិនានេះ បំពាក់ដោយអេក្រង់ touchscreen គាំទ្រមុខងារ multitouch input, Wi-Fi និង Bluetooth ហើយដំណើរការដោយ Android 5.1។
Smartwatch របស់ក្រុមហ៊ុនចិនខាងលើ មាន resolution អេក្រង់ទំហំ 1024x600px ផ្ដល់ពន្លឺច្បាស់ល្អ មានវិមាត្រ ២អ៊ីញ x ១,៦អ៊ីញ x ០,៦អ៊ីញ ហើយទម្ងន់ ៦៥ក្រាម ហើយមានកម្រាស់ក្រាស់ជាង smartwatch ជាច្រើននៅលើទីផ្សារបច្ចុប្បន្ន។ ពេលនេះនាឡិកាទំនើប Asu Cast 1 មានលក់នៅលើទីផ្សារចិនហើយ ដែលមានតម្លៃប្រហែល ៤៥៦ដុល្លារអាមេរិក៕