Facebook ​កំពុង​ធ្វើតេស្ត​មុខងារ​ថ្មី អាច​ឱ្យ​អ្នក​បង្ហោះ (Post) ​នៅ​លើ News Feed ​ប៉ុន្តែ​មិន​បង្ហាញ​ចេញ​​នៅ​លើ Timeline​



តាមសេចក្ដីរាយការណ៍ពីគេហទំព័រ techspot ឱ្យដឹងថា ក្រុមហ៊ុន Facebook ពេលនេះកំពុងធ្វើតេស្តមុខងារថ្មីនៅលើបណ្ដាញសង្គមយក្សរបស់ខ្លួន ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើដែលចង់តែបង្ហោះ Status នៅលើ News Feed ប៉ុន្តែមិនចង់ឱ្យមាននៅលើ Timeline របស់ខ្លួន។ មានន័យថា មុខងារនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើបង្ហោះរឿងរ៉ាវផ្សេងៗដែលខ្លួនចង់រាយរាប់នៅលើ News Feed ប៉ុន្តែមិនបង្ហាញនៅលើ Timeline នោះឡើយ។ បច្ចុប្បន្នបណ្ដាញសង្គម Facebook អាចឱ្យអ្នកធ្វើការលុបចេញនូវ Post ដែលបង្ហោះនៅលើ Timeline របស់ខ្លួន ដែលពាក់ព័ន្ធនឹងការស្វែងរក Post និងការរើសយកជម្រើសលាក់ផ្សេងៗនៅលើ Timeline។ អ្នកក៏អាចកំណត់នូវមនុស្សដែលអ្នកចង់ឱ្យមើលឃើញការបង្ហោះ status របស់អ្នក មុនពេលបង្ហោះឡើង Facebook ផងដែរ។ ប៉ុន្តែ សម្រាប់មុខងារថ្មីនេះ នរណាដែលសរសេរ Status ថ្មីនោះនឹងមើលឃើញប្រអប់អាចធីកបាន (checkbox) អមដោយឃ្លា “Hide from your Timeline” ដែលនឹងបញ្ជាក់នូវដែនមើលឃើញ Post របស់អ្នកទៅកាន់ News Feed របស់ Friend អ្នក ប៉ុន្តែមិនបង្ហាញនៅលើទំព័រ Profile របស់អ្នកបង្ហោះទេ។ យ៉ាងណា Post ដែលបានលាក់ទាំងនេះ នឹងបង្ហាញចេញនៅពេលគេស្វែងរក (Search) ហើយមានតែអ្នកទេ ដែលអាចបើកមើល (view) បាន។ នៅខណៈពេលនេះ មុខងារថ្មី អាចប្រើបានតែនៅលើការបើកប្រើ Facebook តាមវែប (Web) ហើយចំពោះតែអ្នកប្រើមួយចំនួនប៉ុណ្ណោះ។ ក្រុមហ៊ុន Facebook មិនបានបញ្ជាក់ថា នៅពេលណានឹងដាក់ចេញមុខងារថ្មីនេះឱ្យប្រើប្រាស់ទូទាំងពិភពលោកនៅឡើយ៕
X
5s