Google កំពុងសំងំផលិតឡានហោះ (Flying Car) ដឹកនាំដោយលោក Larry Page!
យោងតាមសេចក្ដីរាយការណ៍ពីគេហទំព័រ Bloomberg ថ្មីៗនេះឱ្យដឹងថា សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page បានចូលខ្លួនក្នុងការសំងំផលិតអភិវឌ្ឍគម្រោងរថយន្តហោះ (Flying Car) ស្ងាត់ៗ។ សហគ្រិនអ៊ីនធឺណិតនេះ បានបោះទុនប្រមាណ ១០០លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍គម្រោងរថយន្តទំនើបអស្ចារ្យនេះ ដោយបើកទីស្នាក់ការថ្មីមួយកន្លែងនៅជាប់នឹងស្នាក់ការកណ្ដាលនៅតំបន់ Mountain View ក្នុងរដ្ឋកាលីហ្វូរញ៉ាដែលបានដំណើរការតាំងពីឆ្នាំ២០១០។
តាមប្រភពព័ត៌មានដដែល ឱ្យដឹងទៀតថាក្រុមហ៊ុន Google បានជួលបុគ្គលិកមានសមត្ថភាពពីបណ្ដាក្រុមហ៊ុនល្បីៗទាក់ទងនឹងវិស័យអវកាសដូចជា បុគ្គលិកពីអង្គការ NASA, ជួលពីក្រុមហ៊ុនផលិតយន្តហោះ Boeing និងបុគ្គលិករបស់ SpaceX ជាដើម ដើម្បីមកអភិវឌ្ឍគំរូបឋមនូវរថយន្តមានសមត្ថភាពហោះឡើងទៅក្នុងលំហបានយ៉ាងអស្ចារ្យ។ រថយន្តហោះរបស់ Google នឹងតួខ្លួនមិនធំនោះទេ ដែលក្នុងនោះនឹងត្រូវបានគេរៀបចំធ្វើដូចជាកាប៊ីនយន្តហោះ ជាមួយបន្ទប់សម្រាប់មនុស្សម្នាក់អាចអង្គុយនៅខាងមុខ ហើយមានស្លាបចក្រនៅខាងក្រោយរថយន្ត។
គម្រោងនេះគឺដោយពឹងផ្អែកទៅលើប៉ាតង់បច្ចេកវិទ្យាដែលក្រុមហ៊ុនបានចុះបញ្ជីរួចរាល់តាំងពីឆ្នាំ២០១២ ពាក់ព័ន្ធនឹងវិស័យយន្តហោះ (aircraft) សម្រាប់បំពាក់ទៅលើរថយន្ត ធ្វើឱ្យវាអាចហោះហើរ និងអាចចុះចតបានដូចជាយន្តហោះអីចឹងដែរ។ រថយន្តហោះរបស់ Google នឹងអាចធានាបាននូវសុវត្ថិភាព សំឡេងស្ងាត់ ងាយស្រួលគ្រប់គ្រង ប្រសិទ្ធភាពដំណើរការខ្ពស់។
សូមបញ្ជាក់ថា លោក Larry Page ក៏មានគម្រោងស្រដៀងគ្នានេះរួចមកហើយ តែវាជាឧទ្ធម្ភាគចក្រដែលមានសមត្ថភាពបណ្ដែតខ្លួនលើអាកាស រយៈពេលជាង ១នាទី។ ដោយសារតែបែបនេះ គម្រោងនេះ បានឈ្នះពានរង្វាន់ Sikorsky នូវទឹកប្រាក់ប្រមាណ ២៥០.០០០ដុល្លារអាមេរិកកាលពីឆ្នាំ២០១៣៕