Galaxy Note 7 edge ត្រូវគេបង្ហើបរូបរាង មុនប្រកាសផ្លូវការ ឃើញច្បាស់អំពីអេក្រង់កោងបញ្ឆិត
អាថ៌កំបាំងខ្លះពាក់ព័ន្ធនឹងទូរស័ព្ទកូនកាត់ថេប្លេត Galaxy Note ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ពេលនេះ ត្រូវបានទម្លាយរឹតតែច្បាស់ ជាក់ស្ដែងដោយផ្អែកតាមរូបជន្លផ្ដល់ដោយជនអនាមិក គេអាចមើលឃើញរូបរាងស្រមោល ក៏ដូចជាគែមអេក្រង់ដែលមានលក្ខណៈ កោងបញ្ឆិត។
តាមសេចក្ដីរាយការណ៍ថ្មីចុងក្រោយ លើកឡើងថា ឆ្នាំនេះ ក្រុមហ៊ុន Samsung នឹងចេញរំលងឈ្មោះ Note 6 ផ្លោះទៅដល់ Note 7 ដោយហេតុថា ចង់ផ្គូផ្គងឈ្មោះឱ្យត្រូវ ឬទាន់ជំនាន់ស្មាតហ្វូនកំពូលដែលបានប្រកាសឆ្នាំនេះ គឺ Galaxy S7 ដែរ។ Samsung អាចមានការបារម្ភខ្លាច អតិថិជនមានការសង្ស័យថា Note 6 បំពាក់បច្ចេកវិទ្យាចាស់ជាង Galaxy S7 ទៅវិញ ម្ល៉ោះហើយការប្រើឈ្មោះ Note 7 គឺស័ក្ដិសមជាង។
មិនតែប៉ុណ្ណោះ ទូរស័ព្ទ iPhone 7 និង iPhone 7 Plus របស់ Apple ក៏ខិតជិតដល់កាលកំណត់ បង្ហាញខ្លួននៅប្រហែល ៣ខែខាងមុខ ទើប Galaxy Note 6 ស្ដាប់ទៅហាក់ដូចជាផលិតផលមួយបំពាក់បច្ចេកវិទ្យាដើរក្រោយគេ។
រូបដែលគេបង្ហោះខាងលើ អមមកដោយឃ្លា “write on the edge of something great” និងមានគែមអេក្រង់កោងបញ្ឆិតដូចជា Galaxy S7 edge ដែរ តែមានចំណុចលើសនៅត្រង់ប៊ិច S-Pen។ គេរំពឹងថា Galaxy Note 7 នឹងបំពាក់ដោយអេក្រង់ទំហំ ៥,៨អ៊ីញប្រភេទ Super AMOLED កម្រិត 1440x2560px QHD។
Note 7 នឹងបំពាក់ដោយឈីប 823 SoC ប្រភេទ quad-core CPU ក្រាហ្វិកប្រភេទ Adreno 530 និងមាន RAM ទំហំដល់ 6GB ។ កាមេរ៉ា Note 7 នឹងមានទំហំ 12MP សមត្ថភាពដូចនៅលើ S7 ដែរ អមដោយកម្រិត f/1.7 aperture៕