ចាប់ពីពេលនេះអ្នកលេង Facebook អាច comment ជា Video បានហើយ ក្រៅពីរូបថត និង Sticker!
បណ្ដាញទំនាក់ទំនងសង្គមខ្នាតយក្សនេះ បានទទួលបច្ចុប្បន្នភាពថ្មីៗឥតឈប់នៅមួយរយៈពេលចុងក្រោយ ជាក់ស្ដែងថ្មីៗនេះ Facebook បានបន្ថែមមុខងារពិសេស អាចឱ្យអ្នកលេង ធ្វើការបង្ហោះវីដេអូ (Video) ចូលទៅកន្លែងបញ្ចេញមតិ (Comment) របស់ Friend ឬ Page ឬអ្នកលេង Facebook ទូទៅបាន។ ការកែប្រែថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនដាក់ចេញមុខងារ ឱ្យអ្នកប្រើអាចត្រឹមតែបង្ហោះរូប (photo) ចូលទៅប្រអប់ Comment តាំងពីឆ្នាំ២០១៣ ប៉ុន្តែពេលនេះ គេថែមទាំងអាចបន្ថែម Video ចូលទីតាំង Comment បានផងដែរ។
ពេលនេះ អ្នកប្រើអាចធ្វើការ Comment ទៅលើ Status ឬ Post ផ្សេងៗរបស់ Friend ឬ Page ជាវីដេអូបាន។ ដើម្បី Comment ជាវីដេអូ អ្នកគ្រាន់តែចុចលើរូបសញ្ញាកាមេរ៉ា រួចហើយស្វែងរកវីដេអូខ្លីៗ ដែលអ្នកចង់បង្ហោះជាការស្រេច។ អ្នកអាចកត់សម្គាល់អំពីមុខងារថ្មីនេះ ដោយគ្រាន់តែដាក់ mouse នៅលើរូបសញ្ញាកាមេរ៉ា ណោះអ្នកនឹងឃើញឃ្លា “Attach a Photo or Video”។ អ្នកក៏អាចថតសំឡេងខ្លួនអ្នកផ្ទាល់ ដើម្បីងាយស្រួលបញ្ចេញមតិជាក់ស្ដែងទៅលើ Status មិត្តភ័ក្ដិក៏បាន។
លោក Bob Baldwin វិស្វករនៅក្រុមហ៊ុន Facebook បានលើកឡើងថា មុខងារថ្មីនេះ ត្រូវបានលើកឡើងមកពិភាក្សារយៈពេលមួយថ្ងៃនៅក្នុងព្រឹត្តិការណ៍ជួបជុំរវាងអ្នកសរសេរ និងអភិវឌ្ឍកម្មវិធី និងអ្នកអភិវឌ្ឍ Hardware ត្រូវបានហៅ “Hackathon” របស់ក្រុមហ៊ុន ក្នុងឆ្នាំ២០១៦ នេះ។
លោកបានបន្ថែមថា មុខងារថ្មីនេះ ជាវិធីមួយ ជួយឱ្យការភ្ជាប់ទំនាក់ទំនង ឬការជជែកអំពីមាតិកាមួយ រឹតតែងាយស្រួលយល់បានរហ័ស ខណៈ វីដេអូកំពុងមានការចាប់អារម្មណ៍ទស្សនា និងបង្ហោះយ៉ាងច្រើននៅលើបណ្ដាញសង្គម ក្រៅពីរូបថត រូបស្ទីកកឺ រូបសញ្ញាអារម្មណ៍ (emoji) ដែលសុទ្ធតែជាជម្រើសពិសេសៗ សម្រាប់ការបញ្ចេញមតិ។
សូមបញ្ជាក់ថា ប៉ុន្មានខែបន្ទាប់ពីក្រុមហ៊ុនបានដាក់ចេញមុខងារថ្មីពាក់ព័ន្ធនឹងវីដេអូ គឺ Video Live នោះ សង្កេតឃើញថា បណ្ដាអ្នកប្រើមានការចាប់អារម្មណ៍ និងប្រើប្រាស់យ៉ាងច្រើន ក្នុងមួយថ្ងៃៗ។ អ្នកថតវីដេអូផ្ទាល់ទាំងនោះ ភាគច្រើនជាអ្នកសិល្បៈ ដូចជាអ្នក ចម្រៀង តន្ត្រី កំប្លែង នោះទេ៕