Android នៅបន្តគ្របដណ្ដប់យកឈ្នះលើ iOS របស់ Apple និង Windows Phone
យោងតាមទិន្នន័យចុងក្រោយរបស់ក្រុមហ៊ុនស្រាវជ្រាវចំណែកទីផ្សារ Kantar Worldpanel ឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ Android របស់ Google នៅតែបន្តកាន់កាប់ចំណែកទីផ្សារប្រព័ន្ធសូហ្វ៊ែរទូរស័ព្ទធំបំផុត ដែលក្ដាប់ចំណែកទីផ្សារច្រើនជាងប្រព័ន្ធ iOS និង Windows Phone គិតត្រឹមត្រីមាសដើមឆ្នាំដែលបញ្ចប់ត្រឹមខែមេសា ២០១៦។
បន្ទាប់ពីបានសង្កេតទីផ្សារលក់ស្មាតហ្វូនរួចមក អ្នកឃ្លាំមើលឧស្សាហកម្មស្មាតហ្វូនជឿថា ប្រព័ន្ធសូហ្វ៊ែរ Android បានកាន់កាប់ចំណែកទីផ្សាររហូតដល់ ៧៦% នៃទីផ្សារស្មាតហ្វូនសាកល។ តួលេខជាមធ្យមភាគនេះ គឺបានកើនឡើង ៥,៨% ប្រៀបធៀបនឹងត្រីមាសដដែលកាលពីឆ្នាំទៅ។
សេចក្ដីរាយការណ៍ដដែលបានលើកឡើងទៀតថា កំណើនប្រព័ន្ធ Android ភាគច្រើនគឺបានពីអតិថិជនចាស់របស់ប្រព័ន្ធ Windows Phone ដែលពួកគេបានផ្លាស់ប្ដូរ ងាកមកប្រើប្រាស់ប្រព័ន្ធ Android វិញនៅអំឡុងត្រីមាសទី១ ឆ្នាំ២០១៦។ មួយឆ្នាំមុន ប្រព័ន្ធប្រតិបត្តិការ Windows Phone អាចក្ដាប់ចំណែកទីផ្សារបាន ៣,៨% នៅលើទីផ្សារអាមេរិក ហើយមាន ៩,៣% នៅលើទីផ្សារអឺរ៉ុបទាំងប្រាំប្រទេស (អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងអេស្ប៉ាញ)។
រីឯបច្ចុប្បន្ន Windows Phone បានធ្លាក់ចុះមកត្រឹម ១,៣% នៅលើទីផ្សារអាមេរិក ហើយនៅទីផ្សារអឺរ៉ុបក៏ធ្លាក់ចុះមកត្រឹម ៤,៨% វិញផងដែរ និងធ្លាក់ចុះជាសកលនៅតាមបណ្ដាទីផ្សារផ្សេងៗថែមទៀត។
ខណៈកំណើនប្រព័ន្ធ Android ភាគច្រើនបានពីអ្នកប្រើ Windows Phone នោះ ចំណែកឯប្រព័ន្ធ iOS របស់ Apple ក៏បានបាត់ចំណែកទីផ្សារមួយចំនួនផងដែរ។ នៅទីផ្សារអឺរ៉ុបប្រាំប្រទេស ចំណែកទីផ្សារ iOS របស់ Apple បានបាត់អស់ ១% គឺក្ដាប់បាន ១៨,៣%។ នៅទីផ្សារប្រទេសចិនវិញ iOS បានបាត់ចំណែកទីផ្សារ ៤,៤% ពោលគឺមកសល់ត្រឹម ២០,១%។
សូម្បីតែចំណែកទីផ្សារនៅលើទឹកដីរបស់ខ្លួន (អាមេរិក) iOS ក៏បានបាត់អស់ ២,៥% ផងដែរ បើប្រៀបធៀបនឹងត្រីមាសកាលពីឆ្នាំមុន ហើយបច្ចុប្បន្នក្ដាប់បាន ៣០,៧%។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីគឺ Windows 10 ខណៈ ដែល Google ក៏កំពុងត្រៀមដាក់ចេញប្រព័ន្ធ Android N នៅចុងរដូវក្ដៅឆ្នាំនេះផងដែរ៕