iPhone 7 នឹងបំពាក់ប៊ូតុង Home ជំនាន់ថ្មីមិនធ្លាប់មាន លែងប្រើដោយចុច តែដោយ Touch អាចកំណត់ការបញ្ជាផ្សេងៗបាន
មិនទាន់អស់ពាក្យចចាមអារ៉ាមអំពីលក្ខណៈសម្បត្តិថ្មីៗនៅលើ iPhone 7 ខុសប្លែកពីជំនាន់ iPhone មុនៗនៅឡើយ។ ជាក់ស្ដែងថ្មីៗនេះ មានសេចក្ដីរាយការណ៍ពីគេហទំព័រ mobipicker បានលើកឡើងអំពីលក្ខណៈសម្បត្តិថ្មីដែលមិនធ្លាប់មាននៅលើប៊ូតុង Home ថា នឹងត្រូវក្រុមហ៊ុន Apple កែប្រែដំណើរការរបស់វាពីការចុចសង្កត់ចុះក្រោម ទៅជាការប៉ះ touch វិញ។ នេះមានន័យថា ប៊ូតុង Home នៅលើ iPhone 7 នឹងបំពាក់មុខងារ touch-sensitive ជំនួសដោយការចុះសង្កត់វិញ។
អ្នកអាចសង្កេតមើលតាមរូបដែលលេចចេញនៅខាងលើបាន ដែលរូបនេះត្រូវបានគេសន្និដ្ឋានថា ជា iPhone 7 ពណ៌ស។ ស៊ែនសឺកាមេរ៉ាមុខ និង proximity ត្រូវបានផ្លាស់ប្ដូរទីតាំង។ ប៉ុន្តែចំណុចដែលមានការកត់សម្គាល់ខ្លាំងគឺនៅលើប៊ូតុង Home ដោយរង្វង់កងលោហធាតុដែលស្ថិតនៅជុំវិញប៊ូតុង ត្រូវបានដកចេញ មិនដូចជាប៊ូតុង Home ដែលមាននៅលើ iPhone ជំនាន់មុនឡើយ។
ប្រភពព័ត៌មានដដែលនេះ បន្តសន្និដ្ឋានថា ប៊ូតុងថ្មីនឹងមានលក្ខណៈនៃការប្រើ ឬបញ្ជាខុសមុន ពោលគឺវាមិនមានការប្រើដោយចុចសង្កត់ចុះដូចមុនទេ តែគឺប្រើដោយការប៉ះ touch ដើម្បីបញ្ជា និងកំណត់មុខងារនៃការប្រើបានច្រើនទម្រង់ទៅវិញ។ វានឹងអាចឱ្យគេបើកកម្មវិធី Siri ដោយ touch លើប៊ូតុង Home ឱ្យជាប់ និងចុចប៉ះពីរដងដើម្បីមើលបញ្ជីកម្មវិធីដែលកំពុងដំណើរការ។ល។ Touch ID នឹងមានដំណើរការរលូន និងលឿនជាងមុន។
iPhone 7 និង 7 Plus ឬ 7 Pro ត្រូវគេរំពឹងថា នឹងត្រូវក្រុមហ៊ុន Apple សម្ពោធចេញផ្លូវការនៅអំឡុងខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ អមដោយលក្ខណៈសម្បត្តិខ្ពស់ជាងជំនាន់មុនៗ៕