កម្មវិធី FB Messenger ទើបកែប្រែរូបរាងថ្មីនៅផ្នែក Home screen ងាយស្រួលប្រើជាងមុន
ក្រុមហ៊ុន Facebook បន្តធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីឆាត (chat) របស់ខ្លួនឥតឈប់ឈរ គោលបំណងគឺដើម្បីតែផ្ដល់ទម្រង់ថ្មីស្រួលយល់ និងប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះ។ ហើយថ្មីៗនេះ Facebook Messenger ថែមទាំងត្រូវបានទទួលកំណែអាប់ដេតថ្មី ដែលនោះជាការឌីហ្សាញទម្រង់ Home screen ថ្មី។
រចនាបថថ្មីលើ Homepage នេះ គឺនៅតែទម្រង់សន្ទនាដូចពេលបច្ចុប្បន្នដដែល ប៉ុន្តែការរំកិលទៅក្រោម នឹងត្រូវបន្ថែមដោយផ្នែកថ្មី ដោយបង្ហាញជាបញ្ជីឈ្មោះ favorite contact ក្នុងនោះមាន family និង friends ដែលអ្នកឧស្សាហ៍ទាក់ទងជាមួយបំផុត។ ផ្នែកថ្មីទៀតនោះ គឺវាបានបន្ថែមការរំលឹកអ្នក អំពីថ្ងៃខួបកំណើតរបស់ friends ក្នុង Facebook។
សូមបញ្ជាក់ថា ការឌីហ្សាញទម្រង់ថ្មីនៅលើ Home នេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានប្រកាសបន្ថែមមុខងារថ្មីដែលអាចឱ្យអ្នកប្រើទទួលសារ SMS ទូរស័ព្ទ និងផ្ញើចេញបាន ពីក្នុងកម្មវិធី Facebook Messenger តែមួយដោយមិនចាំបាច់ចាកចេញ រួចទៅបើកកម្មវិធីសារនៅលើទូរស័ព្ទដូចមុនឡើយ។ យ៉ាងណាមុខងារនេះ ក្នុងពេលបច្ចុប្បន្នគឺអាចដំណើរការបានតែនៅលើ Facebook Messenger ក្នុងប្រព័ន្ធសូហ្វ៊ែរ Android ប៉ុណ្ណោះ។
បច្ចុប្បន្នភាពចុងក្រោយនៅលើ Messenger ទៀតនោះគឺ ទៅលើផ្នែក “Active Now”។ វាដំណើរការតាមលក្ខណៈធម្មតា ដូចការប្រើ chat sidebar នៅលើ Desktop នៃបណ្ដាញសង្គម Facebook ដោយវាធ្វើការបង្ហាញចំណុចបៃតង (green dot) នៅលើ friend ណាដែលទើបបានអនឡាញថ្មីៗ។ ហើយក៏នៅមានជម្រើស “See all” ដែលនាំមកនូវបញ្ជីឈ្មោះ Friend ដែលមាននៅលើ Messenger ផងដែរ។
ក្នុងដំណាក់កាលអាប់ដេតថ្មីនេះ ដំបូងគឺដំណើរការសម្រាប់ឧបករណ៍ iOS ប៉ុណ្ណោះ ហើយគេរំពឹងថា ឆាប់ៗខាងមុខក៏នឹងទទួលបានកំណែប្រែថ្មីនេះ នៅលើប្រព័ន្ធ Android ផងដែរ៕