តើអ្នកមានដឹងទេ មានក្រុមហ៊ុនផ្សេង លក់ iPhone មុន Apple ទៅទៀត?
Apple បានផលិត iPod និង iMac ហើយក៏ជាក្រុមហ៊ុនដំបូងគេដែលបានដាក់លក់ឧបករណ៍ឈ្មោះនេះមុនគេ។ ប៉ុន្តែសម្រាប់ឈ្មោះ iPhone គឺវាមិនដូចគ្នាទេ។ មនុស្សជាច្រើនប្រហែលសុទ្ធតែស្គាល់ឈ្មោះ iPhone ចាប់តាំងពី Apple ប្រកាសចេញនៅក្នុងឆ្នាំ២០០៧។ តែឧបករណ៍ដំបូងលើលោកដែលគេហៅឈ្មោះថា iPhone នេះ គឺបានបង្ហាញខ្លួនមុននោះទៅទៀត គឺតាំងពីឆ្នាំ១៩៩៨ ផលិតដោយក្រុមហ៊ុនមានស្នាក់ការនៅរដ្ឋកាលីហ្វរញ៉ាគឺ InfoGear។
សមិទ្ធផលរបស់ក្រុមហ៊ុន InfoGear នៅជំនាន់នោះ ត្រូវបានផលិតក្នុងគោលបំណងដើម្បីផ្ដល់បទពិសោធន៍ថ្មីដំបូងជាឧបករណ៍ Touchscreen (តែមិនមែនជាទូរស័ព្ទ) និងអាចភ្ជាប់អ៊ីនធឺណិតបាន “Internet Touchscreen Telephone”។ មានន័យថា iPhone នៅជំនាន់នោះគឺគ្រាន់តែជាឧបករណ៍ touchscreen សម្រាប់ភ្ជាប់អ៊ីនធឺណិតប្រើប្រាស់ ប៉ុន្តែពុំមែនជាទូរស័ព្ទ ដូចជា iPhone របស់ Apple នោះទេ។
iPhone របស់ក្រុមហ៊ុន InfoGear គឺជាប្រភេទឧបករណ៍បំពាក់មុខងារ desktop telephone មានពណ៌ខ្មៅ និងស ភ្ជាប់ដោយអេក្រង់ touchscreen ទំហំ resolution (640x480px) ហើយមាន keyboard រុញប្រភេទ QWERTY និងមានមុខងារអាចឆែកវែប និងប្រើប្រាស់សេវាកម្មអ៊ីមែលបាន។ ឧបករណ៍នេះ មាន RAM ទំហំ 2MB គ្រប់គ្រាន់សម្រាប់ផ្ទុកអ៊ីមែលចំនួន ២០០ បាន។ ឧបករណ៍នេះ ត្រូវបានដាក់លក់តម្លៃក្រោម ៥០០ដុល្លារអាមេរិក ហើយអតិថិជនត្រូវចំណាយថ្លៃប្រើប្រាស់អ៊ីនធឺណិតដោយឡែកទៀត ដែលចំណាយប្រមាណ ៩,៩៥ដុល្លារ/ខែ (ឬ ១៩,៩៥ដុល្លារ ប្រសិនអ្នកចង់ប្រើប្រាស់ឥតដែនកំណត់)។
លើសពី នេះ iPhone ដែលពុំមែនជាផលិតផល Apple នេះ ថែមទាំងមានបំពាក់មុខងារអាចឱ្យអ្នកប្រើ ដំណើរការមុខងារបានច្រើន អាចនិយាយបានថា វាជាផលិតផលគួរចាប់អារម្មណ៍មួយ និងឈានមុខគេ នៅជំនាន់នោះ។
iPhone របស់ InfoGear បានទទួលការអភិវឌ្ឍ និងឌីហ្សាញជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ១៩៩៩ ក្រុមហ៊ុនក៏ឈប់អភិវឌ្ឍ។ នៅទសវត្សឆ្នាំ២០០០ ក្រុមហ៊ុននេះក៏ត្រូវក្រុមហ៊ុន Cisco System ទិញយក។ ដូច្នេះឈ្មោះ iPhone ក៏បានប្ដូរម្ចាស់ទៅជាក្រុមហ៊ុន Cisco វិញ។ ចាប់ពីឆ្នាំ២០០៦ ក្រុមហ៊ុន Cisco បានប្រើឈ្មោះនៅលើ VoIP telephone នេះថាជា Linksys iPhone។
ចំណែកលោក Steve Jobs បានប្រកាសចេញ iPhone ជំនាន់ទី១ នៅរយៈពេលក្រោយនេះមួយឆ្នាំគឺនៅឆ្នាំ២០០៧៕