Apple កំពុងលាក់ក្បាច់ទុកឌីហ្សាញ iPhone រូបរាងថ្មី ដើម្បីបញ្ចេញលើទីផ្សារឆ្នាំ២០១៧
បើតាមការអះអាងពីរបាយការណ៍ជាច្រើនកន្លងមកថា iPhone ជំនាន់ថ្មីដែលត្រៀមបង្ហាញខ្លួននៅចុងឆ្នាំ២០១៦ នេះ គឺនឹងត្រូវក្រុមហ៊ុន Apple រក្សារចនាបថរូបរាងដដែល ពោលគឺមានតែចំណុចតិចតួចបំផុតដែលក្រុមហ៊ុននឹងកែកុនខ្លះៗ។ រូបរាងឌីហ្សាញរបស់ iPhone 7 ទាំងមូល និងមិនមានភាពខុសប្លែកខ្លាំងទៅនឹង iPhone 6s/ 6s Plus នោះឡើយ។ ខណៈ iPhone 7 អាចមិនទាន់មានការឌីហ្សាញថ្មីជាដុំកំភួន ប៉ុន្តែគេអះអាងថា iPhone ដែលចេញនៅឆ្នាំ២០១៧ ក្រោយនេះ នឹងមានការឌីហ្សាញខុសប្លែកមុន។
បើតាមសេចក្ដីរាយការណ៍ចាស់ឱ្យដឹងថា ក្រៅពីមានការឌីហ្សាញរូបរាងថ្មីខុសប្លែកមុន ទូរស័ព្ទ iPhone 8 ដែលចេញនៅឆ្នាំ២០១៧ ក៏នឹងត្រូវក្រុមហ៊ុន Apple ផលិតឱ្យមានអេក្រង់ធំជាងមុនរហូតដល់ ៥,៨អ៊ីញ សម្រាប់ម៉ូដែល iPhone 8 Plus ហើយបំពាក់កញ្ចក់កោង ប្រភេទ AMOLED៕
ភ្ជាប់ទៅនឹងពាក្យសំដីរបស់អ្នកវិភាគ Ming-Chi Kuo បានលើកឡើងថា ទូរស័ព្ទ iPhone របស់ Apple ចេញឆ្នាំនេះ នឹងមិនទាន់អាចវាយលុកលើការចែកចាយលក់ខ្លាំងគួរកត់សម្គាល់នៅឡើយ។ នេះគឺមានន័យថា ក្រុមហ៊ុន Apple អាចមានគម្រោងចេញរំលោងម៉ូដែល iPhone 7s ដោយនឹងចេញ iPhone 8 ជំនួសវិញនៅឆ្នាំ២០១៧ ក្រោយនេះ។ ផ្អែកតាមរបាយការណ៍ទើបចេញផ្សាយថ្មីៗនេះ ឱ្យដឹងថា iPhone 8 ទើបជាជំនាន់ដែល Apple នឹងធ្វើការរចនារូបរាងថ្មីគួរកត់សម្គាល់៕
សូមបញ្ជាក់ផងដែរថា កន្លងទៅក្រុមហ៊ុន Apple មានទម្លាប់ធ្វើការឌីហ្សាញរូបរាងទូរស័ព្ទ iPhone របស់ខ្លួនរយៈពេល ២ឆ្នាំម្ដង។ ជាក់ស្ដែង iPhone 4 មកជា iPhone 4S ហើយ iPhone 5 មកជា iPhone 5s និង iPhone 6 និងជា iPhone 6s ដែលសុទ្ធសឹងមានរចនាបថដូចៗគ្នាគ្រាន់តែទទួលបានការបន្ថែមលក្ខណៈសម្បត្តិខ្ពស់ជាងមុន និងប្រើឈ្មោះអក្សរ “S” បន្ថែមពីក្រោយតែប៉ុណ្ណោះ៕