រថយន្តប្រណាំងអគ្គិសនី AMZ បំបែកកំណត់ត្រាពិភពលោកជាប់ជារថយន្តល្បឿនលឿនបំផុតលើលោក
ទីផ្សាររថយន្តអគ្គិសនីនាពេលបច្ចុប្បន្នមានសន្ទុះកើនឡើង ដោយសារវាចូលរួមកាត់បន្ថយការបំពុលបរិស្ថាន ព្រោះវាមិនប្រើចំហេះឥន្ធនៈដូចការប្រើសាំង ម៉ាសូតនោះទេ។ ទន្ទឹមរថយន្តអគ្គិសនីកំពុងមានការអភិវឌ្ឍ គេក៏បានផលិតរថយន្តអគ្គិសនីដែលមានល្បឿនលឿនៗដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ផងដែរ។ ចំណែករថយន្តដែលអភិវឌ្ឍដោយក្រុមនិស្សិតស្វីសនេះវិញ គឺរឹតតែទំនើប អមដោយសមត្ថភាពខ្ពស់ ល្បឿនលឿន រហូតជាប់ឈ្មោះជារថយន្តប្រណាំងអគ្គិសនីល្បឿនលឿនជាងគេលើលោកដែលមានសន្ទុះ ៦២គីឡូម៉ែត្រ/ម៉ោង ក្នុងថេរវេលាត្រឹមតែ ១,៥១៣វិនាទី។
https://youtu.be/I-NCH8ct24U
រថយន្តអគ្គិសនីនេះ ដូចទៅនឹងរថយន្តសមត្ថភាពខ្ពស់ជាច្រើននៅលើទីផ្សារបច្ចុប្បន្នដែរ ដោយវាបានបំពាក់ជាមួយបច្ចេកវិទ្យាម៉ាស៊ីនសមត្ថភាពខ្ពស់ ហើយមានទម្ងន់ស្រាល។ វាជាប្រភេទរថយន្តប្រណាំង ដែលបំពាក់ដោយកាឡេមុខក្រោយ (កាឡេ ៤) អមជាមួយកម្លាំងម៉ាស៊ីន ២០០សេះ និងមានកម្លាំងរមូល ១៧០០ញ៉ូវតុនម៉ែត្រ។
អាចនិយាយបានថា រថយន្តអគ្គិសនីនេះ ពិតជារថយន្តដែលមានសមត្ថភាពខ្ពស់ ល្បឿនលឿនជាងគេ ក្នុងចំណោមរថយន្តអគ្គិសនីបច្ចុប្បន្ន និងស័ក្ដិសមសម្រាប់ការប្រណាំងរថយន្តអគ្គិសនីនាពេលអនាគត។ គេប្រហែលជាចង់អភិវឌ្ឍវាឱ្យដូចជារថយន្តប្រណាំង Formula E ដែរ ដែលជារថយន្តប្រើតែអគ្គិសនី តែមានល្បឿនលឿន។ យ៉ាងណា រថយន្តអគ្គិសនីរបស់និស្សិតស្វីសនេះ ទាមទារឱ្យមានការកែលំអបន្ថែមទៀត៕