Facebook ឥឡូវនេះអនុញ្ញាតឱ្យអ្នកអាចចុច Like លើវីដេអូ ៣៦០ដឺក្រេដែលមើលតាមឧបករណ៍ VR
ថ្ងៃនេះ Facebook ដែលជាក្រុមហ៊ុនម្ចាស់គ្រប់គ្រងលើជំនួញឧបករណ៍ Oculus ទើបបានប្រកាសដាក់ឱ្យប្រើនូវរូបស្ទីកកឺបង្ហាញអារម្មណ៍នៅលើប្រភេទវីដេអូ ៣៦០ដឺក្រេសម្រាប់ឧបករណ៍ Gear VR។ ដូច្នេះ ឥឡូវនេះ លោកអ្នកនឹងអាចជ្រើសរើសរូបសញ្ញាបង្ហាញអារម្មណ៍ដូចជា ស្តង់ដាររូប reaction, Like និងរួមទាំងរូប emoji បាន ខណៈពេលអ្នកកំពុងប្រើឧបករណ៍ VR របស់ក្រុមហ៊ុន Samsung។
នៅពេលអ្នកកំពុងបើកមើលវីដេអូ ៣៦០ដឺក្រេ អ្នកនឹងក៏អាចមើលឃើញនូវរូបសញ្ញា reaction ទាំងឡាយដែលអ្នកផ្សេងបានប្រើ អណ្ដែតបង្ហាញឱ្យអ្នកឃើញនៅលើអេក្រង់ផងដែរ។ ក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់មុខងារវីដេអូ ៣៦០ដឺក្រេសម្រាប់ឧបករណ៍ VR តាំងពីខែមីនាកន្លងទៅ ដែលដំបូងនោះ អនុញ្ញាតឱ្យអ្នកប្រើចុះឈ្មោះជាមួយគណនី Facebook របស់ពួកគេ នៅលើឧបករណ៍ VR ដើម្បីអាចមើលឃើញមាតិការឿងរ៉ាវនៅលើបណ្ដាញសង្គម Facebook បាន។ Oculus ដែលជាបុត្រសម្ព័ន្ធរបស់ Facebook បានលើកឡើងថា សញ្ញាប្រតិកម្ម emoji ថ្មីគួរតែអាចប្រើបានទៅលើរូប ៣៦០ដឺក្រេ ដែលក្រុមហ៊ុនបានគាំទ្រមុខងារនេះ តាំងពីដើមខែមិថុនានេះមកហើយ។
សញ្ញាប្រតិកម្មលើវីដេអូ គឺទើបតែត្រូវបានដាក់ចេញឱ្យប្រើប្រាស់នៅលើការប្រើប្រាស់ Facebook តាមឧបករណ៍ VR។ បកមកក្រោយ កាលពីខែកុម្ភៈ កន្លងទៅ Facebook បានប្រកាសឱ្យដឹងពីគម្រោងក្រុមការងារបណ្ដាញសង្គមដោយចង្អុលប្រាប់ថា កំពុងស្រាវជ្រាវ ធ្វើយ៉ាងណា ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការភ្ជាប់ទំនាក់ទំនង និងចែករំលែករឿងរ៉ាវទាំងឡាយ តាមបច្ចេកវិទ្យារបស់ឧបករណ៍ VR។ ហើយឥឡូវនេះ ក្រុមហ៊ុនបានសម្រេចជំហានរបស់ខ្លួនជាបណ្ដើរៗហើយ៕