Huawei កំពុងសំងំបង្កើត OS របស់ខ្លួនផ្ទាល់ សម្រាប់បំពាក់លើ Smartphone ស៊េរីក្រោយៗ
ស៊េរីស្មាតហ្វូន Huawei នាពេលបច្ចុប្បន្នសុទ្ធតែដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS របស់ Google ហើយបើតាមសេចក្ដីរាយការណ៍ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទមានមូលដ្ឋាននៅចិននេះ កំពុងសំងំបង្កើតប្រព័ន្ធប្រតិបត្តិការទូរស័ព្ទជារបស់ខ្លួនផ្ទាល់តែម្ដង។
ព័ត៌មាននេះ គឺលេចចេញពីសេចក្ដីរាយការណ៍មួយពីគេហទំព័រ The Information ដែលបានលើកឡើងថា ក្រុមហ៊ុន Huawei មានក្រុមអ្នកជំនាញកំពុងធ្វើការអភិវឌ្ឍប្រព័ន្ធសូហ្វ៊ែរទូរស័ព្ទផ្ទាល់ខ្លួន នៅតំបន់ Scandinavia។
ក្រុមអ្នកអភិវឌ្ឍសូហ្វ៊ែររបស់ Huawei កំពុងធ្វើការលើគម្រោងបង្កើតប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ ដែលក្នុងនោះរួមមានទាំងអតីតបុគ្គលិកក្រុមហ៊ុន Nokia ផងដែរ។ ប្រព័ន្ធ OS ថ្មីបច្ចុប្បន្នឈានដល់ការអភិវឌ្ឍបានជំហានដំបូង ហើយគេរំពឹងថា មិនយូរទេ Huawei នឹងមាន Mobile OS ផ្ទាល់ខ្លួន។
ក្រុមហ៊ុន Huawei កំពុងធ្វើការអភិវឌ្ឍដោយកែលំអទៅលើសូហ្វ៊ែរ EMUI បច្ចុប្បន្នរបស់ខ្លួន ហើយវានឹងត្រូវច្របាច់បញ្ចូលទៅក្នុង Mobile OS របស់ Huawei ដើម្បីផ្ដល់ទម្រង់ស្អាតថ្មីដាច់ដោយឡែកពី Android OS និងមានអមមកជាមួយមុខងារថ្មីៗថែមទៀត។ យ៉ាងណា ប្រព័ន្ធសូហ្វ៊ែរថ្មីរបស់ Huawei មិនទាន់ត្រូវបានអះអាងនូវឈ្មោះជាក់លាក់នៅឡើយ៕