Samsung ​ចេញ​កុំព្យូទ័រ Notebook 7 Spin មាន​លក្ខណៈ​ពិសេស​អាច​បត់​ 360º ធ្វើ​ជា Tablet បាន​​តម្លៃ​ចាប់ពី $800​



ខណៈទីផ្សារឧបករណ៍ថេប្លេតកូនកាត់កុំព្យូទ័រកំពុងមានការចាប់អារម្មណ៍នោះ ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានប្រកាសចេញកុំព្យូទ័រប្រភេទ Notebook ម៉ូដែល 7 Spin ភ្ជាប់លក្ខណៈ សម្បត្តិខ្ពស់ៗ និងមានលក្ខណៈពិសេសអាចបត់បានធ្វើជាថេប្លេតងាយស្រួលកាន់ប្រើជាមួយអេក្រង់ Touchscreen។ Notebook 7 Spin ចេញថ្មីរបស់ Samsung នេះ ត្រូវបានឌីហ្សាញជាពិសេសអាចបត់ Keyboard ចុះឡើងក្នុងមុំ ៣៦០ដឺក្រេ ប្រើជាថេប្លេតបាន។ វាមានអេក្រង់ទំហំ ១៣,៣អ៊ីញ និង ១៥,៦អ៊ីញ ដែលទាំងពីរម៉ូដែលមានកម្រិត resolution ទំហំ 1920x1080px។ ម៉ាស៊ីន Notebook បត់បាននេះ ភ្ជាប់ដោយ backlit keyboard ហើយម៉ូដែលអេក្រង់ ១៣,៣អ៊ីញ ត្រូវបានបំពាក់ដោយឈីប Core i5 ក្រាហ្វិក Intel HD និងមាន RAM 8GB។ ចំណែក Notebook 7 Spin ទំហំ ១៥,៦អ៊ីញ បំពាក់ដោយឈីប Intel Core i7 គាំទ្រក្រាហ្វិក NVIDIA 940MX និងមាន RAM 16GB។ កុំព្យូទ័រទាំងពីរម៉ូដែលនេះ មានជម្រើសអង្គចងចាំធំបំផុតដល់ 1TB ហើយក្រុមហ៊ុន Samsung ថែមទាំងផ្ដល់ជម្រើស SSD ផងដែរ។ Notebook បត់ Keyboard បាននេះ បានបំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស ហើយសាករយៈពេល ២០នាទី អាចប្រើបានរយៈពេល ២ម៉ោង។ កុំព្យូទ័រនេះ ត្រូវប្រើពេល ៩០នាទីដើម្បីសាកថ្មពេញ សម្រាប់ម៉ូដែល ១៥,៦អ៊ីញ និង ១០០នាទី សម្រាប់ម៉ូដែល ១៣,៣អ៊ីញ។ តម្លៃរបស់ Notebook 7 Spin ចាប់ពី ៨០០ដុល្លារឡើងទៅ៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ Liliputing
X
5s