ម្ដងនេះច្បាស់មែនទែនហើយថា iPhone 7 ពិតជាលែងប្រើរន្ធកាស ៣,៥មិល្លីម៉ែត្រទៀតទេ ហើយមានកាមេរ៉ាក្រោយ២!
ក្រុមហ៊ុន Apple ត្រូវគេអះអាងថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្ពោធទូរស័ព្ទ iPhone ជំនាន់ថ្មីផ្លូវការនៅអំឡុងខែកញ្ញា។ ចំណែកភស្តុតាងថ្មីនេះ បានជំរុញការសន្និដ្ឋានរឹតតែច្បាស់ថែមមួយកម្រិតទៅលើការដករន្ធកាសប្រភេទ ៣,៥មីល្លីម៉ែត្រចេញពី iPhone 7។ នេះបើតាមការបែកធ្លាយរូបសម្បក iPhone 7។
របាយការណ៍ច្រើនមកហើយ សុទ្ធតែបានលើកឡើងថា iPhone 7 ដែលគេហៅពេញៗមាត់ ខណៈ ដែល Apple មិនទាន់អះអាងនៅឡើយនោះ នឹងត្រូវឌីហ្សាញរូបរាងប្រហាក់ប្រហែលទៅនឹង iPhone 6s/ 6s Plus ពោលគឺគ្រាន់តែកែលំអទៅលើកាមេរ៉ា និងការឌីហ្សាញថ្មីខុសមុនបន្តិចបន្តួចប៉ុណ្ណោះ ជាក់ស្ដែងគឺនឹងបង្កប់ខ្សែអង់តែន (hidden antenna)។ ចំណែករន្ធកាស 3.5mm ក៏ជាចំណុចខុសប្លែកពីមុនផងដែរ ដោយ iPhone 7 នឹងលែងប្រើប្រភេទរន្ធសំឡេងនេះហើយ គឺប្រើរន្ធ Smart Connector ជំនួសវិញ។ រន្ធ Smart Connector នឹងអាចប្រើសម្រាប់សាកថ្មផង ហើយប្រើជាមួយកាសទូរស័ព្ទបានផង។
ខាងក្រោមនេះគឺជារូបបែកធ្លាយដែលមានការអះអាងថា ជា iPhone 7 ចេញពីគណនី twitter ឈ្មោះ Steve Hemmerstoffer ដែលគាត់ជាបុគ្គលិកគេហទំព័របារាំង Nowhereelse.fr។ លោកក៏ធ្លាប់ទម្លាយនូវផ្នែកទូរស័ព្ទ iPhone រួចមកហើយ កាលពីឆ្នាំកន្លងមក។
បើតាមរូបបែកធ្លាយ ត្រូវគេសន្និដ្ឋានលក្ខណៈ សម្បត្តិ iPhone 7 ថានឹងមានកាមេរ៉ា dual-lens ដែលអាចបន្ថែមតែទៅលើ iPhone 7 Plus ឬ Pro ប៉ុណ្ណោះ។
-រូបបែកធ្លាយទី១ ត្រូវគេសន្និដ្ឋានថាជារូប iPhone 7 ដែលមានកាមេរ៉ាមួយគ្រាប់ដូចធម្មតា ហើយហាក់មានប្រវែងវែងជា iPhone 6 បន្តិច។ គេសន្និដ្ឋានថា iPhone 7 អាចនឹងត្រូវបន្ថែមមុខងារជំនួយថតរូបនៅទីងងឹត។
-រូបទី២ គឺជាសំបកក្រោយរបស់ iPhone 7 ដែលមានលក្ខណៈខុសគ្នាតែបន្តិចបន្តួចទៅនឹង iPhone 6/6s នៅត្រង់ខ្សែស ដែលជាខ្សែអង់តែននោះ។
-រូបទី៣ បង្ហាញពីផ្នែកក្រោមនៃ iPhone ដែលគេពុំឃើញមានរន្ធកាស 3.5mm ដូច iPhone ជំនាន់មុនៗឡើយ គឺមានតែរន្ធ USB ដែលគេសន្និដ្ឋានថា ជា Smart Connector ដែលអាចប្រើបានទាំងសាកថ្ម និងដោតកាសស៊េរីថ្មី។ របាយការណ៍មុនៗអះអាងថា ក្រុមហ៊ុន Apple នឹងបន្ថែមដុំបម្លែងក្បាលកាស Headphones Adapter នៅក្នុងប្រអប់ iPhone ស្រាប់ដើម្បីអតិថិជនងាយស្រួលប្រើជាមួយខ្សែកាសស៊េរីបច្ចុប្បន្ន៕