តើ​អ្នក​មាន​ដឹង​ដែរ​ទេថា​ របៀប​ដែល​អ្នក​សរសេរ​អក្សរ​អាច​ប្រាប់​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​បាន?​



មិនមានមនុស្សច្រើនទេ ដឹងថារបៀបនៃការសរសេរអាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់បាន។ អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងខាងចិត្តវិទ្យា បានរកឃើញថា ទម្រង់អក្សរដែលអ្នកសរសេរអាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នកដូចខាងក្រោមនេះអីចឹង៖

១) ទំហំតូច៖ អ្នកជាមនុស្សដែលចូលចិត្តនៅស្ងៀមស្ងាត់ តែនេះមិនមែនមានន័យថាអ្នកមិនចូលចិត្តនិយាយនោះទេ គ្រាន់តែអ្នកជាមនុស្សដែលមានសមាធិខ្ពស់ ហើយចូលចិត្តផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកធ្វើមួយមុខគត់ រហូតដល់ពេលខ្លះ អ្នកមិនបានចាប់អារម្មណ៍លើរឿងរ៉ាវដែលកើតឡើងជុំវិញខ្លួនក៏មាន។

២) ទំហំធំ៖ អ្នកជាប្រភេទមនុស្សដែលចូលចិត្តបរិយាកាសដែលមានមនុស្សអ៊ូអរ ដូចជាពិធីជប់លៀង ឬការដើរលេងជួបជុំ មិត្តភ័ក្ដិបងប្អូនជាដើម ព្រោះវាធ្វើឲ្យអ្នកមានអារម្មណ៍ថា កាន់តែល្អឡើង។

៣) លម្អៀងឆ្វេង៖ អ្នកចូលចិត្តធ្វើការអ្វីដែលទាក់ទងជាមួយវត្ថុច្រើនជាងជាមួយមនុស្ស ដូចជាការគូររូបជាដើម។

៤) លម្អៀងស្ដាំ៖ ការសរសេរបែបនេះ អាចបញ្ជាក់បានថា អ្នកស្រលាញ់ដូចជាឲ្យតម្លៃទៅកាន់មនុស្សក្នុងក្រុមគ្រួសារ និងមិត្តភក្ដិរបស់អ្នកខ្លាំងមែនទែន រហូតពេលខ្លះ អ្នកសម្ដែងអារម្មណ៍ទាំងនោះមិនត្រូវ ដោយសារតែអ្នកទាំងអស់សុទ្ធនៅលំដាប់ថ្នាក់លេខមួយក្នុងបេះដូងអ្នក។

៥) មិនលម្អៀង៖ អ្នកជាប្រភេទមនុស្សដែលច្បាស់លាស់ដោយមិនងាយឲ្យអារម្មណ៍របស់មកបញ្ជាលើការសម្រេចចិត្តរបស់អ្នកនោះទេ។ ប្រសិនបើមាននរណាម្នាក់បបួលអ្នកទៅដើរលេងដោយមិនបានប្រាប់អ្នកទុកជាមុន អ្នកនឹងមិនទៅជាមួយនោះទេ ដោយសារតែអ្នកត្រូវមានគម្រោងច្បាស់លាស់។

៦) ដិត៖ អ្នកជាប្រភេទមនុស្សដែលចូលចិត្តគិតភ្លាមធ្វើភ្លាម ដោយមិនបានពិចារណាឲ្យបានម៉ត់ធ្យ័តនោះទេ ហើយពេលខ្លះទៀត អ្នកធ្វើឲ្យអារម្មណ៍ខ្លួនមកគ្រប់គ្រងលើទង្វើរបស់អ្នកបានទៀតផង។

៧) មិនសូវដិត៖ អ្នកជាមនុស្សដែលងាយស្រួល ហើយមិនចូលចិត្តរកបញ្ហាដាក់ខ្លួននោះទេ ទោះបីជាជួបបញ្ហាក៏អ្នកតែងតែព្យាយាមយល់ពីវាថាតើមូលហេតុបណ្ដាលមកពីអ្វី និយាយឲ្យខ្លីទៅអ្នកជាមនុស្សដែលស្គាល់ពីសេចក្ដីសុខពិតប្រាកដ៕

ដោយ៖ តូច ម៉ាយ៉ារស្មី

 

 

X
5s