ស៊ុយអែតក្លាយជាប្រទេសទីមួយដែលបើកឱ្យដំណើរការផ្លូវ Highway អគ្គិសនី (Electric Road) សម្រាប់រថយន្តដឹកទំនិញទាញយកប្រើប្រាស់ (Video)
ខណៈបច្ចេកវិទ្យារថយន្តដឹកទំនិញ ដើរដោយអគ្គិសនីកំពុងមានការអភិវឌ្ឍសមត្ថភាពខ្ពស់នោះ ចំណែកប្រទេសស៊ុយអែតបាន អភិវឌ្ឍផ្លូវ Highway របស់ខ្លួន បំពាក់បណ្ដាញអគ្គិសនីសម្រាប់ទ្រទ្រង់រថយន្តអគ្គិសនីទាញយកប្រើប្រាស់ទៅវិញ។ គំនិតអភិវឌ្ឍផ្លូវបំពាក់ដោយប្រព័ន្ធខ្សែភ្លើងអគ្គិសនីនេះ គឺដោយមើលឃើញថា នៅមានកត្តារាំងស្ទះដល់ការអភិវឌ្ឍរថយន្តដឹកទំនិញប្រើអគ្គិសនីដូចជា ទំហំ ទម្ងន់ និងការចំណាយជាដើមនោះ។
ក្រុមហ៊ុនវិស្វកម្មអាល្លឺម៉ង់ Siemens បានលើកឡើងថា បណ្ដាញខ្សែអគ្គិសនីដែលអូសប្រវែងនៅខាងលើអាចឱ្យគេប្រើសម្រាប់ដំណើរការរថយន្តដឹកទំនិញប្រើអគ្គិសនីគ្មានដែនចម្ងាយ គឺឱ្យតែស្ថិតនៅតាមបណ្ដោយផ្លូវបង្កប់ប្រភពថាមពលអគ្គិសនីសម្រាប់រថយន្ត។ ដើម្បីទាញយកអគ្គិសនីមកប្រើបាន រថយន្តតម្រូវមាន ដៃចម្លង (pantograph power connector) ដែលអាចធ្វើការភ្ជាប់ និងផ្ដាច់ចេញពីខ្សែអគ្គិសនីនៅខាងលើ ខណៈពេលកំពុងធ្វើដំណើរ ក្នុងល្បឿនដល់ ៥០ម៉ាយក្នុងមួយម៉ោង (ប្រហែល ៩០គីឡូម៉ែត្រ/ម៉ោង)។
https://youtu.be/s2Q2Tk2IL0o
រថយន្តដឹកទំនិញ ក៏អាចប្រើខ្សែភ្លើងខាងលើនោះ ដើម្បីសាកអាគុយបាន ងាយស្រួលប្រើជាប្រភពថាមពលនៅពេលធ្វើដំណើរចេញពីផ្លូវអគ្គិសនី (Electric roads)។ ដូច្នេះស៊ុយអែតបានក្លាយជាប្រទេសដំបូងគេ ក្នុងការធ្វើតេស្តបច្ចេកវិទ្យានាំអគ្គិសនី (conductive technology) នៅលើផ្លូវ highway សាធារណៈ។ នៅលើកំណត់ផ្លូវប្រវែង ២គីឡូម៉ែត្រ នៃផ្លូវហាយវ៉េ E16 ជិតទីក្រុង Gavle ត្រូវបានដាក់ឱ្យធ្វើតេស្តដោយរថយន្តហាយប្រ៊ីដចំនួនពីរ ផលិតដោយ Scania និង Siemens សហការគ្នា។
ក្រុមវិស្វករជឿជាក់ថា គម្រោងនាំយកប្រភពអគ្គិសនីប្រើប្រាស់តាមដងផ្លូវសម្រាប់រថយន្តហាយប្រ៊ីដនេះ នឹងផ្ដល់អត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍតំបន់ នឹងកាត់បន្ថយកង្វក់បរិយាកាស ព្រមទាំងជួយដល់ផ្នែកសេដ្ឋកិច្ចបានមួយផ្នែកទៀងផង៕