រូបបែកធ្លាយ ២សន្លឹកនេះជាភស្តុតាងថ្មីថា iPhone 7 ពិតជាប្រើរន្ធ Smart Connector ដោយដកចោលរន្ធកាស 3.5mm មែន
កំណែប្រែខុសប្លែកថ្មីមួយដែលសាធារណជនកំពុងរំពឹងនោះ គឺថា iPhone 7 នឹងផ្លាស់ប្ដូរពីរន្ធកាស 3.5mm ទៅប្រើ Smart Connector វិញ ដែលអាចប្រើបានទាំងសាកថ្ម និងស្ដាប់កាស។ ការឌីហ្សាញថ្មីបែបនេះ ត្រូវគេរាយការណ៍ថា ដោយសារ Apple ចង់ផលិត iPhone កាន់តែមានកម្រាស់ស្ដើង ឬសន្សំសំចៃទំហំទំនេរផ្នែកខាងក្នុង ដើម្បីពង្រីកថាមពលថ្មក៏ថាបាន។ ហើយរឿងដែលអាចទៅ រួចមួយទៀតគឺថា ការដកចេញរន្ធកាស 3.5mm គឺអាចឱ្យ Apple ផលិត iPhone មិនជ្រាបទឹកបានល្អ។
ចំណែករូប ២សន្លឹកដែលទើបបែកធ្លាយពីបណ្ដាញសង្គមចិន Weibo ថ្មីនេះ ត្រូវបានគេសន្និដ្ឋានថា ជាកាស EarBuds ថ្មីដែលមានក្បាល Lighting ជំនួសឱ្យក្បាលមូលប្រភេទ 3.5mm របស់ស៊េរីទូរស័ព្ទ iPhone 7។ យ៉ាងណា បើតាមរបាយការណ៍មុនៗអះអាងថា ទោះបី Apple ប្ដូររន្ធកាសថ្មីក៏ដោយ ប៉ុន្តែក្រុមហ៊ុននឹងបន្ថែមក្បាលតំណរ (Adapter) ដើម្បីឱ្យកាសប្រភេទ 3.5mm នៅតែអាចប្រើជាមួយ iPhone ជំនាន់ថ្មីបាន។
យ៉ាងណាពេលនេះ ពុំមានការអះអាងពីក្រុមហ៊ុន Apple នៅឡើយ ថា តើកាស 3.5mm នឹងត្រូវដកចេញពី iPhone 7 ពិតប្រាកដឬយ៉ាងណា។ គេរំពឹងថា ក្រុមហ៊ុន Apple នឹងសម្ពោធ iPhone 7 ផ្លូវការនៅក្នុងខែកញ្ញាចុងឆ្នាំ២០១៦ នេះ៕