Sony ចង់ដកជំនួញទូរស័ព្ទ ចេញពីទីផ្សារឥណ្ឌា ចិន និងអាមេរិក ដោយសារជគ្មានសញ្ញាជោគជ័យ
ក្រុមហ៊ុន Sony ទើបតែពេលថ្មីៗនេះ បានប្រារព្ធធ្វើព្រឹត្តិការណ៍ជួបជុំវិនិយោគិនក្នុងទីក្រុងតូក្យូ ដើម្បីពិភាក្សា និងវិភាគអំពីយុទ្ធសាស្ត្រជំនួញសម្រាប់អនាគត។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះ ប្រហែលអាចធ្វើឱ្យអ្នកគាំទ្រខ្លះ ក៏ដូចជាវិនិយោគិនមានការខកចិត្តនឹងលទ្ធផលចំណែកទីផ្សារ Sony ក៏ដូចជាការបង្ហើបគម្រោង នឹងដកខ្លួនចេញពីទីផ្សារស្មាតហ្វូនធំចំនួន៣ គឺ ឥណ្ឌា ចិន និងអាមេរិក។
គេសង្កេតឃើញ កំណើនចំណែកទីផ្សារស្មាតហ្វូន Sony នៅក្នុងទីផ្សារ ៤ប្រទេសរួមមាន ឥណ្ឌា ចិន ប្រេស៊ីល និងឥណ្ឌូនេស៊ី មានសភាពយឺតយ៉ាវដូចអូសឫស្សីបញ្ច្រាសចុងគឺ បានត្រឹមតែ ០,៣% ប៉ុណ្ណោះ គិតត្រឹមរបាយការណ៍សារពើពន្ធឆ្នាំ២០១៥ ប្រៀបធៀបនឹងការប៉ាន់ប្រមាណ +៨,១% រយៈពេលមុនមួយឆ្នាំ។
មានការលើកឡើងថា បច្ចុប្បន្នវាមិនសំខាន់ទេ ដែលផលិតផលរបស់ Sony លែងបង្ហាញខ្លួនលើបណ្ដាទីផ្សាររៀបរាប់ខាងលើ ប៉ុន្តែអ្វីដែលគេចង់ដឹងនោះ ក្រៅពីទីផ្សារស្មាតហ្វូនធំៗ ទាំងនេះ តើ Sony អាចទៅស្រូបចំណែកទីផ្សារពីបណ្ដាប្រទេសណាទៀត ខណៈដែលចំណែកទីផ្សារក្រៅពីបណ្ដាប្រទេសខាងលើ ក៏មិនសភាពមិនខុសគ្នាប៉ុន្មានផងនោះ។ ជាក់ស្ដែងនៅទីផ្សារអាមេរិកឡាទីន និងតំបន់មួយចំនួននៅប៉ាស៊ីហ្វិក។
យ៉ាងណា គេជឿថា ក្រៅពីទីផ្សារខាងលើ ក្រុមហ៊ុន Sony នឹងផ្ដោតវាយលុកទីផ្សារនៅប៉ែកអាស៊ីខាងកើត (រួមទាំង ជប៉ុន) នៅមជ្ឈិមបូព៌ា និងតំបន់អឺរ៉ុបជាដើម។ យុទ្ធសាស្ត្រវាយលុកទីផ្សាររបស់ Sony អាចជាការកំណត់តម្លៃសមរម្យ ឬធូរថ្លៃ ដើម្បីអន្ទងចិត្តអ្នកប្រើប្រាស់ ឱ្យងាកមកចាប់អារម្មណ៍ស្មាតហ្វូន Sony វិញ និងមានលក្ខណៈសម្បត្តិខ្ពស់ទទួលយកបាន សម្រាប់ច្បាមទីផ្សារមកវិញនៅពេលអនាគត៕