តើអ្នកដឹងទេ លោក Steve Jobs ធ្លាប់និយាយ និងជឿថា “គ្មាននរណាចង់ទិញស្មាតហ្វូនទំហំធំទេ” ចុះ​បច្ចុប្បន្ន​យ៉ាង​ម៉េច​ដែរ?​



បើទោះបីក្រុមហ៊ុន Apple បានប្រកាសចេញ iPhone អេក្រង់ ៤អ៊ីញម្ដងទៀតនៅឆ្នាំនេះក៏ពិតមែណ ប៉ុន្តែគេសង្កេតឃើញ ស្មាតហ្វូនអេក្រង់ធំជាងនេះ ទំហំប្រហែល ៥អ៊ីញឬធំជាងនេះ នៅតែទទួលបានប្រជាប្រិយភាពខ្លាំងជាងទូរស័ព្ទអេក្រង់តូច ហើយមិនមែនទើបតែឆ្នាំនេះទេ គឺរយៈពេល ប៉ុន្មានឆ្នាំមកហើយ។ ប៉ុន្តែអតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple និងជាបុគ្គលិកឆ្នើមមួយរូបដែលបានរួមចំណែកនាំយកបំឡាស់ប្ដូរដ៏ធំក្នុងវិស័យបច្ចេកវិទ្យា លោក Steve Jobs ធ្លាប់បានលើកទស្សនៈផ្ទុយគ្នាទៅវិញថា អេក្រង់ធំៗ ពុំមែនជាគោលដៅចង់បានរបស់អតិថិជនទៅវិញ។ ចុះមកដល់ពេលបច្ចុប្បន្ន តើប្រិយមិត្តមានយោបល់យ៉ាងណាចំពោះការលើកឡើងរបស់លោក Steve Jobs? នៅក្នុងខែកក្កដា ឆ្នាំ២០១០ លោក Steve Jobs បានឆ្លើយទៅនឹងសំនួរមួយចំនួនពាក់ព័ន្ធនឹង iPhone 4។ លោកបដិសេធទៅលើគំនិតឌីហ្សាញអេក្រង់ iPhone ធំជាងមុន ដោយយោងទៅលើទំហំប្រអប់ដៃរបស់អ្នកប្រើថា អេក្រង់ធំពិបាកក្នុងការកាន់ប្រើដៃម្ខាង។ លោក Job បន្តថា ក្រុមហ៊ុន Apple មិនផលិតទូរស័ព្ទអេក្រង់ធំទេ «គ្មាននរណាម្នាក់ទៅទិញទូរស័ព្ទទំហំធំៗ» មកប្រើទេ។ អីចឹងហើយ ទើប iPhone 4 គឺបំពាក់ត្រឹមតែអេក្រង់ ៣,៥អ៊ីញ ដែលជាទំហំនៅដដែលរាប់ចាប់តាំងពីជំនាន់ iPhone ដំបូងឆ្នាំ២០០៧។ ប្រហែលលោក Steve Jobs ចង់មានន័យថា គ្មាននរណាទៅទិញ iPhone អេក្រង់ធំហើយ ព្រោះចាប់តាំងពីទូរស័ព្ទ Android អេក្រង់ធំៗ ត្រូវបានផលិតដាក់លក់ ដូចជា Galaxy S អេក្រង់ ៤អ៊ីញ ឬ HTC Evo 4G អេក្រង់ ៤,៣អ៊ីញ ដែលបង្ហាញខ្លួននៅឆ្នាំ២០១០ ទទួលបានការគាំទ្រច្រើនពីអតិថិជន។ យ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក Steve Jobs ហាក់ពុំត្រឹមត្រូវឡើយ បើគេក្រឡេកមើលទីផ្សារស្មាតហ្វូនបច្ចុប្បន្ន ដែលអតិថិជននិយមអេក្រង់ធំៗ ជាងអេក្រង់តូច ទោះបីមានការពិបាកកាន់ប្រើដៃម្ខាងក៏ដោយ។ យៈពេល ២ឆ្នាំក្រោយវត្តមាន iPhone 4 បង្ហាញខ្លួន គឺនៅឆ្នាំ២០១២ (លែងមានលោក Steve Jobs ហើយដឹកនាំដោយលោក Tim Cook) Apple បានសម្ពោធចេញ iPhone 5 ដែលជាទូរស័ព្ទអេក្រង់ ៤អ៊ីញដំបូងរបស់ Apple។ លុះរយៈពេល ២ឆ្នាំបន្ទាប់ Apple បន្តផលិត iPhone 6 ដែលមានអេក្រង់ធំជាងមុនទៀតគឺ ទំហំ ៤,៧អ៊ីញ និង ៥,៥អ៊ីញ។ គេសង្កេតឃើញអតិថិជនមានការពេញចិត្ត នឹង iPhone មានអេក្រង់ធំជាងមុននេះ ជាជាង iPhone ៣,៥អ៊ីញ ឬ ៤អ៊ីញ។​ លោក Steve Jobs បានទទួលមរណភាពនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ដែល Apple បាត់បង់បុគ្គលិកមានឥទ្ធិពលដល់វិស័យបច្ចេកវិទ្យារូបនេះ។ ហើយគេមិនអាចដឹងបានថា តើគាត់នឹងគិតយ៉ាងម៉េចចំពោះ iPhone អេក្រង់ ៤,៧អ៊ីញ និង ៥,៥អ៊ីញបច្ចុប្បន្ន ប្រសិនលោកនៅមានជីវិតនោះ។ ប៉ុន្តែបើដូច្នោះមែន លោកគួរតែអាចទទួលយកការពិត ព្រោះពេលវេលាផ្លាស់ប្ដូរ មនុស្សម្នា រួមទាំងរូបលោក អាចមានការគិតខុសមុន សម្រាប់តម្រូវការជាក់ស្ដែង៕ ចុះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរចំពោះទស្សនៈរបស់លោក Steve Jobs ?
X
5s