Aston Martin AM-RB 001 តម្លៃចន្លោះ ២លានផោន ទៅ ៣លានផោន (ប្រហែល ៣,៨លានដុល្លារ) ត្រូវសម្ពោធចេញផ្លូវការ
ក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin ថ្មីៗនេះបានប្រកាសចេញរថយន្តទំនើបប្រភេទ Hypercar ម៉ូដែល AM-RB 001 ឌីហ្សាញរូបរាងជារថយន្តស្ព័រយ៉ាងប្រណិតតម្លៃកប់ពពករហូតចន្លោះពី ២លានផោន ទៅ ៣លានផោន ឬប្រហែល ២,៥៧លានដុល្លារ ទៅ ៣,៨៦លានដុល្លារអាមេរិក នៅពេលចរាចរលើទីផ្សារ។
https://youtu.be/37AjQ1_EKn4
រថយន្តទំនើបស៊េរីថ្មី Aston Martin AM-RB 001 នេះត្រូវបានអភិវឌ្ឍឡើងដោយមានការសហការជាមួយក្រុមហ៊ុន Red Bull ហើយបំពាក់ដោយប្រភេទម៉ាស៊ីន V12 ដែលមានកម្លាំងរហូតដល់ ៩០០សេះ។ រថយន្តនេះ នឹងត្រូវផលិតដាក់លក់ក្នុងចំនួនកំណត់ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ដែលដំឡើងនៅក្នុងរោងចក្រ Gaydon ដែលចង្វាក់ផលិតកម្មអាចចាប់ផ្ដើមនៅឆ្នាំ២០១៨ ខាងមុខ។
ថ្វីត្បិត AM-RB 001 មានតម្លៃថ្លៃកប់ពពកក្ដី ប៉ុន្តែគេរំពឹងថា រថយន្តប្រណិតប្រភេទ hypercar នេះមានល្បឿនត្រឹមតែ ៣២១គីឡូម៉ែត្រ/ម៉ោង ប៉ុណ្ណោះ ដែលមានសន្ទុះល្បឿន ពី ០ ទៅ ៩៩,៨គីឡូម៉ែត្រ/ម៉ោង ដោយប្រើពេលជាង ២វិនាទី។ ដោយសារ Aston Martin AM-RB 001 ស្ថិតត្រឹមជាគំរូ និងគម្រោងផលិតនៅឡើយ ចំពោះលក្ខណៈសម្បត្តិលំអិតពុំទាន់ត្រូវបានលាតត្រដាងទាំងស្រុងនៅឡើយ៕