មេរោគទូរស័ព្ទ Android "HummingBad " ឆ្លងចូលឧបករណ៍ប្រមាណ ១០លានគ្រឿង ជួយឱ្យ Hacker កើបប្រាក់ស្ងាត់ៗ ៣០ម៉ឺនដុល្លាររៀងរាល់ខែ
ផ្អែកតាមរបាយការណ៍ពីគេហទំព័រ techsport ថ្ងៃនេះឱ្យដឹងថា មេរោគទូរស័ព្ទ Android កំពុងបង្កព្យុះភ្លៀងចម្លងខ្លួនចូលក្នុងឧបករណ៍ទាំងស្មាតហ្វូន/ថេប្លេតរហូតដល់ ១០លានគ្រឿងហើយនាពេលបច្ចុប្បន្ន។ នេះជាមេរោគ HummingBad ដែលបង្កើតដោយអ្នកសរសេរកម្មវិធីរបស់ចិន ប្រភពផ្ទុះចេញពីទីក្រុងប៉េកាំង ដែលមួយខែៗពួកគេអាចទាញយកផលប្រយោជន៍នូវទឹកប្រាក់រហូតដល់ ៣០ម៉ឺនដុល្លារក្នុងមួយខែៗ តាមរយៈដំណើរការបង្ខំឱ្យទាញយក app និងចុចលើផ្ទាំងពាណិជ្ជកម្ម (ads)។
ក្រុមហ៊ុននៅពីក្រោយការវាយប្រហារដោយមេរោគ Android ត្រូវគេជឿថា ក៏កំពុងដំណើរការអាជីវកម្មវិភាគផ្សព្វផ្សាយពាណិជ្ជកម្មស្របច្បាប់ផងដែរ នាពេលសព្វថ្ងៃ។ ផ្អែកតាមរបាយការណ៍ជា PDF ឱ្យដឹងថា ក្រុមហ៊ុន Yingmob មានក្រុមការងារកំពុងអភិវឌ្ឍរកវិធីសាស្ត្រសម្រាប់កំណត់រកមេរោគ និង ads platform ខណៈ ដែលធាតុរបស់មេរោគស៊េរី malicious ត្រូវបានអភិវឌ្ឍដោយក្រុម 'Development Team for Overseas Platform' ដែលមានចំនួន ៤ក្រុមសរុបមានគ្នា ២៥នាក់។
មេរោគ HummingBad ប្រើការវាយប្រហារ “drive-by-download” នៅក្នុងទូរស័ព្ទដែលរកកាយវាយប្រហារ នៅពេលអ្នកប្រើបើកចូលទៅកាន់វែបសាយមានមេរោគ (malicious website)។ វានឹងធ្វើការជ្រៀតចូលទៅទីតាំង root ដោយធ្វើឲ្យខូចមុខងាររបស់ប្រព័ន្ធមួយចំនួន។ ប្រសិនឧបករណ៍ដែល root នោះមេរោគនឹងក្លែងជាសារជូនដំណឹងឱ្យអ្នកធ្វើបច្ចុប្បន្នភាពសូហ្វ៊ែរប្រព័ន្ធ ដើម្បីទម្លុះចូលថ្នាក់គ្រប់គ្រងសិទ្ធិប្រើប្រាស់។
នៅពេលទូរស័ព្ទត្រូវបានវាយប្រហារដោយមេរោគ HummingBad ហើយនោះ វានឹងបង្កើតនូវផ្ទាំងពាណិជ្ជកម្មក្លែងក្លាយជាច្រើន ហើយដំឡើងកម្មវិធីក្លែងក្លាយមួយចំនួនចូលទៅក្នុងទូរស័ព្ទ។ក្រុមហ៊ុនសុវត្ថិភាព Check Pint ជឿថា ក្រុមដែលឈរពីក្រោយការវាយប្រហារនេះ បានទម្លាយប្រព័ន្ធសុវត្ថិភាពឧបករណ៍ Android ប្រមាណជាង ១០លានឧបករណ៍មកហើយ និងបានទាញផលប្រយោជន៍ជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារជារៀងរាល់ខែដល់ពួកគេថែមទៀត៕
មេរោគនេះ កំពុងអុកឡុកនៅលើបណ្ដាអ្នកប្រើស្មាតហ្វូន Android ដែលស្ថិតនៅប្រទេសចិន ឥណ្ឌា ហ្វីលីពីន ឥណ្ឌូណេស៊ី តួកគី និងប្រទេសប្រេស៊ីលជាដើម។ ចំណែកសហរដ្ឋអាមេរិកស្ថិតនៅលំដាប់ប្រទេសទី៨ ដែលរងការវាយប្រហារដោយមេរោគនេះ សរុបមាន ២៨៨៨០០០ឧបករណ៍ដែលរកគ្រោះ។ ហើយភាគច្រើននៃឧបករណ៍ដែលឆ្លងមេរោគគឺស្ថិតក្នុងប្រព័ន្ធ Android KitKat ឬ Jelly Bean ដែលសរុបទាំងពីរជំនាន់គឺមានដល់ ៩០% ចំណែក Lollipop, Ice Cream Sandwich និង Marshmallow គឺសរុបមាន ១០%៕