Samsung មុខរីកដូចគ្រាប់ជី ដោយត្រីមាសទី២ ២០១៦ នេះ រកប្រាក់ចំណេញបានខ្ពស់បំផុតនៅរយៈពេល ២ឆ្នាំចុងក្រោយ
ក្រុមហ៊ុន Samsung កន្លងទៅបានធ្វើការរំពឹងទុកអំពីរបាយការណ៍បឋម ប្រាក់ចំណូលរបស់ខ្លួនប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ ដោយរំពឹងថា នឹងមានចំណូលពីការលក់ស្មាតហ្វូនប្រមាណ ៤៣,៥ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណេញមានប្រមាណ ៧ពាន់លានដុល្លារអាមេរិក។ វាជាការរំពឹងទុកដែលមានស្ថានភាពល្អប្រសើរជាងលទ្ធផលហិរញ្ញវត្ថុកាលពីត្រីមាសមុន។
បើទោះបីជា ការរំពឹងនេះមិនត្រូវចំរបាយការណ៍ផ្លូវការប៉ុន្តែគេសង្កេតឃើញថា ក្រុមហ៊ុន Samsung នៅតែមានស្ថានភាពប្រាក់ចំណូល និងចំណេញល្អប្រសើរ។ ថ្ងៃនេះក្រុមហ៊ុនបានរាយការណ៍អំពីប្រាក់ចំណូលរបស់ខ្លួន ប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ គឺរកបាន ៤៣,០៦ពាន់លានដុល្លារ ហើយប្រាក់ចំណេញមានប្រមាណ ៥,៧៧ពាន់លានដុល្លារអាមេរិក។
ប្រាក់ចំណេញនៅរដូវកាលនេះគឺមានការកើនឡើងប្រហែល ១៧,៤% ប្រៀបធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ អាចនិយាយបានថា វាជាត្រីមាសដែលក្រុមហ៊ុន Samsung រកប្រាក់ចំណេញបានច្រើនខ្ពស់បំផុតនៅរយៈពេល ២ឆ្នាំចុងក្រោយ។ ក្រុមអ្នកវិភាគជឿថា ប្រាក់ចំណេញមួយផ្នែកធំរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សនេះ គឺបានពីការលក់ស្មាតហ្វូន Galaxy S7៕