​លេច​ចេញស្មាតហ្វូន Nokia ដំបូង​​ដើរ​ដោយ Android ​រូបរាង​ប្លែក​មិន​ធ្លាប់​មាន ម៉ូដែល Nokia P1​



ថ្មីៗនេះ មានលេចចេញរូបរាងទូរស័ព្ទ Nokia ថ្មីសន្លាងមិនធ្លាប់ឃើញពីមុន ដែរត្រូវគេអះអាងថា ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android។ គេសង្កេតឃើញនៅផ្នែកខាងមុខទូរស័ព្ទនេះ មានអមដោយឈ្មោះម៉ាក Nokia យ៉ាងច្បាស់តែម្ដង ហើយទូរស័ព្ទមានពីរពណ៌គឺផ្កាឈូកកាត់ទឹកក្រូចបន្តិច និងពណ៌ខៀវ។ គួររលឹកដែរថា ក្រុមហ៊ុន Nokia អាចរួចផុតពីការកាន់កាប់ពីក្រុមហ៊ុន Microsoft ក្នុងការប្រើប្រាស់ឈ្មោះម៉ាករបស់ខ្លួននៅលើទូរស័ព្ទស៊េរីក្រោយៗបន្ទាប់ពីរោងចក្រ Foxconn និងក្រុមហ៊ុន HMD បានចុះកិច្ចព្រមព្រៀងទិញយកអាជ្ញាប័ណ្ណ Nokia ពីដៃ Microsoft វិញ។ ដូច្នេះស្មាតហ្វូន Nokia ដើរដោយ Android ត្រូវអ្នកវិភាគអះអាងថា អាចនឹងមានវត្តមានក្នុងពេលឆាប់ៗ ដែរពុំជាប់ពាក់ព័ន្ធនឹងគម្រោងផលិតរបស់ Microsoft នោះឡើយ។ Nokia ដើរដោយ Android ខាងលើ ត្រូវគេអះអាងថា នឹងមានម៉ូដែល Nokia P1។ Nokia P1 ត្រូវគេរាយការណ៍ថា កំពុងអភិវឌ្ឍដោយក្រុមវិស្វករនៅក្នុងក្រុមហ៊ុនចំនួនពីរគឺ InFocus និងក្រុមហ៊ុន Sharp។ ហើយ Foxconn បានទិញយកក្រុមហ៊ុន Sharp រួចមកហើយកាលពីដើមឆ្នាំ២០១៦ នេះ ដូច្នេះអ្វីៗហាក់មានទំនាក់ទំនងគ្នាយ៉ាងសមហេតុផល។ អីចឹងហើយទើបឈ្មោះរបស់ទូរស័ព្ទ Nokia ថ្មីមានលក្ខណៈប្រហែលនឹងឈ្មោះ Sharp Aquos P1 ជំនាន់មុន។ ក្រុមហ៊ុន Nokia និង Foxconn បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដូច្នេះការប្រើម៉ាក Nokia គឺមានសិទ្ធិចាប់ពីពេលនេះ ហើយមិនស្ថិតក្រោមការកាន់កាប់ដោយ Microsoft ទៀតនោះទេ។ សូមបញ្ជាក់ថា វាមិនមែនទើបតែជាលើកទីមួយនោះទេ ដែល Foxconn មានជាប់ទាក់ទងនឹងការផលិតឧបករណ៍ចល័តដើរដោយ Android និងប្រើម៉ាក Nokia នោះ ជាក់ស្ដែងក្រុមហ៊ុនធ្លាប់ផលិតថេប្លេត Nokia N1 រួចមកហើយ។ យ៉ាងណាចំពោះលក្ខណៈសម្បត្តិលំអិតនៅលើ Nokia P1 មិនទាន់មានការអះអាងបញ្ជាក់នៅឡើយ។ សូមបញ្ជាក់ថា បើយោងតាមកិច្ចព្រមព្រៀងជាមួយ Microsoft ក្រុមហ៊ុន Nokia មិនអាចផលិតចេញទូរស័ព្ទស៊េរីថ្មី ដោយប្រើម៉ាក Nokia បានទេ គឺត្រូវរង់ចាំរហូតដល់ត្រីមាសទី៣ ឆ្នាំ២០១៦ នេះ ហើយពេលវេលានេះ ក៏វាកាន់តែកៀកជិតដល់ហើយដែរ៕
X
5s